(ក្រុងឡុងដ៍)៖ ២ក្រុមរបស់អង់គ្លេសរួមមាន Arsenal និង Manchester United បានឆ្លងចូលវគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់អឺរ៉ុប UEFA Europa League ហាលអាវតែមាន់ខ្នាយមាស Tottenham Hotspur ដែលត្រូវបាន Dinamo Zagreb វាយបកឈ្នះ ៣-០ ក្នុងជើងទី២ នៃវគ្គ ១៦ក្រុមចុងក្រោយ។

កាំភ្លើងធំ Arsenal បានរងបរាជ័យ ១-០ នៅទឹកដី Emirates សម្រាប់ជើងទី២ ក្រោមថ្វីជើងរបស់ Olympiakos តែពួកគេបានយកឈ្នះ ៣-១ កាលពីជើងទី១ នៅទឹកដីនៃប្រទេសក្រិក ដែលធ្វើឲ្យពួកគេមានសិទ្ធិឡើងទៅវគ្គ ១/៤ បន្តទៀតជាមួយ Man Utd ដែលបានយកឈ្នះម្ចាស់ផ្ទះ AC Milan ១-០ ក្នុងជើងទី២ នៅទឹកដី San Siro នៅពេលពួកគេបានបញ្ចប់ក្នុងលទ្ធផល ១-១ កាលពីជើងទី១ នៅទឹកដី Old Trafford។

កីឡាករខ្សែបម្រើ Paul Pogba ជាអ្នករកបានគ្រាប់ជ័យជម្នះ ក្រោយប្តរចូលបានតែ ៣នាទីប៉ុណ្ណោះក្នុងវគ្គទី២ ក្រោយពេលរូបគេបានជាសះស្បើយពីរបួសភ្លៅ និងបង្ហាញខ្លួនលើកទី១ ផងដែរក្នុងយុទ្ធនាការ UEFA Europa League ក្នុងចំណោម ៦ប្រកួតនារដូវកាលនេះ។

ចំណែកឯក្រុម Tottenham Hotspur របស់លោក Jose Mourinho វិញ បានបរាជ័យ ៣-០ ក្នុងនាទីបន្ថែម ១៥នាទី២ដងពីការវាយបករបស់ Olympiakos ក្នុងជើងទី២ នារាត្រីថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១ បើទោះបីជាពួកគេបានយកឈ្នះ ២-០ កាលពីជើងទី១ នៅទីក្រុង London ក៏ដោយ៕