(ប៉ារីស)៖ ក្រសួងកីឡានៃប្រទេសបារាំង បានអនុញ្ញាតឲ្យកីឡាករបរទេសទាំងអស់ដែលបានកំពុងលេងនៅក្នុងលីគ Ligue 1 និងលីគ Ligue 2 អាចទៅចូលរួមប្រកួតជាមួយនឹងក្រុមជម្រើសជាតិខ្លួនបាន សម្រាប់វគ្គជម្រុះ World Cup 2022 ទាំងនៅខាងក្រៅទ្វីបអឺរ៉ុប ដោយលើកលែងឲ្យពួកគេ មិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ នៅពេលត្រឡប់មកវិញ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១។
ក្រសួងកីឡាខាងលើបានអះអាងថា កីឡាករអន្តរជាតិដែលវិលត្រឡប់មកពីការប្រកួតផ្លូវការ នៅខាងក្រៅសហភាពអឺរ៉ុប ជាមួយនឹងក្រុមជម្រើសជាតិរបស់ពួកគេ, មិនថាជនជាតិបារាំង ឬបរទេសនោះទេ, ត្រូវបានលើកលែង ពីការរស់នៅដាច់ដោយឡែកពីគេ រយៈពេល៧ថ្ងៃ ដរាបណាពួកគេគោរពតាមពិធីសារអនាម័យ និងវេជ្ជសាស្ត្រយ៉ាងតឹងរឹង (ត្រូវធ្វើតេស្ត PCR ជាប្រចាំថ្ងៃ នៅពេលពួកគេត្រឡប់មកកាន់ក្លិបវិញ)», នេះបើតាមការលើកឡើង របស់ក្រសួងកីឡា។ ក្រសួងបន្ថែមថា «ពួកគេអាចហ្វឹកហាត់ និងប្រកួត ដោយមិនចាំបាច់រស់នៅដាច់ពីគេ រយៈពេល៧ថ្ងៃនោះទេ»។
គួររំលឹកថា កាលពីដើមសប្តាហ៍នេះ, លីគរបស់បារាំង បានលើកឡើងថា ក្លិបដែលលេងនៅ Ligue 1 និង Ligue 2 មិនអាចឲ្យកីឡាករបរទេស ទៅចូលរួមប្រកួត នៅតំបន់ក្រៅសហភាពអឺរ៉ុប ក្នុងការប្រកួតអន្តរជាតិ នាពេលខាងមុខបាននោះទេ នៅអំឡុងពេលមីនានេះ។
FIFA បានលើកឡើងកាលពីខែមុនថា ក្លិបបាល់ទាត់ មិនត្រូវបានគេរំពឹងថា នឹងអនុញ្ញាតឲ្យកីឡាកររបស់ខ្លួន ចូលរួមប្រកួតក្នុងវគ្គជម្រុះ World Cup នោះទេ ប្រសិនបើតម្រូវឲ្យមាន ការរស់នៅដាច់ដោយឡែកពីគេ យ៉ាងហោចណាស់៥ថ្ងៃ នៅពេលដែលពួកគេទៅដល់ប្រទេស ដែលក្លិបពួកគេលេង ឬក៏ប្រទេសដែលជាទីកន្លែងពួកគេ ត្រូវចូលរួមប្រកួតនោះ៕