(ភ្នំពេញ)៖ ភាពជាអ្នកដឹកនាំ ការឆ្លុះបញ្ចាំងមួយដ៏លេចធ្លោក្នុងចំណោមនោះ គឺលទ្ធភាពពិសេសដែលអាចជំរុញ បំផុស បំប៉នអំណាចខាងក្នុង តាមរយៈជំនាញទន់។ មេដឹកនាំជាទូទៅរមែងជាបុរស ឬស្ត្រីដ៏មានមន្តស្នេហ៍ មិនចាំបាច់មានរូបសម្រស់ និងមានភាពវាងវៃមិនចាំបាច់បង្ហាញសញ្ញាប័ត្រ។ ពួកគេប្រើចរិតលក្ខណៈដ៏ពិសេស ក្នុងការ ប្រមូលផ្តុំកងទ័ពឡើងសមរភូមិដោយមិនខ្លាច អ្វីទាំងអស់ ។ នេះជាការលើកឡើងរបស់អ្នកនិពន្ធ ម៉ីសន សុធារី ម្ចាស់សៀវភៅ «ពេលវេលា»។

អ្នកនាង ម៉ី សនសុធារី បានថ្លែងប្រាប់ Fresh News Plus ថា «កុំគិតថា មេដឹកនាំត្រូវតែមានថានៈខ្ពស់ជាង! ជួនកាលអ្នកមាន ថានៈទាបជាងខ្លួនក្នុងរចនាសម្ព័នផ្លូវការ បានក្លាយជាអ្នកជុំរុញទឹកចិត្ត និងដឹកនាំគោលដៅធំៗដែលអាចឱ្យយើងជឿតាម ហើយទីបំផុតទៅយើងក៏ទទួលបានជោគជ័យ»

អ្នកនិពន្ធល្បីកំពុងមានឈ្មោះបោះសំឡេងរូបនេះ នឹងក្លាយជាមេដឹកនាំពិតប្រាកដម្នាក់ៗ សូមពិចារណាលើចំណុចទាំងនេះដែលពិតជាមានប្រយោជន៍ហួសស្មានក្នុងបទពិសោធន៍ការងារ ម្ភៃឆ្នាំរបស់អ្នកនាង៖

*ក្រមសីលធម៌វិជ្ជាជីវ៖ ការគោរពត្រូវការដាំដុះដោយការគោរព។ គោរពអតិថិជន មិត្តអ្នកអាន របស់យើង ឱ្យតម្លៃខ្ពស់លើទំនុកចិត្ត ការកុហក បន្លំជាថ្នាំពុល។

*សុបិនតែកុំរវើរវាយ៖ ភាពប្រាកដនិយមមានឥទ្ធិពលខ្លាំងណាស់ក្នុងការ ធ្វើឱ្យក្តីសុបិនរបស់យើងសម្រេចឬមិនដែលក្លាយជាការពិត។ កុំស្តាប់ទ្រឹស្តីហើយក្រពុលមុខបញ្ចាំស្រែចម្ការទៅធ្វើតាមគេ ។ ទ្រឹស្តីនានាបត់បែន តាមដំណើរនៃស្ថានភាពដែលយើងកំពុងជួប ។

*មិនសន្យាងាយ៖ យើងទាំងអស់គ្នាចង់ធ្វើបានការងារនិមួយៗឱ្យល្អប្រសើរនៅពេលបន្ទាប់ៗជានិច្ច! កុំស្តាប់សន្យាឬកុំពូកែត្រឹមតែសន្យា យើងធ្វើការជាមួយគ្នា ទទួលយក ភាពខុសគ្នា ពង្រឹងគុណតម្លៃ ប្រឹងអស់ពីលទ្ធភាព នោះហើយជាពាក្យសន្យាពិត។

*ទទួលខុសត្រូវ៖ ប្រជាធិបតេយ្យមិនត្រឹមតែអំពីសេរីភាពនៃការធ្វើនិងនិយាយទេ តែ ជាលទ្ធិនៃទំនួលខុសត្រូវ។ កុំយកភាពអនាធិបតយ្យមកបង្កើតប្រជាធិបតេយ្យ ព្រោះវាគ្រាន់តែជាល្បែងនយោបាយតែប៉ុណ្ណោះ។ ល្បែងនេះបើប្រលាក់ដៃបញ្ញវន្ត ក៏កខ្វក់ជាងភក់លើបាតជើងស្មូមយាចកទៅទៀត។

*និយាយមិនបង្វែង៖ និយាយឱ្យបានដំណោះស្រាយ កុំនិយាយព្រោះតែល្អស្តាប់។ កុំនិយាយព្រោះត្រូវនិយាយ តែនិយាយព្រោះវាអាចជួយឱ្យអ្វីមួយប្រសើរឡើង។

*មានតុល្យភាព៖ ជីវិតល្អ ត្រូវមានច្រកចេញ ផែនការល្អមួយ ត្រូវមានជម្រើសសាគួរ មនុស្ស ល្អម្នាក់ ត្រូវការ ស្តាប់គំនិតច្រើន។

*សុទិដ្ឋិនិយម៖ មានតែសុទិដ្ឋិនិយមប៉ុណ្ណោះ អាចជួយយើងឱ្យក្លាយជាមេដឹកនាំម្នាក់បាន។ ចំណុចប៉ុន្មានខាងលើ នឹងរលាយខ្សុលបាន ប្រសិនអ្នកមានទាំងអស់ ប៉ុន្តែជាមនុស្ស អគតិ។ រក្សាសុខភាព ផ្លូវចិត្ត ព្រោះនេះជាសក្តានុពលកំពូល នៃជីវិតមនុស្សយើងម្នាក់ៗ។

សូមបញ្ជាក់ថា អ្នកនិពន្ធ ម៉ីសន សុធារី ជាម្ចាស់សៀវភៅ «ពេលវេលា» «ការឈឺចាប់» ប្រលោមលោក «ស្ទូឌីយោលេខ៧» «អាគមបរព្រៃ» ល្ខោនវិទ្យុ «ស្នាមសាក់រូបខ្លា» រឿង «កំណាត់ផ្លូវចុងក្រោយ» ភាពយន្ត «ស្រទន់មន្តស្នេហ៍» «ថ្ងៃមុនស្អប់ថ្ងៃនេះស្រឡាញ់» ក៏ជាអ្នកនិពន្ធ និងជាអ្នកសារព័ត៌មានស្ត្រីដ៏លេចធ្លោម្នាក់ ហើយបច្ចុប្បន្នក៏ជាអ្នកនិពន្ធឯករាជ្យមួយរូបនៅកម្ពុជាផងដែរ៕