(ភ្នំពេញ)៖ បន្ទាប់ពីបានដឹងថា ម្តាយរបស់ខ្លួនបានទទួលមរណភាព កញ្ញា វី ឌីណែត ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បានបង្ហាញអារម្មណ៍ដ៏គួរឲ្យអាណិត ព្រោះមិនអាចសូម្បីឃើញមុខម្តាយជាលើកចុងក្រោយ។

នៅមុននេះបន្តិច កញ្ញា វី ឌីណែត បានបង្ហោះរូបមួយសន្លឹកជាមួយម្តាយ ភ្ជាប់ជាមួយពាក្យថា «ខ្ញុំលែងមានម៉ាក់ហៅហេីយ សូមម៉ាក់ទៅឲ្យបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមេីលថែប៉ានិងអ្នកផ្ទះយេីង កូននឹងរឹងមាំ»

តារាចម្រៀង វី ឌី ណែត បានបន្ថែមថា «សូម្បីតែមុខជាលេីកចុងក្រោយក៏មិនបានឃេីញ ម៉ាក់ឈឺក៏កូនៗមិនអាចទៅមេីលថែបាន។ ម៉ាក់ខូចហេីយក៏មិនអាចឃេីញសម្បីតែសព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វេីបុណ្យឲ្យម៉ាក់ក៏មិនបាន។ សូមឲ្យវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ។ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជាមួយនឹងជំងឺដ៏សាហាវនេះ។ វាលឿនពេកហេីយម៉ាក់អេីយ»

គួរជម្រាបថា លោកស្រី នួន សុផាន្នី ដែលជាភរិយារបស់តារាជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅមុននេះបន្តិច អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩។ ភរិយារបស់លោក ហួរ ឡាវី ត្រូវបានគេដឹងថា កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ខណៈប៉ុន្មានថ្ងៃមុនកញ្ញា វី ឌីណែត បានប្រកាសថា ម្តាយរបស់ខ្លួន មានអការៈធ្វើទុក្ខខ្លាំង៕