(តូក្យូ)៖ គណៈកម្មការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិក (Tokyo Olympic Games 2020) ក្នុងនោះរួមទាំងមន្ត្រីរដ្ឋាភិបាលក្នុងតំបន់ និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) គ្រោងនឹងធ្វើកិច្ចប្រជុំមួយនៅថ្ងៃសៅរ៍ស្អែកនេះ ហើយនឹងពិភាក្សាគ្នាឡើងវិញថាតើ ត្រូវអនុញ្ញាតឲ្យអ្នកទស្សនាមកពីក្រៅប្រទេស ចូលរួមទស្សនាឬយ៉ាងណា? នេះបើយោងតាមសារព័ត៌មាន Kyodo ចេញផ្សាយនាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ។

កិច្ចប្រជុំនេះនឹងធ្វើឡើងដោយមានការចូលរួមពីភាគីពាក់ព័ន្ធសំខាន់ៗចំនួន៥ ក្នុងព្រឹត្តិការណ៍ Tokyo 2020 ក្នុងនោះរួមាន អ្នករៀបចំព្រឹត្តិការណ៍ Tokyo គណៈកម្មាធិការអូឡាំពិកអន្តរជាតិ គណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ រដ្ឋាភិបាលក្រុងតូក្យូ និងរដ្ឋាភិបាលរបស់ជប៉ុន។

គួររំលឹកថា សាធារណជនជប៉ុនបានបង្ហាញការគាំទ្រ មិនឲ្យមានអ្នកទស្សនាមកពីក្រៅប្រទេសចូលរួមទស្សនាក្នុងព្រឹត្តិការណ៍ Tokyo 2020 នេះទេ ដោយបារម្ភពីការរីករាលដាលនៃជំងឺ COVID-19 នាពេលថ្មីៗនេះ។

ព្រឹត្តិការណ៍ Tokyo 2020 ត្រូវបានពន្យារពេលដោយសារការរីករាលដាលនៃជំងឺ COVID-19 ហើយគ្រោងនឹងរៀបចំឡើងវិញចាប់ពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១៕