(ភ្នំពេញ)៖ កីឡាករខ្មែរ-អាមេរិក Johnny Phan នឹងមកចូលរួមជាមួយក្រុមជម្រើសជាតិកីឡាទោចក្រយានកម្ពុជា ដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាចុងឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់សហព័ន្ធកីឡាទោចក្រយានកម្ពុជា នៅថ្ងៃទី១៩ ខែមីនា។

សហព័ន្ធបានបញ្ជាក់ថា Johnny Phan គឺមានឪពុកម្ដាយជាជនជាតខ្មែរ អ្នកខេត្តបាត់ដំបង ហើយជាកីឡាករជំនាញប្រភេទកង់គួក (Road Bike) ដែលមានបទពិសោធក្នុងការប្រកួតជាង ១០ឆ្នាំមកហើយ។

អ្វីដែលពិសេស គឺរយៈពេល ៧ឆ្នាំចុងក្រោយ Johnny គឺជាប្រធានក្រុម និងជាអ្នកគ្រប់គ្រងក្រុមមួយឈ្មោះ Cutaway One South ដែលជាក្រុមអាជីពកម្រិតខ្ពស់ (Elite level Cycling Team) នៅសហរដ្ឋអាមេរិកទៀតផង។

ជាមួយការត្រៀមចូលរួមប្រកួតលើឆាកអន្ដរជាតិ តំណាងឲ្យប្រទេសកំណើតរបស់ឪពុកម្ដាយលើកដំបូងនេះ Johnny នឹងប្រកួត ២វិញ្ញាសា រួមមានមានវិញ្ញាសា Criterium និងវិញ្ញាសា Individual Mass start ជាមួយក្រុមកីឡាករជម្រើសជាតិកម្ពុជា នៅក្នុងការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម ដែលគ្រោងប្រកួតចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ៕