(ភ្នំពេញ)៖ តារាចម្រៀង វី ឌីណែត ដែលបានបាត់បង់ម្តាយជាទីស្រឡាញ់នោះ បានសម្តែងការដឹងគុណចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចទាំងទ្វេរ មានក្តីសណ្តោស ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសាររបស់នាង ដែលកំពុងមានទុក្ខជាទម្ងន់។

កញ្ញា វី ឌីណែត បានសរសេរសារលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «នាងខ្ញុំ វី ឌីណែត តំណាងលោកប៉ា ហួរ ឡាវី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតី ហ៊ុន សែន និងសម្ដេចកិត្តិព្រិទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ញើថវិកា ចូលរួមរំលែកទុក្ខក្នុងមរណភាព អ្នកម៉ាក់ ងួន សុផាន្នី ដោយជំងឺ Covid-19»។

កញ្ញា បានបន្តថា «នាងខ្ញុំ និងក្រុមគ្រួសារ សូមគោរពជូនពរសម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមជួបប្រទះតែសេចក្តីសុខ សុខភាពល្អ អាយុយឺនយូរ និងសំរេចគ្រប់ភារកិច្ច ដឹកនាំមាគ៌ាកម្ពុជាតទៅមុខទៀត ពិសេសជៀសឆ្ងាយពីជំងឺដ៏កាចសាហាវមួយនេះ»។

ពិតណាស់ ការស្លាប់របស់អ្នកស្រី ងួន សុផាន្នី ដែលត្រូវជាភរិយារបស់តារាចម្រៀងជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់កញ្ញា វី ឌីណែត បានធ្វើឲ្យមហាជនមានក្តីសង្វេគដល់ក្រុមគ្រួសារនាងជាខ្លាំង ត្បិតមិនអាចឃើញមុខម្តាយជាទីស្រឡាញ់ សូម្បីតែវិនាទីចុងក្រោយ ដោយសារជំងឺកាចសាហាវកូវីដ-១៩។

សូមបញ្ជាក់ថា អ្នកស្រី នួន សុផាន្នី ភរិយារបស់តារាជើងចាស់ ហួរ ឡាវី និងត្រូវជាម្តាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ អំឡុងពេលសំរាកព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យ។

អ្នកស្រី នួន សុផាន្នី ត្រូវបានរកឃើញកើតជំងឺកូវីដ១៩ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ អ្នកស្រី បានឆ្លងជំងឺនេះ ពីកូនស្រីគឺកញ្ញា វី ឌីណែត។
បច្ចុប្បន្នកញ្ញា វី ឌីណែត និងប្អូនស្រី កំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ ខណៈលោក ហួរ ឡាវី និងសមាជិកគ្រួសារដទៃទៀតត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក។ កញ្ញា វី ឌីណែត និងក្រុមគ្រួសារបានត្រឹមធ្វើបុណ្យឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធ នួន សុផាន្នី តាមប្រព័ន្ធវីដេអូប៉ុណ្ណោះ៕