(អង់គ្លេស)៖ ក្លិបបាល់ទាត់បិសាចក្រហម Manchester United នៅថ្ងៃសុក្រនេះ បានប្រកាសថា ពួកគេបានចុះហត្ថលេខា លើកិច្ចព្រមព្រៀងរយៈពេល៥ឆ្នាំ ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យារបស់អាល្លឺម៉ង់ TeamViewer ក្លាយជាម្ចាស់ឧបត្ថម្ភអាវយឺតរបស់ពួកគេ ជំនួសឲ្យក្រុមហ៊ុន Chevrolet, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ។

កិច្ចព្រមព្រៀងនេះ នឹងចាប់ផ្តើមនៅរដូវកាលឆ្នាំ២០២១/២០២២, នេះបើតាមការបញ្ជាក់ពីក្លិបបាល់ទាត់ លេងក្នុងលីគ English Premier League នេះ។ ប៉ុន្តែមិនបានបង្ហាញនូវព័ត៌មានលម្អិតនោះទេ។

គួរបញ្ជាក់ថា ក្លិបបិសាចក្រហម បានបន្តកិច្ចព្រមព្រៀងរយៈ៧ឆ្នាំរបស់ខ្លួន ដែលមានតម្លៃ៥៥៩លានដុល្លារអាមេរិក ជាមួយនឹងក្រុមហ៊ុន Chevrolet ដែលគ្រោងនឹងផុតកំណត់ នៅខែមិថុនា ឆ្នាំ២០២១នេះ រយៈពេល៦ខែ ដោយសារតែផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺ COVID-19៕