(ភ្នំពេញ)៖ ដោយសង្កេតឃើញថាចំនួនអ្នកឆ្លងជំងឺ Covid-19 មានការកើនឡើងជាបន្តបន្ទាប់ឥតឈប់ឈរ បន្ទាប់ពីមានការឆ្លងជាសហគមន៍ ២០កុម្ភៈមក នៅរាជធានីភ្នំពេញ ហើយបន្តរីករាលដាលទៅដល់បណ្តាលខេត្តមួយចំនួនផងដែរ។ រីឯក្រុមគ្រូពេទ្យ និងបុគ្គលិកសុខាភិបាលបានកំពុងដុតដៃដុតជើង យ៉ាងសរស្រាក់សរសាំ្រទាំងថ្ងៃទាំងយប់ដោយទឹកចិត្តក្លាហានមិនខ្លាចនឿយហត់ ដើម្បីព្យាបាលអ្នកជំងឺ និងអ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមន្ទីរពេទ្យ និងមណ្ឌលដែលបានកំណត់ដោយអាជ្ញារធរ។

ដើម្បីចូលរួមលើកទឹកចិត្ត និងតមស្នងដល់ការខិតខំរបស់ក្រុមការងារជួរមុខ ដែលបានកំពុងជាប់ដៃប្រយុទ្ធនឹងជំងឺ Covid-19 ភោជនីយដ្ឋានផាកកាហ្វេ បានបង្កើតយុទ្ធនាការឧបត្ថម្ភ អាហារ ភេសជ្ជ: និងទឹកក្រូចពោធិ៍សាត់ស្រស់ ប្រមាណ ៥៣០០ឈុត សម្រាប់រយៈពេល ១៤ថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃទី១៨ រហូតដល់ទី២១ ខែមិនា ឆ្នាំ២០២១នេះ សម្រាប់គោលដៅធំៗ ២កន្លែង រួមមាន៖ មណ្ឌលចត្តាឡីស័ក Great Duke និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀត ជូនដល់គ្រូពេទ្យ បុគ្គលិកសុខាភិបាល និងកងកំលាំងប៉ូលីស ជួរមុខដែលមានចំនួនប្រមាណ ៤០០នាក់ ដែលកំពុងឈរជើងការពារ ព្យាបាលនៅទីតាំងទាំង ២ខាងលើ ដែលបានលះបង់នូវពេលវេលាផ្ទាល់ខ្លួន នៅឆ្ងាយពីក្រុមគ្រួសារ តស៊ូការលំបាកនានាក្នុងកាលៈទេសៈនេះដើម្បីប្រយុទ្ធប្រឆាំងជំងឺ Covid-19។

សកម្មភាពទាំងនេះ គឺជាសកម្មភាពចូលរួមសង្គម ដែល ផាកកាហ្វេ តែងតែធ្វើ និងឲ្យតម្លៃ។ ផាកកាហ្វេ ក៏សូមសំដែងការដឹកគុណ អរគុណ និងស្ងើចសរសើរទៅដល់ក្រុមគ្រូពេទ្យ ក្រុមការងារជួរមុខប្រយុទ្ធនឹងជំងឺកូវីដ១៩យ៉ាងខ្លាំង ដែលពួកគាត់តែងតែខិតខំអស់ពីកំលាំងកាយចិត្ត បំពេញភារៈកិច្ចដ៏សំខាន់នេះ។

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។

គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៥៨៧នាក់ ក្នុងនោះព្យាបាលជាសះស្បើយចំនួន ៩១៧នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦៥៨នាក់។ រហូតដល់ពេលនេះដែរ មានអ្នកជំងឺ ៣នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ១៩ ខណៈមានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ បានស្លាប់ដោយសារជំងឺបេះដូង ពេលកំពុងសម្រាកព្យាបាល៕