(ភ្នំពេញ)៖ ក្រុមហ៊ុន Huawei បានបង្ហាញអត្ថបទមួយក្រោមចំណងជើងថា «តើនរណាស្ថិតនៅពីក្រោយបណ្ដាញទំនាក់ទំនងដ៏មានស្ថេរភាពរបស់អ្នក?» ដែលអត្ថបទនេះ ក៏មានរំលឹកអំពីដំណើរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសចិន អំឡុងពេលកូវីដ១៩ កំពុងរាតត្បាតលើកដំបូងផងដែរ។

យោងតាមអត្ថបទ ដែលបណ្តាញព័ត៌មាន Fresh News Plus ទទួលបាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ មានខ្លឹមសារទាំងស្រុង ខាងក្រោមនេះ៖

យើងនៅតែចងចាំបានថា ក្នុងខែកុម្ភៈ ឆ្នាំ២០២០ នៃដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ទៅសាធារណរដ្ឋប្រជាមានិតចិន កំឡុងពេលការផ្ទុះរីករាលដាលជាសកល នៃជំងឺកូវីដ១៩ ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដ៏អស្ចារ្យមួយដែលយើងគ្រប់គ្នាមិនអាចបំភ្លេចបាន។ សម្តេចតេជោ ត្រូវបានសារព័ត៌មានទូទាំងប្រទេសចិន និងប្រជាជនចិនកោតសរសើរ និងប្រសិទ្ធនាមថាជា «វីរបុសសង្ហាដើរបញ្ច្រាសទិស»។ ភាពក្លាហាន របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញនូវទឹកចិត្តដ៏ធំមហិមាសមស្របនឹងសុភាសិតមួយបានពោលថា «ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»

អស់រយៈពេលជាងមួយឆ្នាំមកហើយ ជំងឺដ៏កាចសាហាវនេះបានកំពុងរីករាតត្បាតនិងបន្តវាយលុកភាពសុខសាន្តរបស់មនុស្សជាតិនៅទូទាំងពិភពលោក និងបានផ្លាស់ប្តូរឱ្យយើងទាំងអស់គ្នាចេះរៀនរស់នៅក្នុងបរិបទថ្មីមួយទៀត។ ក្រោមការណែនាំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការផ្ទាល់ ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានក្លាយជាការងារអាទិភាពមួយ ដែលទាមទារឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់វិស័យ និងប្រជាពលរដ្ឋគ្រប់រូប។ អ្នកការពារជួរមុខរបស់យើង ដែលមានលោកគ្រូអ្នកគ្រូពេទ្យ និងកងកម្លាំងមានសមត្ថកិច្ចកំពុងបំពេញភារកិច្ចទាំងយប់ទាំងថ្ងៃដោយមិនគិតពីភាពនឿយហត់ ដើម្បីជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ និងសុខសុវត្ថិភាពសង្គមរបស់យើងស្របតាមគោលការណ៍ “៣កុំ ៣ការពារ” ដែលរដ្ឋាភិបាលបានដាក់អោយអនុវត្តជាកំហិត ក្នុងការទប់ស្កាត់រីករាតត្បាតនេះ។

មួយក្នុងចំណោមគោលការណ៍ខាងលើ គឺការរក្សាគម្លាតសង្គមដែលជាបទដ្ឋានថ្មីមួយធ្វើឱ្យមនុស្សជាច្រើនចាប់ផ្តើមធ្វើការងារ និងទាក់ទងគ្នាពីចម្ងាយ។ ដូចនេះហើយ តំណភ្ជាប់បណ្តាញទំនាក់ទំនងពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងបរិបទដ៏លំបាកនេះ។

យើងប្រហែលជាស្គាល់ក្រុមការងារជួរមុខ ដែលកំពុងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺនេះ ប៉ុន្តែតើនរណាជាអ្នកដែលស្ថិតនៅពីក្រោយស្ថេរភាព នៃបណ្ដាញទំនាក់ទំនងដែលអនុញ្ញាតឱ្យយើង បន្តការភ្ជាប់ទំនាក់ទំនងគ្នាក្នុងជីវភាពរស់នៅក្នុងបរិបទថ្មីនេះ ដោយរលូននោះ? អ្នកយកព័ត៌មានរបស់យើង បានជួបជាមួយវិស្វករបណ្តាញម្នាក់មកពីក្រុមហ៊ុន Huawei ដើម្បីមើលពីរបៀបដែល ដំណើរការ និងការធានាសុវត្ថិភាពនៃការតភ្ជាប់បណ្តាញ។

លោក កង ស៉ីណាត ជាប្រធានគ្រប់គ្រងគម្រោងរបស់ក្រុមហ៊ុន Huawei កម្ពុជាដែលយើងទើបតែទទួលសម្ភាសន៍ជាមួយសារព័ត៌មាន ដើម្បីបង្ហាញពីការងាររបស់គាត់នៅក្នុងកាលៈទេសៈដ៏តានតឹងនេះ។

* អ្នកយកព័ត៌មាន៖ តើការងារប្រចាំថ្ងៃរបស់អ្នកក្នុងកំឡុងពេលនៃការរីករាលដាលនៃជំងឺនេះមានអ្វីខ្លះ? តើមានអ្វីដែលខុសគ្នាពីពេលធម្មតាដែរឬទេ?
លោក កង ស៉ីណាត៖ តាមពិតទៅមិនមានអ្វីខុសប្លែកពីលើកមុនណាស់ណាទេ គ្រាន់តែមានភាពមមាញឹកនិងមានការងារបន្ទាន់និងច្រើនជាងមុន។ ដោយសារតែបច្ចុប្បន្ននេះមានមនុស្សជាច្រើនកំពុងធ្វើការពីផ្ទះ ដូច្នេះ យើងចាំបាច់ត្រូវធ្វើការសាងសង់បន្ថែម ក៏ដូចជាពង្រីកបណ្តាញទំនាក់ទំនងឱ្យកាន់តែប្រសើរជាងមុន។

* អ្នកយកព័ត៌មាន៖ តើអ្នកខ្លាចជំងឺកូវីដ១៩ដែរឬទេ?
លោក កង ស៉ីណាត៖ និយាយឱ្យស្មោះត្រង់ចុះ ដំបូងឡើយយើងមានការព្រួយបារម្ភខ្លាំង ប៉ុន្តែក្រុមហ៊ុនបានរៀបចំឱ្យមានអ្នកជំនាញ ដើម្បីជួយបណ្តុះបណ្តាលពួកយើងពីរបៀបការពារសុខភាពពីការរាតត្បាតនៃជម្ងឺកូវីដ១៩ ស្របទៅតាមវិធានការរបស់រាជរដ្ឋាភិបាល។ ហើយយើងទទួលបាននូវរាល់សម្ភារៈការពារល្អបំផុត ពីក្រុមហ៊ុនដូចជា ម៉ាសពេទ្យ សម្លៀកបំពាក់ការពារ វ៉ែនតាការពារ អាល់កុល និងស្រោមដៃជាដើម។ យើងអនុវត្តយ៉ាងតឹងរឹងបំផុតនូវការណែនាំរបស់អ្នកជំនាញ ក្នុងការបង្ការការរីករាលដាល។ លើសពីនេះទៅទៀត រហូតមកដល់ពេលនេះ មិនទាន់មានករណីឆ្លងណាមួយកើតមានចំពោះក្រុមការងាររបស់ពួកយើងទេ។ ក្នុងអំឡុងពេលនេះ ពូកយើងយល់ថាបណ្តាញទំនាក់ទំនងពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាជនទាំងអស់ដែលកំពុងចាំបាច់ត្រូវការប្រើប្រាស់បណ្តាញអ៉ីនធឺណេតដែលល្អ និងមានស្ថេរភាព។ យើងមានទំនួលខុសត្រូវខ្ពស់បំផុត ដើម្បីធានាឱ្យបាននូវបណ្តាញអ៊ីនធឺណេតដែលល្អគ្រប់គ្រាន់សម្រាប់ការធ្វើការ ឬការសិក្សាពីផ្ទះ ក៏ដូចជាការកំសាន្តផ្សេងៗ។

ជាងនេះទៅទៀតលោក កង ស៉ីណាត បានចែករំលែកបទពិសោធន៍របស់លោកក្នុងការអនុវត្តគម្រោងនាពេលថ្មីៗនេះ ដែលអាចឱ្យយើងយល់បានថាតើការងារដែលពួកគាត់កំពុងធ្វើមានសារៈសំខាន់ និងជួបប្រទះនូវបញ្ហាប្រឈមយ៉ាងណាខ្លះ។ គាត់មានបេសកកម្មបន្ទាន់មួយ គឺត្រូវបញ្ចប់គម្រោងចំនួន ៤៧កន្លែង ដោយប្រើប្រាស់បច្ចេកវិទ្យា Microwave (បច្ចេកវិទ្យាមួយដែលត្រូវបានប្រើដើម្បីតភ្ជាប់បង្គោលអង់តែន ពីមួយទៅមួយដោយមិនចាំបាច់ប្រើខ្សែ) ក្នុងរយៈពេល ២សប្តាហ៍ ដោយសារកំណើននៃការប្រើប្រាស់អ៉ីនធឺណេតមានសន្ទុះខ្លាំងជាងមុន៕