(ភ្នំពេញ)៖ កម្មវិធីប្រកួតសម្រស់និងសមត្ថភាព «Miss Grand International» ២០២១ កំពុងតែប្រព្រឹត្តិទៅយ៉ាងរលូន ដែលមានប្រទេសថៃធ្វើជាម្ចាស់ផ្ទះ ខណៈនៅព្រឹកមិញនេះ គឺដល់វគ្គប្រកួតក្នុងឈុតហែលទឹកហើយ។ ទន្ទឹមគ្នានេះ ងាកមកបវរកញ្ញាតំណាងប្រទេសកម្ពុជា កញ្ញា លីវ ជីលី វិញ ហាក់បង្ហាញភាពជឿជាក់យ៉ាងខ្លាំង អំឡុងពេលបង្ហាញសមត្ថភាពលើឆាក ក្នុងឈុតហែលទឹក ជាមួយដំណើរយ៉ាងស្វាហាប់ប្រកបដោយភាពរស់រវើក។

មហាជនខ្មែរដែលជាអ្នកគាំទ្របវរកញ្ញាកម្ពុជា ហាក់សម្តែងក្តីមោទនភាពគ្រប់គ្នាទៅលើកញ្ញា លីវ ជីលី ដោយអះអាងថា កញ្ញាធ្វើបានយ៉ាងល្អ និងមានភាពលេចធ្លោរពីមួយវគ្គទៅមួយវគ្គ ត្បិតថានាងចំណាយពេលតិចតូចក្នុងការត្រៀមខ្លួនទៅប្រកួតលើឆាកអន្តរជាតិក៏ពិតមែន តែនាងមានទឹកចិត្តក្លាហាន ក្នុងការទទួលតំណែងមួយនេះ តាមរយៈការបង្ហាញទេពកោសល្យយ៉ាងអស់ពីសមត្ថភាពតែម្តង។

ជាក់ស្តែង នៅរាត្រីថ្ងៃទី១៩ ខែមីនាកន្លងទៅ អ្វីដែលគ្រប់គ្នានឹកស្មានមិនដល់នោះ គឺកញ្ញា លីវ ជីលី បវរកញ្ញាតំណាងកម្ពុជា ទទួលបានពិន្ទុយ៉ាងច្រើន ឈរនៅលំដាប់ទី១នាំមុខគេ ក្នុងការបោះឆ្នោត «Country choice of the year» តាមពីក្រោយដោយបវរកញ្ញាមកពីប្រទេសឥណ្ឌូនេស៉ី, កូឡំប៊ី, អេក្វាដ័រ និងប្រេស៉ីល ដែលមានឱកាសឈានទៅ Top20 នៃវគ្គផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ។

គួរជម្រាបថា បវរកញ្ញាកម្ពុជា កញ្ញាលីវ ជីលី ដែលកំពុងប្រកួតក្នុងកម្មវិធី «Miss Grand International» ២០២១ នៅប្រទេសថៃនោះ បាននឹងកំពុងតែបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងល្អ និងត្រូវបានមហាជនកោសសរសើរគ្រប់មាត់ពីភាពក្លាហានរបស់នាង ត្បិតតំណែងនេះដំបូងឡើយមិនមែនជារបស់នាងក្តី តែនាងធ្លាប់អះអាងថា វាជាកាតព្វកិច្ចដែលត្រូវទទួល បន្ទាប់ពីបេក្ខនារីដែលត្រូវទៅប្រកួត បោះបង់តំណែងនេះចោល។

ការប្រឡងបរវកញ្ញា «Miss Grand International» ឆ្នាំ២០២០ នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ខណៈបច្ចុប្បន្នបេក្ខនារីទាំងអស់កំពុងបន្តការប្រកួត នូវវិញ្ញាសារបន្តបន្ទាប់ទៀត។ ដោយឡែកសម្រាប់បេក្ខនារីពីរនាក់មកពីនីហ្សេរីយ៉ា និងកេនយ៉ា ដែលកំពុងព្យាបាលជំងឺកូវីដ-១៩ នៅមិនទាន់មានព័ត៌មានអ្វីថ្មីបន្ថែមទៀតឡើយ៕