(ភ្នំពេញ)៖ តារាចម្រៀងប្រុសលោក កា បញ្ញាសិទ្ធ បានបញ្ជាក់ថា នៅពេលនេះស្ថានភាពជំងឺកូវីដ-១៩ របស់លោក គឺមានភាពប្រសើរបន្តិចហើយ បន្ទាប់ពីបានទៅសម្រាកព្យាបាលនៅសណ្ឋារគារ Great Duke ដោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
តាមរយៈវីដេអូ Live នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១នេះ លោកបញ្ញា សិទ្ធ បានឲ្យដឹងថា សម្រាប់ថ្ងៃនេះគឺជាថ្ងៃទី២ហើយ ដែលលោកបានមកសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅសណ្ឋារគារ Great Duke ខណៈថ្ងៃទីមួយ គឺមានអាការៈធ្វើទុក្ខខ្លាំង ប៉ុន្តែថ្ងៃទី២ គឺមានភាពប្រសើរឡើងបន្តិចហើយ ពោលគឺរាងអស់កំលាំងនិងពិសារបាយមិនបាន។
បន្ថែមពីនេះ លោកបញ្ញា សិទ្ធ ក៏បានឲ្យដឹងថា ចំពោះការសម្រាកព្យាបាលជំងឺកូវីដ-១៩ គឺមានការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យតែម្តង ជាពិសេសគឺមិនមានការអស់ប្រាក់នោះទេ។
លោកនិយាយថា «សម្រាប់ការព្យាបាលនៅទីនេះ គឺការស្នាក់នៅ ការហូបចុក គឺអត់មានបង់លុយទេបាទ គឺអត់មានគិតលុយទេដោយសារ... គ្រូពេទ្យរបស់យើងគាត់មានការយកចិត្តទុកដាក់មែនទែន ចំពោះអ្នកជំងឺម្នាក់ៗ ទាំងបាយ ទាំងថ្នាំ ទាំងគ្រឿងភេសជ្ជៈ គឺអត់មានអស់លុយទេ»។
ក្រៅពីរៀបរាប់ស្ថានភាពរបស់ខ្លួន តាមរយៈវីដេអូនេះ លោកបញ្ញា សិទ្ធ បានបង្ហាញក្តីបារម្ភរបស់លោកថា លោកខ្លាចចំឡងជំងឺកូវីដ-១៩ នេះទៅម្តាយនិងឪពុករបស់លោក នៅឯផ្ទះ។ លោកនិយាយថា «អ្វីដែលខ្ញុំខ្លាចបំផុតនោះ គឺខ្ញុំខ្លាចឆ្លងដល់ម៉ាក់និងប៉ារបស់ខ្ញុំ ដែលគាត់នៅផ្ទះ ហើយគាត់អាយុច្រើនៗហើយ សូម្បីតែខ្ញុំនៅក្មេង ខ្ញុំទប់ទល់ជាមួយវាអត់ចង់ជាប់ផងបងប្អូន ដោយសារវាធ្វើទុក្ខខ្លាំង មេរោគហ្នឹងវាចូលដល់ក្នុងខ្លួនរបស់យើង វាវាយប្រហារអង់ទីគ័ររបស់យើង តែគ្រូពេទ្យឲ្យថ្នាំមកហូប ទាំងផ្លែឈើផង ដើម្បីវាយបំបាក់វា ប្រហែលអាចទៅតាមទឹកនោម ឬលាមកដែរយើងរាគហ្នឹង»។
នេះជាអាការៈរបស់តារាចម្រៀង លោកបញ្ញា សិទ្ធ ដែលកំពុងព្យាបាលជំងឺកូវីដ-១៩។ ជាមួយគ្នានេះ លោកបានបញ្ជាក់ថា លោកមិនចង់ឲ្យបងប្អូនខ្មែរឆ្លងជំងឺនេះ ឬក្លាយជាជនរងគ្រោះនៃជំងឺកូវីដ-១៩ ដូចរូបលោកឡើយ ដោយលោកបានអំពាវនាវឲ្យបងប្អូនខ្មែរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ មិនត្រូវប្រហែសនោះទេ សូម្បីតែមួយវិនាទី និងសូមរួមគោរព អនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។ លោកបានសំណូមពរឲ្យបងប្អូនខ្មែរចូលរួមកាត់បន្ថយការជួបជុំ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាលផងដែរ។
គួរជម្រាបថា តារាចម្រៀងប្រុសឯករាជ្យ លោកបញ្ញា សិទ្ធ ត្រូវបានធ្វើតេស្តរកឃើញថាមានជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ខណៈបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅសណ្ឋារគារ Great Duke៕