(ភ្នំពេញ)៖ បន្ទាប់ពីឆ្លងកាត់ប្រឡងជម្រុះជាច្រើនវគ្គ នៅពេលនេះកម្មវិធី «ធីតាឯកសង្រ្កាន្ត» រដូវកាលទី២ ឆ្នាំ២០២១នេះ បានរកឃើញម្ចាស់ជ័យលាភីហើយ ដោយបានទៅលើ កញ្ញា សាន្ត កុសុមៈ ជាម្ចាស់មកុដ ហើយនាងព្រមទាំងជ័យលាភីរងដទៃទៀត នឹងត្រៀមខ្លួនចូលរួមសម្តែងក្នុងវីដេអូបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២១ ជាបុត្រីទាំង៧អង្គ របស់កបិលមហាព្រហ្ម។

ជាការពិត គោលបំណងក្នុងការបង្កើតកម្មវិធីប្រកួតជ្រើសរើស «ធីតាឯកសង្ក្រាន្ត» រដូវកាលទី២ នេះ ត្រូវបានអ្នករៀបចំកម្មវិធីឲ្យដឹងថា គឺដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងចង់បញ្រ្ចាបនូវចំណេះដឹង អំពីវប្បធម៌ អរិយធម៌ ប្រវត្តិសាស្រ្ត ទាក់ទងនឹងបុត្រីទាំង៧អង្គ របស់កបិលមហាព្រហ្ម ដែលទ្រង់នឹងយាងចុះមកគ្រប់គ្រងជម្ពូរទ្វីប ដោយមានយាន្តជំនិះជាសត្វ តែមិនមែនជាសត្វតំណាងឲ្យឆ្នាំទាំង១២នោះឡើយ ព្រោះថាបុត្រីកបិលមហាព្រហ្មមានតែ៧អង្គ មិនមែន១២អង្គ។

ចំពោះទេពធីតាឆ្នាំឆ្លូវ នាឆ្នាំ២០២១ នេះ ជាបុត្រីទី៤របស់កបិលមហាព្រហ្ម មានព្រះនាម «មណ្ឌាទេវី» មានសត្វជាយានជំនិះ គឺសត្វលា។ ទាំងអស់នេះ គឺជាចំណេះដឹងដែលកូនខ្មែរគ្រប់ជំនាន់ត្រូវយល់ដឹង និងចងចាំទុក។ មួយវិញទៀត គឺការរៀបចំកម្មវិធីនេះ គឺចង់បង្ហាញពីការច្នៃប្រឌិត ក្នុងការរចនាសម្លៀកបំពាក់បុរាណ ដើម្បីឲ្យត្រូវទៅតាមក្បួនខ្នាតរបស់វប្បធម៌យើង ដែលមានជាយូរយារណាស់មកហើយ។

ចំណែកឯមួយផ្នែកទៀត កម្មវិធីនេះចង់បង្ហាញអំពីការលើកកម្ពស់ នឹងឲ្យតម្លៃដល់ស្រ្តី ក្នុងការចូលរួមកិច្ចការងារក្នុងសង្គម កិច្ចការងារមនុស្សធម៌ រួមទាំងការចែករំលែកនូវចំណេះដឹងទាក់ទង និងផលប៉ះពាល់ដល់បរិស្ថាន ដោយសារការប្រើប្រាស់ថង់ផ្លាស្ទិក ជាដើម។ បេក្ខនារីទាំង ៧រូប បន្ទាប់ពីប្រកាសជាប់ជាជ័យលាភី នៅក្នុងកម្មវិធីប្រកួតប្រជែងមួយនេះ នឹងត្រូវក្លាយជាតួអង្គទេវតាឆ្នាំថ្មី ឆ្នាំឆ្លូវ ក្នុងឆ្នាំ២០២១ របស់ស្ថានីយ៍ទូរទស្សន៏ជាតិកម្ពុជា(ទទក)។

គួរជម្រាបថា កម្មវិធីនេះត្រូវបានរៀបចំ នឹងបង្កើតឡើងដោយក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធិនម៉ិន ឯ.ក ហៅកាត់ថា (FUN Entertainment) ដោយមានការចូលរួមសហការ និងគាំទ្រ ពីខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា និងមានការចូលរួមឧបត្ថម្ភផ្នែកសម្លៀកបំពាក់បុរាណដ៏ប្រណីត ពីសំអាងការ ប្រសិទ្ធិសេរីផងដែរ។

ជ័យលាភី ដែលជាធីតាឯកសង្រ្កាន្តនាឆ្នាំឆ្លូវ និងជាម្ចាស់មកុដ បានទទួលនូវកម្រងផ្កាភួងដៃ ដែលមានការរចនាយ៉ាងប្រណីតជាមួយផ្ការំដួល ពីហាងកេសរផ្កា និងបាច់ផ្កាយ៉ាងពិសេសពីហាងផ្កា Lungdy Luy ជាមួយរង្វាន់ជាទឹកប្រាក់ ៣,០០០ដុល្លារ និងវិញ្ញាបនប័ត្រពីក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក។ ចំណែកឯជ័យលាភីទី២ ក៏ទទួលបាននូវកម្រងផ្កាភួងដៃ ដែលមានការរចនាជាមួយផ្ការ័ក្ស ជាមួយរង្វាន់ជាទឹកប្រាក់ ២,០០០ដុល្លារ អមជាមួយវិញ្ញាបនប័ត្រ។ រីឯជយលាភីទី៣ ទទួលបានកម្រងផ្កាភួងដៃពិសេសជាមួយរង្វាន់ជាទឹកប្រាក់ ១,៥០០ដុល្លារ អមជាមួយវិញ្ញាបនប័ត្រ ពីក្រុមហ៊ុន ហ្វឺស យូណាយ ណេតវើក អេនធើធេនម៉ិន ឯ.ក ផងដែរ៕