(ថៃ)៖ កម្មវិធីប្រឡងបវរកញ្ញាប្រចាំឆ្នាំ លក្ខណៈអន្តរជាតិ «Miss Grand International» ប្រចាំឆ្នាំ២០២០ បាននឹងកំពុងតែប្រព្រឹត្តិទៅយ៉ាងស្វិតស្វាញ ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ។ រហូតមកទល់នឹងពេលនេះ គេសង្កេតឃើញថា បរវកញ្ញាតំណាងប្រទេសនីមួយៗ កំពុងតែមានសកម្មភាពគួរឲ្យចាប់អារម្មណ៍ ត្បិតកម្មវិធីនេះ ត្រូវបានធ្វើឡើងក្នុងកាលៈទេសៈនៃជំងឺរាតត្បាតកូវីដ-១៩។ ប៉ុន្តែអ្វីដែលមហាជនចាប់អារម្មណ៍នោះ គឺមានបរវកញ្ញាឯកពីររូប មិនបានចូលរួមប្រកួតទេ ដោយសារតែរកឃើញថា មាន «វិជ្ជមានកូវីដ-១៩» ហើយត្រូវសំរាកព្យាបាល។

បើយោងតាមផេកផ្លូវការរបស់ «Miss Grand International» និងការចេញផ្សាយរបស់កាសែត Bangkok Post នាពេលថ្មីៗនេះ បានឲ្យដឹងថា មានបេក្ខនារីពីរនាក់នៃកម្មវិធីនេះ ដោយម្នាក់មកពីប្រទេសនីហ្សេរីយ៉ា និងម្នាក់ទៀតមកពីប្រទេសកេនយ៉ា ត្រូវបានរកឃើញថា មានជំងឺកូវីដ-១៩។

បេក្ខនារីទាំងពីររូបនោះ ត្រូវបានបញ្ចូនទៅទទួលការព្យាបាលនៅមន្ទីពេទ្យ Piyavej នៃប្រទេសថៃ ហើយពួកគេបានរកឃើញថា មានកូវីដ-១៩ អំឡុងពេលធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ដែលនេះជាគោលការណ៍សុខាភិបាល ដើម្បីបង្ការការឆ្លងកូវីដ-១៩។ ទន្ទឹមគ្នានេះ សម្រាប់បេក្ខនារីផ្សេងទៀត ដែលមកពីប្រទេសចំនួន៦៣លើពិភពលោក គឺត្រូវបានធ្វើតេស្ត អវិជ្ជមានចំពោះកូវីដ-១៩ និងកំពុងតែបន្តការប្រកួតនៅពេលបច្ចុប្បន្ននេះ បន្ទាប់ពីធ្វើចត្តាឡីស័ករួចរាល់។

តាមរយៈកាសែត Bangkok Post, លោក Nawat Issarakraisin អ្នករៀបចំកម្មវិធី «Miss Grand International» បានឲ្យដឹងថា សម្រាប់បេក្ខនារីដែលរកឃើញថាមានវិជ្ជមានកូវីដ-១៩ ទាំងពីរនាក់ខាងលើ គឺមិនត្រូវបានដកហូតសិទ្ធក្នុងការចូលរួមប្រកួតនោះទេ។

ក្នុងចំណោមបេក្ខនារីដែលចូលរួមប្រកួត មហាជនសង្កេតឃើញថា បវរកញ្ញាតំណាងប្រទេសកម្ពុជា គឺកញ្ញា លីវ ជីលី ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងណាស់ដែរ ដោយតាមរយៈការបោះឆ្នោតលើប្រព័ន្ធអនឡាញ នាងបានឈរនៅលេខរៀងទី១ ក្នុងចំណោមបេក្ខនារីចំនួន៥នាក់ នៅវគ្គ «Queen with the Golden Crown» ។

គួរជម្រាបថា ការប្រឡងបរវកញ្ញា «Miss Grand International» ឆ្នាំ២០២០ នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ខណៈបច្ចុប្បន្នបេក្ខនារីទាំងអស់កំពុងបន្តការប្រកួត នូវវិញ្ញាសារបន្តបន្ទាប់ទៀត។ ដោយឡែកសម្រាប់បេក្ខនារីពីរនាក់មកពីនីហ្សេរីយ៉ា និងកេនយ៉ា ដែលកំពុងព្យាបាលជំងឺកូវីដ-១៩ នៅមិនទាន់មានព័ត៌មានអ្វីថ្មីបន្ថែមទៀតឡើយ៕