(បរទេស)៖ ប្រទេសនីមួយៗនៅលើពិភពលោក តែងមានទីក្រុងមួយដែលដើរតួនាទីជារាជធានី-រដ្ឋធានីរបស់ខ្លួន។ តួយ៉ាងដូចជាប្រទេសកម្ពុជាយើងជាដើម គឺមានរាជធានីជាទីក្រុងរដ្ឋបាលតែមួយគត់របស់ខ្លួន ខណៈក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាល ក៏ដូចជាព្រះបរមរាជវាំងផងនោះ ក៏ស្ថិតនៅក្នុងរាជធានីភ្នំពេញដូចគ្នាដែរ ប៉ុន្តែក៏នៅមានប្រទេសមួយចំនួនទៀត ដែលមានរាជធានី-រដ្ឋធានីដល់ទៅពីរ ឬបីឯណោះ។

ការដែលប្រទេសទាំងនោះមានធានីដល់ទៅពីរ ឬបីដូច្នេះ គឺមានមូលហេតុជាច្រើន ខណៈប្រទេសខ្លះដោយសារតែស្ថាប័នកំពូលៗរបស់គេស្ថិតនៅទីក្រុងផ្សេងគ្នា ប្រទេសខ្លះបង្កើតធានីថ្មីបន្ថែម គឺដើម្បីរំលែកការកកស្ទះនៅធានីចាស់ ហើយមួយវិញទៀត គឺដោយសាររដ្ឋាភិបាលបានប្រកាសប្ដូររាជធានី ឬរដ្ឋធានីរបស់ខ្លួនហើយ ប៉ុន្តែស្ថាប័នកំពូលៗ ក៏ដូចជាប្រជាពលរដ្ឋរបស់ប្រទេសទាំងនោះ ហាក់មិនសូវចង់ប្ដូរទៅធ្វើការ និងរស់នៅក្នុងធានីថ្មីនោះទេ។

ខាងក្រោមនេះ គឺជាឈ្មោះប្រទេសដែលមានរាជធានី-រដ្ឋធានីលើសពីមួយ៖

១៖ ប្រទេសបេណាំង
បេណាំង (Benin) ជាប្រទេសតូចមួយស្ថិតនៅភាគខាងលិចនៃទ្វីបអាហ្រ្វិក។ រដ្ឋធានីផ្លូវការរបស់បេណាំងស្ថិតក្នុងទីក្រុងព័រតូណូវ៉ូ (Porto-Novo) ហើយស្ថាប័នអំណាចនីតិបញ្ញត្តិក៏នៅទីនោះដែរ ប៉ុន្តែស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការនៃប្រទេសនេះ បែរជាស្ថិតនៅក្នុងទីក្រុងកូតូនូ (Cotonou) ទៅវិញ ដែលទីក្រុងកូតូនូនេះទៀតសោត គឺជាទីក្រុងធំបំផុតរបស់បេណាំង។

២៖ ប្រទេសបូលីវី
ប្រទេសបូលីវី (Bolivia) ក៏ស្ថិតក្នុងក្រុមប្រទេសអាមេរិកឡាទីន។ ស្ថាប័ននីតិប្រតិបត្តិ និងនីតិបញ្ញត្តិរបស់ប្រទេសបូលីវី គឺតាំងនៅទីក្រុងឡាប៉ាស (La Paz) ប៉ុន្តែបើតាមរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ បានកំណត់យកទីក្រុងស៊ូក្រេ (Sucre) ជារដ្ឋធានីផ្លូវការរបស់ខ្លួន។ បច្ចុប្បន្ន ស្ថាប័នតុលាការកំពូលរបស់បូលីវី គឺស្ថិតនៅទីក្រុងស៊ូក្រេ។

៣៖ ប្រទេសឈីលី ឬស៉ីលី
ប្រទេសឈីលី (Chile) មានរដ្ឋធានីចំនួន ២ មួយគឺនៅទីក្រុងសាន់ត្យាហ្គោ (Santiago) និងមួយទៀតនៅទីក្រុងវ៉ាលផារេអ៉ីសូ (Valparaiso) ដោយស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការតាំងនៅក្នុងទីក្រុងសាន់ត្យាហ្គោ ចំណែកស្ថាប័ននីតិបញ្ញត្តិតាំងនៅទីក្រុងវ៉ាលផារេអ៉ីសូ។

៤៖ ប្រទេសកូតឌីវ័រ
ប្រទេសកូតឌីវ័រ (Côte d'Ivoire) ជាប្រទេសតូចមួយស្ថិតនៅភាគខាងលិចទ្វីបអាហ្វ្រិក ដែលដើមឡើយមានរដ្ឋធានីនៅទីក្រុងអាប៊ីដចាន (Abidjan)។ កាលពីឆ្នាំ១៩៨៣ ប្រធានាធិបតីទីមួយរបស់ប្រទេសនេះ បានប្រកាសយកទីក្រុងយ៉ាមូស៊ូក្រូ (Yamoussoukro) ជារដ្ឋធានីថ្មីរបស់ប្រទេសខ្លួន ប៉ុន្តែមកទល់សព្វថ្ងៃ ទីក្រុងយ៉ាមូស៊ូក្រូនៅតែមានសភាពស្ងប់ស្ងាត់ ហើយទីក្រុងអាប៊ីដចានដែលជារដ្ឋធានីដើមនោះ នៅតែជាកន្លែងរដ្ឋាភិបាលកូតឌីវ័រតាំងនៅដដែល។

៥៖ សាធារណរដ្ឋឆែក
បច្ចុប្បន្ន សាធារណរដ្ឋឆែក (Czech Republic) ក៏មានរដ្ឋធានីដល់ទៅ ២ ដែរ គឺទីក្រុងប្រាក (Prague) និងទីក្រុងបឺណូ (Brno)។ រដ្ឋាភិបាលឆែកភាគច្រើនប្រមូលផ្តុំនៅក្នុងទីក្រុងប្រាក ប៉ុន្តែស្ថាប័នតុលាការកំពូលស្ថិតនៅទីក្រុងបឺណូ។

៦៖ ប្រទេសអេស្វាទីនី
ព្រះរាជាណាចក្រអេស្វាទីនី (Eswatini) គឺជាអតីតប្រទេសស្វាស៉ីឡង់ (Swaziland) ដែលស្ថិតនៅភាគខាងលិចទ្វីបអាហ្វ្រិក។ រដ្ឋាភិបាលអេស្វាទីនីភាគច្រើនស្ថិតនៅទីក្រុងបាបាន (Mbabane) ប៉ុន្តែទីក្រុងឡូបាមបា (Lobamba) គឺជារាជធានីដែលព្រះមហាក្សត្រនៃប្រទេសនេះគង់នៅ (ព្រះចៅ អឹមស្វាទីទី៣) ហើយស្ថាប័ននីតិបញ្ញត្តិរបស់អេស្វាទីនី ក៏៏ស្ថិតនៅទីនេះដូចគ្នា។

៧៖ ម៉ាឡេស៉ី
ទីក្រុងគូឡាឡាំពួ គឺជារាជធានីផ្លូវការនៃប្រទេសម៉ាឡេស៉ី និងជាកន្លែងស្ថាប័ននីតិបញ្ញត្តិតាំងនៅ ហើយរាជវាំងធំរបស់មហាក្សត្រសហព័ន្ធម៉ាឡេស៉ី ក៏ស្ថិតនៅទីនេះដូចគ្នា ប៉ុន្តែតាមពិតទៅ ម៉ាឡេស៉ីនៅមានរាជធានីមួយទៀតនៅខាងត្បូងទីក្រុងគូឡាឡាំពួ (Kuala Lumpur) ដែលជាទីក្រុងថ្មីទើបត្រូវចាប់ផ្តើមស្ថាបនាឡើងកាលពីប៉ុន្មានទសវត្សរ៍មុន នោះគឺទីក្រុងភូត្រាចាយ៉ា (Putrajaya) ឬហៅតាមភាសាសំស្ក្រឹតថា «ទីក្រុងបុត្រាជ័យ»។ ការបង្កើតរាជធានីថ្មីនេះ គឺក្នុងគោលបំណងជួយសម្រាលបន្ទុករាជធានីគូឡាឡាំពួ។ ស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នអំណាចតុលាការរបស់ម៉ាឡេស៉ី បានប្ដូរទៅកាន់ទីក្រុងបុត្រាជ័យនេះរួចហើយ។

៨៖ ប្រទេសម៉ុងតេណេហ្គ្រោ
ដូចយើងបានដឹងហើយថា ប្រទេសម៉ុងតេណេហ្គ្រោ (Montenegro) ទើបតែនឹងបង្កើតនៅឆ្នាំ២០០៦ នេះទេ ប៉ុន្តែប្រទេសនៅភាគខាងកើតទ្វីបអឺរ៉ុបមួយនេះ ក៏មានរដ្ឋធានីដល់ទី ២ ផងដែរ គឺទីក្រុងប៉ូដហ្គោរីកា (Podgorica) និងទីក្រុងសេទីនយេ (Cetinje)។ រដ្ឋធានីផ្លូវការរបស់ម៉ុងតេណេហ្គោ គឺស្ថិតនៅទីក្រុងប៉ូដហ្គោរីកា ដែលជាកន្លែងប្រមូលផ្តុំទៅដោយក្រសួង-ស្ថាប័នរបស់រដ្ឋាភិបាល ប៉ុន្តែការិយាល័យប្រធានាធីបតីនៃប្រទេសនេះ បែរជាស្ថិតនៅទីក្រុងសេទីនយេទៅវិញ។

៩៖ ប្រទេសនែតដឺលែន
នែតដឺលែន (Netherlands) ជាប្រទេសអឺរ៉ុបភាគខាងជើងមួយដែលពីមុនយើងហៅថា ប្រទេសហូឡង់ (Holland)។ បើតាមរដ្ឋធម្មនុញ្ញហូឡង់បានកំណត់យកទីក្រុងអាំស្ទែដាំ (Amsterdam) គឺជារាជធានីផ្លូវការ។ ក៏ប៉ុន្តែការងាររបស់រដ្ឋាភិបាលហូឡង់ គឺប្រព្រឹត្តទៅនៅទីក្រុងឡាអេ (The Hague) ឯណោះទេ ហើយទីក្រុងឡាអេនេះទៀតសោត ក៏ជាកន្លែងគង់នៅរបស់រាជវង្សានុវង្សហូឡង់ផងដែរ។

១០៖ ប្រទេសអាហ្រ្វិកខាងត្បូង
អាហ្រ្វិកខាងត្បូង (South Africa) ជាប្រទេសតែមួយគត់ដែលមានរដ្ឋធានីដល់ទៅបី។ មូលហេតុនៃការបង្កើតឱ្យមានរដ្ឋធានីដល់ទៅបីនេះ គឺដើម្បីចែករំលែកអំណាច។ កាលពីសម័យមុន ទីក្រុងខេបថោន (Cape Town) គឺជារដ្ឋធានីនៃតំបន់អាណានិគមរបស់ចក្រភពអង់គ្លេស ហៅថា ខេបខូឡូនី (Cape Colony) ហើយបច្ចុប្បន្នស្ថាប័នអំណាចនីតិបញ្ញត្តិរបស់អាហ្រ្វិកខាងត្បូង គឺតាំងនៅទីក្រុងនេះដដែល។ ចំណែកឯស្ថាប័នកំពូលៗដទៃទៀត ត្រូវបានបែងចែកឱ្យតាំងនៅទីក្រុងប្រេតូរីយ៉ា (Pretoria) ខ្លះ និងនៅទីក្រុងប៊្លូមហ្វុនតេន (Bloemfontein) ខ្លះ។

១១៖ ប្រទេសស្រីលង្កា
ប្រទេសស្រីលង្កា (Sri Lanka) ជាប្រទេសចំណាស់មួយនៅទ្វីបអាស៉ី ដែលបច្ចុប្បន្នប្រទេសនេះមានរដ្ឋធានីដល់ទៅពីរផងដែរ។ រដ្ឋធានីមួយស្ថិតនៅទីក្រុងកូឡុំបូ (Colombo) និងទីក្រុងស្រីជ័យវឌ្ឍនាបុរៈកុដិ (Sri Jayawardenapura Kotte) ដែលទីក្រុងនេះ គឺជារដ្ឋធានីផ្លូវការរបស់ស្រីលង្កា ហើយជាកន្លែងដែលស្ថាប័ននីតិបញ្ញត្តិតាំងនៅ។ ចំណែកស្ថាប័ននីតិប្រតិបត្តិ និងស្ថាប័នតុលាការ គឺស្ថិតនៅទីក្រុងកូឡុំបូ។

១២៖ ប្រទេសតង់សានី
ប្រទេសតង់សានី (Tanzania) ជាប្រទេសមួយស្ថិតនៅភាគខាងកើតទ្វីបអាហ្វ្រិក។ តាំងតែពីឆ្នាំ១៩៧៣ រដ្ឋាភិបាលប្រទេសនេះបានប្រកាសផ្លាស់ប្តូររដ្ឋធានីពីទីក្រុងដាអេសសាឡឹម (Dar es Salaam) ដែលនៅតំបន់ឆ្នេរ ហើយបានកំណត់យកទីក្រុងដូដូម៉ា (Dodoma) ដែលនៅតំបន់ភាគកណ្តាល ធ្វើជារដ្ឋធានីថ្មីរបស់ខ្លួនវិញ។
ទោះជាយ៉ាងណា រហូតមកទល់ឥលូវ ស្ថាប័នរដ្ឋាភិបាលភាគច្រើនរបស់តង់សានីនៅតែបន្តស្ថិតនៅទីក្រុងដាអេសសាឡឹមដដែល ជាហេតុធ្វើឲ្យប្រទេសភាគខាងកើតទ្វីបអាហ្វ្រិកមួយនេះមានរដ្ឋធានីពីរនឹងគេដែរ៕