(ភ្នំពេញ)៖ តើមានមនុស្សប៉ុន្មាននាក់ដែលយល់អារម្មណ៍មួយនេះ? មហាជនគ្រាន់តែឃេីញរូបភាពពិតជាអាណិតអាសូរជាពន់ពេក ដល់ក្រុមគ្រួសារលោក ហួរ ឡាវី និងកញ្ញា វី ឌីណែត ត្បិតមិនអាចជួបជុំគ្នាបាន ដេីម្បីរៀបចំពិធីបុណ្យសពឲ្យលោកស្រី ងឿន សុផាន្នី ដែលស្លាប់ដោយសារកូវីដ-១៩។ ជាមួយគ្នានេះ កូនស្រីពៅ គឺកញ្ញា វី លីដា ក៏បានត្រឹមសរសេរសំបុត្រផ្ញើតាមគ្រូពេទ្យ ជូនទៅម្ដាយ ទាំងម្ដាយមិនបានអានទាល់តែសោះ។
ភ្ជាប់ជាមួយរូបភាពជាច្រេីនសន្លឹក បង្ហាញពីការរៀបចំពិធីបុណ្យសពម្តាយតារាចម្រៀង វូី ឌីណែត បានសរសេរថា «នាងខ្ញុំជំនួសមុខឲ្យក្រុមគ្រួសារសូមសម្ដែងការអរគុណដល់ព្រះសង្ឃនៅ វត្តនិគ្រោធវ័ន ហៅគល់ទទឹង ដែលបានជួយរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ ម្ដាយរបស់ខ្ញុំ ងឿន សុផានី សូមឲ្យវិញ្ញាណក្ខន្ធម៉ាក់ទៅកាន់សុខគតិភពផងចុះ។ ម៉ាក់ចោលកូនហើយទៅសែនឆ្ងាយមុខចុងក្រោយក៏មិនបានឃើញទៅធ្វើបុណ្យឲ្យម៉ាក់ក៏មិនកើត មានតែតាម online ម៉ាក់អើយម៉ាក់ខ្ញុំនឹងរឹងមាំណាម៉ាក់»។
យ៉ាងណាមិញ ងាកមកលោកគ្រូ ហួរ ឡាវី វិញ ពេលទទួលបានដំណឹងដ៏សោកសៅនេះ មហាជនសម្ដែងក្ដីអាណិតអាសូរបំផុតចំពោះលោក ហួរ ឡាវី ខណៈដែលកូនស្រី២នាក់ ជាប់ក្នុងការព្យាបាលកូវីដ១៩ ហើយភរិយាតែម្នាក់ ដែលចេញពីផ្ទះប៉ុន្មានថ្ងៃមុន ឥឡូវស្រាប់តែចេញទៅរហូត មិនបានជួប មិនបានលាសូម្បីមួយម៉ាត់។ សូម្បីសំបុត្រកូនពៅសរសេរផ្ញើឲ្យ ក៏មិនបានមើល។ អ្វីដែលក្រុមគ្រួសារតារាចម្រៀង ហួរ ឡាវីជួបពេលនេះ ហាក់ធ្ងន់ធ្ងរពេក កណ្ដោចកណ្ដែង និងខ្លោចផ្សារណាស់ ស្ទើរតែមិនអាចទទួលយកបាន។
តាមព័ត៌មានបានឲ្យដឹងថា លោកស្រី ងឿន សុផាន្នី ភរិយារបស់តារាចម្រៀង ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត មានអាយុ៦២ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីធ្លាក់ខ្លួនឈឺប៉ុន្មានថ្ងៃ។
លោកស្រី ងឿន សុផាន្នី និងកញ្ញាវី ឌីណែត រួមទាំងប្អូនស្រីពៅម្នាក់ទៀត ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ដោយឡែកសម្រាប់លោក ហួរ ឡាវី វិញ សម្រាប់លទ្ធផលធ្វើតេស្តលើកទី១ បានបង្ហាញថា មិនមានជំងឺកូវីដ-១៩ នោះទេ៕