(ភ្នំពេញ)៖ អ្នកដឹកនាំសម្តែងភាពយន្តប្រចាំផលិតកកម្មហង្សមាស លោកកៅ សីហា ទើបតែទទួលការធ្វើតេស្តសំណាករកជំងឺកូវីដ-១៩ ជាលើកទី២ បន្ទាប់ពីលទ្ធផលលើកទី១បង្ហាញថា អវិជ្ជមានកូវីដ-១៩។ ទន្ទឹមគ្នានេះ លោកក៏បានសំណូមពរដល់ប្រជាពលរដ្ឋខ្មែរថែទាំសុខភាព និងរួមគ្នាប្រឆាំងកូវីដ-១៩ផងដែរ។

តាមរយៈបណ្តាញសង្គមផ្លូវការរបស់អ្នកដឹកនាំរឿងល្បីឈ្មោះ កៅ សីហា បានបង្ហាញរូបភាពជាច្រើនសន្លឹក ពេលទៅធ្វើតេស្តលើកទី២ ភ្ជាប់ជាមួយនឹងសារថា «បន្ទាប់ពីពិនិត្យកំហាកលើកទី១ មានលទ្ធផលអវិជ្ជមាន និងចូលរួមធ្វើចត្តាឡីស័កខ្លួនឯងគ្រប់១៤ថ្ងៃរួចមក ថ្ងៃនេះខ្ញុំបានមកពិនិត្យកំហាកជាលើកទី២ ជាមួយក្រុមគ្រួសារហង្សមាស»

លោកបន្តថា «ទោះយ៉ាងណា យើងខ្ញុំនៅបន្តចត្តាឡីស័កបន្ថែមទៀត មុនលទ្ធផលចេញមក។ ជូនពរបងប្អូនមានសុខភាពល្អ រឹងមាំ ប្រឆាំងនឹងមេរោគចង្រៃកូវីដយកឈ្នះវាឲ្យបានគ្រប់ៗគ្នា។ គ្រួសារហង្សមាសត្រូវតែរឹងមាំ»

លោក កៅ សីហា បានធ្វើចត្តាឡីស័ក និងធ្វើតេស្តបន្ទាប់ពីបានពាក់ព័ន្ធជាមួយតារាចម្រៀងមួយចំនួននៅផលិតកម្មរស្មីហង្សមាស ដែលបានរកឃើញថាមានវិជ្ជមានកូវីដ-១៩។ យ៉ាងណាមិញ មហាជនក៏ដូចជាអ្នកសិល្បៈ បានជូនពរដល់អ្នកដែលទៅធ្វើតេស្តទាំងអស់ រួមទាំងលោក កៅ សីហា ផងនោះ រួចផុតពីជំងឺកូវីដ-១៩។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៦៣២នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៣៥នាក់, អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៦៩២នាក់, ស្លាប់ចំនួន ៣នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕