(ពិភពលោក)៖ ការកំណត់ដែនសមុទ្រមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឲ្យប្រទេសដែលមានព្រំដែនសមុទ្រជាប់គ្នានោះគោរពគ្នាទៅវិញទៅមក ចៀសវាងធ្វើសកម្មភាពណាមួយបំពារបំពានគ្នា។ នៅសម័យទំនើប ការកំណត់ដែនសមុទ្រ ត្រូវបានអនុលោមតាមអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS) ប៉ុន្តែនៅសម័យបុរាណវិញ ការកំណត់ដែនសមុទ្រមិនងាយស្រួលនោះទេ។ តើការកំណត់ដែនសមុទ្រនៅសម័យបុរាណ និងសម័យទំនើប មានលក្ខណៈបែបណា?

ចង់ជ្រាបច្បាស់ សូមអានអត្ថបទចំណេះដឹងទូទៅរបស់ Fresh News Plus ខាងក្រោមនេះ៖

១៖ ការកំណត់ព្រំដែនសមុទ្រសម័យបុរាណ
ការកំណត់ព្រំដែនសមុទ្រសម័យបុរាណ ដែលលើកយកមកបង្ហាញនេះ សំដៅលើការកំណត់ព្រំដែនសមុទ្រ ដែលមានមុនពេលការបង្កើតឲ្យមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ។ កាលពីបុរាណ យើងក៏សង្កេតឃើញមានក្រមសមុទ្រមួយចំនួនដូចជា ច្បាប់សមុទ្ររ៉ូឌាន (Rhodian Sea Law), វិធានអូឡឺរ៉ន (Rules of Oleron), ច្បាប់ខនសូឡាតូឌែលម៉ារ៉េ (Consolato del Mare) និងខ្លះទៀត អនុវត្តទៅតាមទំនៀមទម្លាប់នៃការអនុវត្តជាអន្តរជាតិ។ ទោះបីជាមានច្បាប់ទាំងនេះក៏ពិតមែន ប៉ុន្តែយើងមិនដឹងថាការកំណត់ព្រំដែនសមុទ្រ ដោយយោងតាមច្បាប់ទាំងនេះ មានលក្ខណៈបែបណានោះទេ។

អាស្រ័យហេតុនេះ យើងលើកយកតែការកំណត់ព្រំដែនសមុទ្រមួយចំនួន ដែលមានលក្ខណៈច្បាស់លាស់ មកបង្ហាញតែប៉ុណ្ណោះ ដែលការកំណត់ទាំងនោះមានដូចជា សន្ធិសញ្ញាថ័រដេស៉ីឡា របៀបកំណត់ដែនសមុទ្រតាមរយៈការបាញ់ចេញពីកាំភ្លើងផ្លោង សន្និសីទបង្កើតនីតិអន្តរជាតិឆ្នាំ១៩៣០ និងសេចក្តីប្រកាស ហារីទ្រូម៉ាន់ ឆ្នាំ១៩៤៥។

* សន្ធិសញ្ញាថ័រដេស៉ីឡា (Treaty of Tordesillas)
នៅមុនដំណាច់សតវត្សទី១៥ បណ្តាប្រទេសនៅអឺរ៉ុបបានចាប់ផ្តើមបញ្ជូនអ្នកស្រាវជ្រាវរបស់ពួកគេ ឲ្យសិក្សាស្រាវជ្រាវធ្វើផែនទីពិភពលោក ក៏ដូចជាផែនទីនៃផ្លូវនាវាចរណ៍ទៅកាន់ទ្វីបអាហ្វ្រិក ប្រទេសចិន និងប្រទេសឥណ្ឌា ដែលពេលនោះការគ្រប់គ្រងទៅលើការធ្វើនាវាចរណ៍នៅលើដែនសមុទ្រ ពុំទាន់មាននៅឡើយទេ។ ប្រទេសពីរ ដែលនាំមុខគេក្នុងការដើរសមុទ្រ គឺព្រះរាជាណាចក្រអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់ ដែលប្រទេសទាំងពីរនេះ បានធ្វើដំណើរទៅដល់ឆ្នេរសមុទ្រអាហ្វ្រិក ហើយថែមទាំងអាចធ្វើពាណិជ្ជកម្មរហូតដល់ប្រទេសឥណ្ឌាផងដែរ។

នៅពេលនោះដែរ ព្រះរាជា ប៉ាប ស៉ីកទឹស ទី៤ (Pope Sixtus IV) បានអះអាងថា ប្រទេសអេស្ប៉ាញជាប្រទេសដែលគ្រប់គ្រងទៅលើកោះកាណារី (Canary Islands) និងតំបន់នៅក្បែរកោះនោះ។ ប្រទេសអេស្ប៉ាញ ក៏បានបញ្ជូនអ្នកស្រាវជ្រាវរបស់ខ្លួន គឺលោក គ្រីស្តុប កូឡុមស៍ (Christopher Columbus) ទៅកាន់តំបន់ខាងត្បូងនៃកោះកាណារី។

លោក Christopher Columbus បានរកឃើញឥណ្ឌាខាងលិច នៅឆ្នាំ១៩៤២ ដែលគេហៅតំបន់នេះថា «ពិភពថ្មី (The New World)»។ បន្ទាប់ពីលោក Columbus រកឃើញតំបន់ពិភពថ្មីនេះហើយ ទំនាស់ក៏កើតមានឡើងនៅលើតំបន់នេះ ព្រោះថាតំបន់នេះជាតំបន់ដែលមានអត្ថប្រយោជន៍ ហើយក៏ជាផ្លូវទឹក សម្រាប់ធ្វើពាណិជ្ជកម្មទៅកាន់អាហ្វ្រិក ប្រទេសឥណ្ឌា និងប្រទេសចិន ដែលជាហេតុធ្វើឲ្យប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់ដណ្តើមគ្នា។ ការស្វែងរកនូវដែនដីថ្មី ប្រៀបបាននឹងការរកឃើញទ្រព្យសម្បត្តិ ដ៏មានសក្តានុភាពអស្ចារ្យបំផុតសម្រាប់បណ្តាប្រជាជាតិអឺរ៉ុប។ ដូច្នេះហើយ ការដណ្តើមតំបន់ពិភពថ្មី បានក្លាយទៅជារឿងដ៏សំខាន់។

នៅសម័យនោះ សម្តេច ប៉ាប ជាជនដែលមានឥទ្ធិពលជាងគេនៅបណ្តាប្រទេសអឺរ៉ុប បានធ្វើជាអាជ្ញាកណ្តាល ក្នុងការដោះស្រាយវិវាទរវាងប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់ ដោយសម្តេចបានបង្កើតឲ្យមានសន្ធិសញ្ញាថ័រដេស៉ីឡា។ សន្ធិសញ្ញាថ័រដេស៉ីឡា ត្រូវបានព្រមព្រៀងដោយប្រទេសអេស្ប៉ាញ និងប្រទេសព័រទុយហ្គាល់ ដែលជាមហាអំណាចនៅអឺរ៉ុបនាសម័យនោះ និងអនុម័តនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ១៤៩៤ ដើម្បីធ្វើការកំណត់ និងគូសខ្សែបន្ទាត់ព្រំដែន។
ខ្សែបន្ទាត់នេះកំណត់ដោយសម្តេច ប៉ាប អេឡិច ហ្សិនដ័រទី៦ មានចម្ងាយ ៣៧០ លីគ (leagues ជារង្វាស់ប្រវែង ពួកអឺរ៉ុបប្រើសម័យមុន, ដែល ១ leagues ប្រហែលជា ៣ម៉ាយល៍ ឬ៤០០០ម៉ែត្រ) គិតចាប់ពីតំបន់ប្រជុំកោះ ខេបវែដ (Cape Verde Islands)។ ខ្សែបន្ទាត់ត្រូវបានគូសនៅចំកណ្តាលមហាសមុទ្រអាត្លង់ទិក។ តំបន់ ដែលស្ថិតនៅខាងលិចខ្សែបន្ទាត់ ស្ថិតនៅក្រោមការត្រួតត្រារបស់ប្រទេសព័រទុយហ្គាល់។ សម្តេច ប៉ាប អេឡិច ហ្សិនដ័រទី៦ ធ្វើការសម្រេចបែបនេះ ដោយសារតែមានបំណងមិនចង់ឲ្យប្រទេសទាំងពីរវាយច្បាំងគ្នា ព្រោះប្រទេសទាំងពីរ កាន់សាសនាកាតូលិកដូចគ្នា។

* ការកំណត់ដែនសមុទ្រតាមរយៈការបាញ់ចេញពីកាំភ្លើងផ្លោង
ការកំណត់ដែនសមុទ្រតាមរយៈការបាញ់ចេញពីកាណុងកាំភ្លើងផ្លោង គឺជាការកំណត់ដែនសមុទ្រនៅក្នុងតំបន់សមុទ្រដែនដី ហើយត្រូវបានគេប្រើប្រាស់ចាប់តាំងពីឆ្នាំ១៧៤៥។ ការប្រើប្រាស់កាំភ្លើងផ្លោងធ្វើជារង្វាស់សម្រាប់កំណត់ដែនសមុទ្រនេះ បានក្លាយទៅជារូបមន្ត ដែលត្រូវបានគេទទួលយកជាសាកល និងត្រូវបានអភិវឌ្ឍទៅជាដែនកំណត់ចម្ងាយ ៣ម៉ាយល៍។ ប៉ុន្តែក្រោយៗមកក៏មានប្រទេសខ្លះ ទាមទារសមុទ្រដែនដីចម្ងាយ ៤ម៉ាយល៍ ហើយប្រទេសខ្លះទៀតទាមទារចម្ងាយ ៦ម៉ាយល៍។

នៅឆ្នាំ១៩៥១ ការដឹកជញ្ជូនតាមនាវា ពាណិជ្ជកម្មពិភពលោកចំនួន៨០% បានចុះបញ្ជីនៅប្រទេសដែលគោរពដែនកំណត់ ៣ម៉ាយល៍ ហើយ១០% ចុះបញ្ជីនៅប្រទេសគោរពដែនកំណត់ ៤ម៉ាយល៍។ នៅពេលដែលសហគមន៍អន្តរជាតិទទួលស្គាល់ថា រដ្ឋជាប់ឆ្នេរមានសិទ្ធិទៅលើតំបន់សមុទ្រដែនដីដែលមានចម្ងាយ ៣ម៉ាយល៍ ឬ ៤ម៉ាយល៍ ពេលនោះបញ្ហានានាដែលទាក់ទងនឹងសមុទ្រពុំមែនជាបញ្ហាចោទទៀតទេ។

* សន្និសីទបង្កើតនីតិអន្តរជាតិឆ្នាំ១៩៣០
សន្និសីទបង្កើតនីតិអន្តរជាតិ (Conference for the Codification of International Law) បានធ្វើឡើងនៅទីក្រុងឡាអេ (The Hague) ប្រទេសណែតដឺឡែនដ៍ ក្នុងឆ្នាំ១៩៣០។ នៅក្នុងសន្និសីទនេះបានពិភាក្សានូវបញ្ហាជាច្រើន ដែលក្នុងចំណោមបញ្ហាទាំងនោះក៏មានទាក់ទងទៅនឹងនីតិសមុទ្រដែរ។

ការពិភាក្សាទាក់ទងទៅនឹងនីតិសមុទ្រ មានដូចជា សម្រេចកំណត់សមុទ្រដែនដីមានចម្ងាយ ៣ម៉ាយល៍ ការទាមទាររបស់រដ្ឋមួយចំនួនលើការពង្រីកសមុទ្រដែនដី ការយល់ព្រមទទួលយកគោលការណ៍ ដែលអាចប្រើប្រាស់យុត្តាធិការលើកិច្ចការគយ សុខាភិបាល និងសន្តិសុខនៅក្នុងតំបន់តភ្ជាប់ សំណើឲ្យមានតំបន់នេសាទផ្តាច់មុខ ទំហំធំ និងគោលគំនិត អំពីមរតករួម។ ការពិភាក្សាគ្នានៅក្នុងសន្និសី ទមិនអាចដោះស្រាយបញ្ហាបានទាំងអស់នោះទេ ប៉ុន្តែបានកំណត់អត្តសញ្ញាណ និងនិយមន័យខ្លះៗដែរ។

* សេចក្តីប្រកាស ហារី ទ្រូម៉ាន់ (Harry Truman) ឆ្នាំ១៩៤៥
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ១៩៤៥ លោក Harry Truman ប្រធានាធិបតីអាមេរិកទី៣៣ បានចេញសេចក្តីប្រកាសចំនួនពីរ។ សេចក្តីប្រកាសទីមួយ ទាក់ទងនឹងធនធានក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ (Continental Shelf) និងសេចក្តីប្រកាសទីពីរ ស្តីពីការនេសាទនៅតំបន់លំហសមុទ្រ (High Sea)។

ក្នុងសេចក្តីប្រកាសទីមួយ សហរដ្ឋអាមេរិកទាមទារធនធានរ៉ែនៅតំបន់ខ្ពង់រាបបាតសមុទ្រ និងដីក្រោមខ្ពង់រាបបាតសមុទ្រលើសពី ៣ម៉ាយល៍។ ក្នុងសេចក្តីប្រកាសនេះ ក៏បានអះអាងពីយុត្តាធិការរបស់សហរដ្ឋអាមេរិក លើធនធាននៅខ្ពង់រាបបាតសមុទ្រ និងដីក្រោមខ្ពង់រាបបាតសមុទ្រផងដែរ។ រីឯក្នុងសេចក្តីប្រកាសទីពីរវិញ សហរដ្ឋអាមេរិកបានដាក់បញ្ញត្តិលើការនេសាទនៅតំបន់លំហសមុទ្រ (High Sea) ដែលបន្តចេញពីឆ្នេររបស់ខ្លួន ប៉ុន្តែមិនដាក់បញ្ញត្តិទៅលើការធ្វើនាវាចរណ៍នៅតំបន់នោះទេ។

២៖ ការកំណត់ព្រំដែនសមុទ្រសម័យបច្ចុប្បន្ន
ការកំណត់ព្រំដែនសមុទ្រសម័យបច្ចុប្បន្ន ដែលលើកយកមកបកស្រាយនៅត្រង់ចំណុចនេះ សំដៅទៅលើការកំណត់ព្រំដែនសមុទ្រ ដោយអនុលោមទៅតាមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ ត្រូវបានអនុម័តនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ នៅទីក្រុងម៉ុងតេហ្គោ បាយ (Montégo Bay) ប្រទេសហ្សាម៉ាអ៉ីក (Jamaica)។

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ បានកំណត់ដែនសមុទ្រដូចតទៅ៖

* បន្ទាត់មូលដ្ឋាន (Baselines)
ជាគោលការណ៍ដើម្បីកំណត់ដែនសមុទ្រ ចាំបាច់ណាត្រូវតែគូសបន្ទាត់មូលដ្ឋាន។ បន្ទាត់មូលដ្ឋាន គឺជាខ្សែបន្ទាត់ទឹកនាចតាមបណ្តោយឆ្នេរ ដែលគេបង្កើតឡើងសម្រាប់វាស់តំបន់សមុទ្រ។

បន្ទាត់មូលដ្ឋានបានបែងចែកជា ២ប្រភេទ គឺបន្ទាត់មូលដ្ឋានធម្មតា និងបន្ទាត់មូលដ្ឋានត្រង់។ បន្ទាត់មូលដ្ឋានធម្មតា ជាបន្ទាត់ខ្សែទឹកនាចតាមបណ្តោយឆ្នេរ ដោយមានបញ្ជាក់នៅក្នុងផែនទីមាត្រដ្ឋានខ្នាតធំ ហើយទទួលស្គាល់ជាផ្លូវការដោយរដ្ឋជាប់ឆ្នេរ។ ចំណែកឯបន្ទាត់មូលដ្ឋានត្រង់វិញ គឺសំដៅទៅលើបន្ទាត់ដែលប្រើនៅពេលដែលឆ្នេរសមុទ្ររបស់រដ្ឋណាមួយ មានលក្ខណៈមិនត្រង់ស្មើ។ បន្ទាត់នេះត្រូវបានប្រើដើម្បីគូសភ្ជាប់ចំណុចនៅត្រង់មាត់ឆ្នេរ ឆ្នេរផតជ្រៅ កោះ រដ្ឋប្រជុំកោះ ដីដុះ ថ្មប៉ប្រះទឹក និងសមុទ្រ ព្រមទាំងឆកប្រវត្តិសាស្រ្តជាដើម។

* ដែនទឹកផ្ទៃក្នុង (Internal Waters)
ដែនទឹកផ្ទៃក្នុង ត្រូវគេបង្កើតឡើងសម្រាប់បង្កើតបន្ទាត់មូលដ្ឋាន។ បើសិនជាគ្មានដែនទឹកផ្ទៃក្នុងទេ គឺមិនអាចបង្កើតបន្ទាត់មូលដ្ឋានបានឡើយ។ ដែនទឹកផ្ទៃក្នុង គឺជាតំបន់សមុទ្រដែលស្ថិតនៅផ្នែកខាងឆ្នេរសមុទ្ររបស់រដ្ឋ ហើយត្រូវរាប់បញ្ចូល ដូចជា កំពង់ផែ ឆក ពាម ដៃសមុទ្រ។ល។ រដ្ឋជាប់ឆ្នេរមានសិទ្ធិ និងអធិបតេយ្យភាពពេញលេញក្នុងការគ្រប់គ្រងតំបន់នេះ។ នាវាបរទេសត្រូវសុំការអនុញ្ញាតពីរដ្ឋជាប់ឆ្នេរ មុននឹងឆ្លងកាត់តំបន់ដែនទឹកផ្ទៃក្នុង។

លើសពីនេះទៅទៀត រដ្ឋជាប់ឆ្នេរអាចប្រើប្រាស់នូវអំណាចយុត្តាធិការទាំងផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌទៅលើនាវាបរទេសទាំងឡាយណា ដែលធ្វើនាវាចរណ៍ឆ្លងកាត់តំបន់ដែនទឹកផ្ទៃក្នុងនេះ។

* សមុទ្រដែនដី (Territorial Sea)
សមុទ្រដែនដី ត្រូវបានគេចាត់ទុកថាជាតំបន់នៅជាប់ដែនគោក។ សមុទ្រដែនដី ជាតំបន់សមុទ្រដែលវាស់ចេញពីបន្ទាត់មូលដ្ឋានឆ្ពោះទៅកាន់លំហសមុទ្រមានចម្ងាយ ១២ម៉ាយល៍ (ស្មើនឹង ២២គីឡូម៉ែត្រ)។ នៅក្នុងតំបន់នេះរដ្ឋជាប់ឆ្នេរមានអធិបតេយ្យភាពលើដែនទឹក លំហអាកាស បាតសមុទ្រ និងដីក្រោមបាតសមុទ្រ។

អាស្រ័យហេតុនេះហើយ រដ្ឋជាប់ឆ្នេរមានសិទ្ធិទាំងស្រុងក្នុងការធ្វើអាជីវកម្មនៅបាតសមុទ្រ និងក្នុងដីក្រោមបាតសមុទ្រ។ ការធ្វើនាវាចរណ៍របស់នាវាបរទេស នៅក្នុងតំបន់សមុទ្រដែនដី គឺមានកម្រិត ហើយការកោះនៅខាងលើសមុទ្រដែនដី ក៏ត្រូវតែមានការអនុញ្ញាតពីរដ្ឋជាប់ឆ្នេរដែរ។

* តំបន់តភ្ជាប់ (Contiguous Zone)

តំបន់តភ្ជាប់ជាតំបន់សមុទ្រ ដែលវាស់ចេញពីបន្ទាត់មូលដ្ឋានឆ្ពោះទៅកាន់លំហសមុទ្រមានចម្ងាយ ២៤ម៉ាយល៍។ នៅក្នុងតំបន់តភ្ជាប់នេះ រដ្ឋជាប់ឆ្នេរអាចការពារការបំពានច្បាប់ និងបទប្បញ្ញត្តិស្តីពីគយ សារពើពន្ធ អន្តោប្រវេសន៍ ឬសុខាភិបាលរបស់ខ្លួន។ ម្យ៉ាងវិញទៀត រដ្ឋជាប់ឆ្នេរក៏អាចធ្វើការដាក់ទោសទៅលើការបំពានច្បាប់ និងបទប្បញ្ញត្តិដែលកើតឡើងនៅក្នុងតំបន់នេះបានផងដែរ។

នៅក្នុងតំបន់តភ្ជាប់នេះ រដ្ឋដទៃមានសិទ្ធិក្នុងការធ្វើនាវាចរណ៍ សិទ្ធិក្នុងការហោះពីលើ ប៉ុន្តែពុំមានសិទ្ធិក្នុងការនេសាទ ការទាញយករ៉ែនោះទេ។ ចំណែកឯសិទ្ធិ ក្នុងការស្រាវជ្រាវវិទ្យាសាស្ត្រ ការដាក់ខ្សែកាបវិញ រដ្ឋដទៃត្រូវតែមានការព្រមព្រៀងពីរដ្ឋជាប់ឆ្នេរ។

* តំបន់សេដ្ឋកិច្ចផ្តាច់មុខ (Exclusive Economic Zone “EEZ”)
តំបន់សេដ្ឋកិច្ចផ្តាច់មុខ ជាតំបន់សមុទ្រដែលវាស់ចេញពីបន្ទាត់មូលដ្ឋាន ហើយលាតសន្ធឹងទៅកាន់លំហសមុទ្រមានចម្ងាយ ២០០ម៉ាយល៍ (ស្មើនឹង ៣៧០គីឡូម៉ែត្រ)។ រដ្ឋជាប់ឆ្នេរមានសិទ្ធិពេញលេញ ក្នុងការរុករក ការធ្វើអាជីវកម្ម ការអភិរក្ស ការចាត់ចែងលើធនធានធម្មជាតិរួមមាន ទាំងធនធានធម្មជាតិមានជីវិត និងគ្មានជីវិតដែលស្ថិតនៅបាតសមុទ្រ និងដីក្រោមបាតសមុទ្រ។ រដ្ឋជាប់ឆ្នេរត្រូវគោរពសិទ្ធិ និងកាតព្វកិច្ចរបស់រដ្ឋដទៃផងដែរ នៅពេលដែលប្រើប្រាស់សិទ្ធិ និងបំពេញកាតព្វកិច្ចនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ។

នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខ រដ្ឋទាំងអស់ទោះជារដ្ឋជាប់ឆ្នេរក៏ដោយ ឬរដ្ឋមិនជាប់ឆ្នេរក៏ដោយ ក៏មានសេរីភាពក្នុងការធ្វើនាវាចរណ៍ ហោះពីខាងលើ ដាក់ខ្សែកាប ដាក់បំពង់បង្ហូរក្រោមសមុទ្រ ព្រមទាំងការប្រើប្រាស់ផ្សេងទៀតដែលស្របតាមច្បាប់អន្តរជាតិពាក់ព័ន្ធនឹងសេរីភាពទាំងនេះ។

* លំហសមុទ្រអន្តរជាតិ (High Seas)
លំហសមុទ្រអន្តរជាតិ ជាតំបន់សមុទ្រដែលមិនមែនជាកម្មសិទ្ធិរបស់រដ្ឋណាមួយឡើយ។ គ្រប់បណ្តាប្រទេស ទាំងអស់នៅជុំវិញពិភពលោក មានសេរីភាពក្នុងការប្រើប្រាស់តំបន់លំហសមុទ្រអន្តរជាតិ ដែលមានដូចជា ការធ្វើនាវាចរណ៍ ការហោះពីលើ ការដាក់បំពង់បង្ហូរ ការដាក់ខ្សែកាប ការនេសាទ ការស្រាវជ្រាវវិទ្យាសាស្ត្រជាដើម។

រដ្ឋទាំងអស់ត្រូវឈរលើគោលការណ៍ថែរក្សាសន្តិភាព ក្នុងការប្រើប្រាស់តំបន់លំហសមុទ្រអន្តរជាតិ ហើយការប្រើប្រាស់នូវកម្លាំងយោធាត្រូវបានហាមឃាត់។

* ខ្ពង់រាបបាតសមុទ្រ (Continental Shelf)
ខ្ពង់រាបបាតសមុទ្រ ជាដីនៅបាតសមុទ្រដែលដុះបន្តចេញពីដែនដីគោក។ យោងទៅតាមអនុសញ្ញា Montégo Bay នៅឆ្នំា១៩៨២ ស្តីពីច្បាប់សមុទ្រ បានកំណត់តំបន់ខ្ពង់រាបបាតសមុទ្រ ថាតំបន់ខ្ពង់រាបបាតសមុទ្ររបស់បណ្តារដ្ឋជាប់ឆ្នេរ រួមមាន៖ បាតសមុទ្រ និងដីក្រោមបាតសមុទ្រ ដែលស្ថិតនៅហួសពីតំបន់ សមុទ្រដែនដីរបស់រដ្ឋជាប់ឆ្នេរ ដែលជាការពន្លយចេញនៃដែនដីគោករបស់រដ្ឋជាប់ឆ្នេរ ចុះទៅក្នុងទឹកសមុទ្រ រហូតដល់ជំរៅចោតខ្លាំងនៃបាតសមុទ្រ។

យោងទៅតាមអនុសញ្ញាទីក្រុងហ្សឺណែវ (The Geneva Convention) បានកំណត់តំបន់ខ្ពង់រាបបាតសមុទ្រទៅលើធាតុសំខាន់ៗ ចំនួនបីដូចជា៖ ស្ថានភាពតំបន់ដែលនៅជិត (Adjacency) ជម្រៅ (Depth) ការធ្វើអាជីវកម្ម (Exploitability)។ នៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ រដ្ឋជាប់ឆ្នេរមិនអាចពង្រីកចម្ងាយឲ្យហួសដែនកំណត់ ២០០ម៉ាយល៍ ពីខ្សែបន្ទាត់មូលដ្ឋាននោះទេ។ ករណីដែលគែមចុងបំផុតនៃខ្ពង់រាបបាតសមុទ្រមានប្រវែងលើសពី ២០០ម៉ាយល៍ រដ្ឋជាប់ឆ្នេរមិនអាចធ្វើការកំណត់ប្រវែងលើសពីចម្ងាយ ៣៥០ម៉ាយល៍ បានឡើយ។

នៅក្នុងតំបន់ខ្ពង់រាបបាតសមុទ្រ រដ្ឋជាប់ឆ្នេរមានសិទ្ធិប្រើប្រាស់នូវអធិបតេយ្យរបស់ខ្លួន ដើម្បីរុករក និងធ្វើអាជីវកម្មលើធនធាន ធម្មជាតិរួមមាន ធនធានរ៉ែ និងធនធានមាន និងគ្មានជីវិតផ្សេងៗនៅបាតសមុទ្រ និងដីក្រោមបាតសមុទ្រ។ រដ្ឋដទៃមិនអាចបំពាន ឬជ្រៀតជ្រែកដោយមិនសមហេតុផលទៅលើនាវាចរណ៍ ឬសិទ្ធិផ្សេងទៀតរបស់រដ្ឋជាប់ឆ្នេរនោះទេ។

សូមជម្រាបថា ការកំណត់ដែនសមុទ្រនៅសម័យបុរាណ មានប្រទេសតិចបំផុត ដែលទទួលយក។ នៅសម័យទំនើបនេះ ទោះជាមានច្បាប់ដែលកំណត់ពីព្រំដែន សមុទ្រក៏ពិតមែន ប៉ុន្តែបញ្ហាវិវាទនៅលើដែនសមុទ្រនៅតែកើតមានឡើងចៀសមិនរួចឡើយ៕

ប្រធានាធិបតីអាមេរិក ទី៣៣ លោក ហារី ទ្រូម៉ាន់

អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)

កំណត់ដែនសមុទ្រដូចតទៅ អនុលោមតាម UNCLOS