(អាមេរិក)៖ កម្មវិធី WhatsApp បានប្រកាសនូវដំណឹងថ្មី ដែលជាដំណឹងអាក្រក់សម្រាប់អ្នកប្រើប្រាស់ iPhone ជាមួយនឹងប្រព័ន្ធដំណើរការ iOS 9 ព្រោះអីចាប់ពីពេលនេះតទៅ WhatsApp នឹងបិទលែងឱ្យដំណើរការជាមួយនឹង iOS 9 ទៀតហើយ។ នេះបើយោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។

WhatsApp បានឱ្យដឹងថា បច្ចុប្បន្ន iPhone 4S គឺនៅប្រើប្រាស់ប្រព័ន្ធដំណើរការ iOS 9 ដូច្នេះ ចាប់ពីពេលនេះតទៅ WhatsApp បានបិទដំណើរការជាមួយនឹង iOS ជំនាន់នេះទៀតហើយ ព្រោះតែវាចាស់ខ្លាំងពេក ដូច្នេះសម្រាប់អ្នកប្រើ iOS ដែលអាចធ្វើការ Update ទៅជំនាន់ថ្មីបាន គួរតែ Update ទៅ បើមិនដូច្នេះទេគឺមិនអាចប្រើ WhatsApp បានឡើយ។

iOS 9 ត្រូវបានដាក់ចេញជាផ្លូវការនៅឆ្នាំ ២០១៥ ជាមួយនឹង iPhone 6S ប៉ុន្តែ iPhone 6S បច្ចុប្បន្នគឺអាច Update ទៅប្រើ iOS 14 ខណៈដែល iPhone 4S ត្រូវបានឈប់ឱ្យប្រើប្រាស់តាំងពីឆ្នាំ ២០១៤ ហើយក៏មិនអាច Update ទៅប្រើ iOS ខ្ពស់បានទៀតផងដែរ។

កម្មវិធី WhatsApp បានបង្ហើបឱ្យដឹងថា មូលហេតុដែលមិនអាចប្រើនៅលើ iOS 9 បានទៀត ក៏ព្រោះតែវាជា iOS ចាស់ ហើយអ្វីដែល សំខាន់ គឺពាក់ព័ន្ធនឹងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដូច្នេះ WhatsApp មិនចង់ឱ្យមានហានិភ័យដល់អ្នកប្រើឡើយ។

គួរបញ្ជាក់ផងដែរថា WhatsApp បានប្រកាសកាលពីដើមឆ្នាំនេះថា សម្រាប់ទូរស័ព្ទម៉ូដែលចាស់ ឬទូរស័ព្ទដែលប្រើប្រាស់នូវប្រព័ន្ធដំណើរទាប នឹងលែងអាចប្រើនូវកម្មវិធី WhatsApp បានទៀតហើយ៕