(ភ្នំពេញ)៖ ខ្សែបម្រើកូនកាត់ខ្មែរ-ហ្គាណា ឡេង ណូរ៉ា សមាជិកក្លិបបាល់ទាត់ខេត្តព្រៃវែង បានបង្ហាញនូវមោទនភាព និងសប្បាយរីករាយជាខ្លាំង បន្ទាប់ពីខ្លួនបានសម្រេចក្ដីស្រមៃលេងក្របខណ្ឌលីគកំពូលកម្ពុជាត្រឹមវ័យ ១៧ឆ្នាំ ពោលគឺលឿនជាងគោលដៅដែលខ្លួនបានដាក់៣ ទៅ៤ឆ្នាំឯណោះ។

ឡេង ណូរ៉ា បាននិយាយថា «ខ្ញុំពិតជាសប្បាយចិត្តដែលមានឱកាសបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជា ហើយក៏ជាបទពិសោធថ្មីមួយទៀតសម្រាប់អាជីពរបស់ខ្ញុំ។ ខ្ញុំក៏នឹកស្មានអត់ដល់ដែរ ព្រោះខ្ញុំធ្លាប់បានដាក់គោលដៅខ្លួនឯង៣ ទៅ៤ឆ្នាំទៀត តែឥឡូវខ្ញុំមានឱកាសបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជា ខ្ញុំពិតជាសប្បាយចិត្ត»

បន្ទាប់ពីសម្រេចក្ដីស្រមៃលេងលីគកំពូលកម្ពុជា កីឡាករមានម្ដាយជាខ្មែរ និងឪពុកជាជនជាតិហ្គាណានេះ បានប្ដេជ្ញាចិត្តនឹងខិតខំប្រឹងកាន់តែខ្លាំងថែមទៀត ដើម្បីប្រជែងកៅអី ១១នាក់ដំបូង និងជួយក្រុម ដ្បិតការការប្រកួតលីគ មានការប្រកួតប្រជែងខ្លាំង ជាមួយក្លិបធំៗ។ ម្យ៉ាងក៏ដើម្បីមានឱកាសជាប់ជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជាផងដែរ។

ខ្សែបម្រើវ័យក្មេងរូបនេះបន្ដថា «តទៅមុខទៀតនេះ ខ្ញុំនឹងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីមានឱកាសលេងក្នុងជម្រើស ១១នាក់ ហើយបង្ហាញខ្លួនក្នុងលីគកំពូលកម្ពុជាឲ្យបានច្រើន ដើម្បីមានឱកាសចូលរួមជាមួយក្រុមជម្រើសជាតិ U-19 កម្ពុជា។ ចំពោះផលលំបាកនៃក្រុម ក៏មានច្រើនដែរ ព្រោះក្រុមខ្ញុំ ទើបឡើងមកពីលីគទី២ ចឹងយើងត្រូវការផ្លាស់ប្ដូរ ដូចជាទម្រង់លេង ការហ្វឹកហាត់ខ្លាំងជាងមុន ហើយត្រូវប្រឈរមុខជាមួយក្រុមខ្លាំងៗ ដែលសម្បូរដោយធនធានកីឡាករល្អ និងកីឡាករបរទេសជាច្រើន»

គួរបញ្ជាក់ថា ឡេង ណូរ៉ា បានផ្ដើមអាជីពដំបូងជាមួយក្រុមយុវជន U15 វិសាខា ហើយគេបានរួមចំណែកជួយក្រុមឈ្នះពានយុវជនជាច្រើន មុនផ្ទេរមកចូលរួមជាមួយក្លិបបាល់ទាត់ខេត្តព្រៃវែង ដែលជាក្រុមចំណូលថ្មីនៃលីគកំពូលកម្ពុជា ខណៈប្រកួតបើករដូវកាលថ្មីកាលពីពេលកន្លងទៅ ណូរ៉ា ក៏បានបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូង ហើយបានជួយក្រុមប្រកួតស្មើក្រុមភ្ញៀវអង្គរថាយហ្គឺរ ១-១។ លើសពីនេះ ណូរ៉ា ត្រូវបានជ្រើសរើសជាកីឡាករល្អជាងគេ Man Of The Match ប្រចាំការប្រកួតនេះទៀតផង៕