(តូក្យូ)៖ អ្នកគាំទ្រមកពីក្រៅប្រទេស នឹងត្រូវបានហាមឃាត់ចូលរួមក្នុងព្រឹត្តិការណ៍ Tokyo Olympics នៅក្នុងឆ្នាំនេះ ដោយសារតែមានការព្រួយបារម្ភ ពីជំងឺ COVID-19, នេះបើតាមអ្នករៀបចំកម្មវិធី បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១នេះ។
អ្នករៀបចំ Tokyo 2020 បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដើម្បីផ្តល់ភាពច្បាស់លាស់ ដល់អ្នកកាន់សំបុត្រ ដែលកំពុងរស់នៅឯបរទេស និងដើម្បីអាចឲ្យពួកគេអាចកែតម្រូវ ផែនការធ្វើដំណើររបស់ពួកគេ នៅដំណាក់កាលនេះ, ភាគីខាងជប៉ុន បានសម្រេចថា ពួកគេនឹងមិនអាចចូលក្នុងប្រទេសជប៉ុនបានទេ នៅពេលព្រឹត្តិការណ៍ Olympic និង Paralympic Games ធ្វើឡើង»។
សេចក្តីថ្លែងការណ៍បានបន្ថែមថា គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ «បានគាំទ្រយ៉ាងពេញទំហឹង និងទទួលយកនូវការសម្រេចចិត្តនេះ»។
សំបុត្រចូលទស្សនា សម្រាប់ព្រឹត្តិការណ៍កីឡានេះ ប្រមាណ៦០០,០០០សន្លឹក និងសំបុត្រ៣០០,០០០ផ្សេងទៀត សម្រាប់ព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក ត្រូវបានប្រគល់ប្រាក់ឲ្យអ្នកបានទិញវិញ, នេះបើតាមការបញ្ជាក់ពីប្រធានប្រតិបត្តិក គណៈកម្មាធិការរៀបចំកម្មវិធី៕