(ភ្នំពេញ)៖ ដូចដែលយើងបានជ្រាបរួចមកហើយថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភ: មានករណីវិជ្ជមាន និងអ្នកពាក់ព័ន្ធច្រើនទៅនឹងព្រឹត្តិការណ៍នេះ ទាំងនៅរាជធានី ភ្នំពេញ និងតាមបណ្ដាលខេត្តនានា។

ជាមួយគ្នានោះ ក៏សង្កេតឃើញថា មានបណ្ដាលក្រុមហ៊ុនឯកជន និងសប្បុរសជន មួយចំនួនបានរួមគ្នាឧបត្ថម្ភ ជូនដល់រាជរដ្ឋាភិបាល ក្នុងការចាត់ចែងទៅលើការចំណាយផ្សេងៗ និងការទិញនូវវ៉ាក់សាំងផងដែរ។

ក្នុងនោះ អគ្គនាយិកា ក្រុមហ៊ុន សម្រស់ធម្មជាតិ លោកស្រី ស៊ុន្ទរី នួន (ហៅស្រីអូន) និងក្រុមគ្រួសារ ក៏បានចូលរួមចំណែក ក្នុងការជួយឧបត្ថម្ភ គ្រឿងបរិភោគ ដល់អ្នកកំពុងធ្វើចត្តាឡីស័កតាមបណ្តាមួយចំនួនផងដែរ រួមមាន៖ មី ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកផ្លែឈើ និងអង្ករជាច្រើន។

លោកស្រី ស៊ុន្ទរី នួន (ហៅស្រីអូន) បានបង្ហោះសារអមមកជាមួយថា៖ «អំណោយសម្រាប់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក នៅខេត្តកណ្ដាល តាកែវ កំពត ព្រៃវែង កំពង់ស្ពឺ ត្បូងឃ្មុំ ហើយក្រុមការងារ បានជូនអំណោយដល់អាជ្ញាធរ ខេត្តត្បូងឃ្មុំ និង កំពង់ស្ពឺ រួចហើយកំពុងបន្ដការងារទៅខេត្តផ្សេងៗទៀត អំណោយដល់ភ្លាម គឺបងប្អូនដែលកំពុងធ្វេីចត្តាឡីស័ក មកយកផ្ទាល់ដៃតែម្ដងនេះជាការរួមចំណែករបស់នាងខ្ញុំ និង ក្រុមការងារដេីម្បីសម្រាលបន្ទុករាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាកូវីត១៩។ សូមជូនពរឲ្យកម្ពុជារួចផុតពីគ្រោះកូវីត១៩ ឆាប់ៗ»

គួររម្លឹកផងដែរថា នេះជាការរួមចំណែកមួយទៀតទៅលើបញ្ហាកូវីត១៩ របស់លោកស្រី នួន ស៊ុន្ទរី (ហៅស្រីអូន) និងក្រុមគ្រួសារ បន្ទាប់ពីការបរិច្ចាគ ជាមួយនឹងទឹកប្រាក់ ១៥ម៉ឺនដុល្លារ ជូនដល់រាជរដ្ឋាភិបាល ក្នុងការទិញវ៉ាក់សាំងកូវីត១៩ កាលពីពេលថ្មីនេះ៕