(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ កីឡាករបរទេសចំណូលថ្មីម្នាក់ទៀតរបស់ក្លិបបាល់ទាត់ខេត្តព្រៃវែង បានចាប់ផ្ដើមធ្វើការហ្វឹកហាត់ជាមួយមិត្តរួមក្រុមហើយ គឺកីឡាករ Seon Fabian Errol Power ដែលជាអតីតខ្សែការពារជម្រើសជាតិទ្រីនីដាដ និងតូបាហ្គោ។

Seon Power គឺជាកីឡាករបរទេសទី២ ដែលត្រូវបានក្រុមចំណូលថ្មីខេត្តព្រៃវែង នាំចូលមកពង្រឹងក្រុម សម្រាប់ការបង្ហាញខ្លួនលើកដំបូង ក្នុងការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា បន្ទាប់ពីអតីតខ្សែការពារជម្រើសជាតិអ៊ូបេគីស្ថាន Alisher Mirzaev ដែលផ្ទេរមកពីក្លិបបាល់ទាត់វិសាខា។

កីឡាករមានប្រភពពីតំបន់ការ៉ាអ៊ីបនេះមានវ័យ ៣៧ឆ្នាំ និងកម្ពស់ ១.៩០ម៉ែត្រ ដែលជាកីឡាករបរទេសមានអាយុច្រើនជាងគេក្នុងលីគកំពូលកម្ពុជា ឆ្នាំ២០២១ ហើយ Seon Power ក៏ជាកីឡាករសញ្ជាតិទ្រីនីដាដ និងតូបាហ្គោដំបូងគេ ដែលមកប្រកបអាជីព នៅក្នុងក្របខណ្ឌលីគកំពូលកម្ពុជាផងដែរ។

Seon Power បានផ្ដើមអាជីពបាល់ទាត់ដំបូងតាំងពីឆ្នាំ២០០៣ ជាមួយក្រុម Joe Public នៅទឹកដីកំណើត រហូតដល់ឆ្នាំ២០១៣ ទើបគេបានចាកចេញមកប្រកបអាជីពជាមួយក្លិបជាច្រើន នៅក្នុងក្របខណ្ឌលីគថៃ និងចុងក្រោយខ្សែការពារចាស់វស្សារូបនេះបានលេងឲ្យក្លិប Babueng FCA នៃលីគទី៣ ថៃ មុនផ្ទេរមកខេត្តព្រៃវែង។

ការបង្ហាញខ្លួនផ្លូវការក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុមនេះ ស្របពេលខេត្តព្រៃវែង ត្រៀមខ្លួនតតាំងជាមួយអតីតក្រុមជើងឯកលីគ ៦សម័យភ្នំពេញក្រោននាថ្ងៃទី២៣ ខែមីនា ក្នុងលីគកំពូលកម្ពុជា សប្ដាហ៍ទី៣ នៅកីឡដ្ឋាន RSN បន្ទាប់ពី Seon Power ខកខានជួយក្រុម កាលពីប្រកួតបើករដូវកាលថ្មីដែលព្រៃវែង ប្រកួតស្មើអង្គរថាយហ្គឺរ ១-១ កាលពីពេលកន្លងទៅ៕