(ភ្នំពេញ)៖ ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិរស់រានមានជីវិតប្រកបដោយសេរីភាព កិត្តិយស សេចក្ដីថ្លៃថ្នូរ និងត្រូវបានធានារ៉ាប់រងមិនឱ្យមានការរំលោភបំពានលើរូបរាងកាយណាមួយឡើយ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ច្បាប់កំពូលនេះ ក៏បានហាមឃាត់យ៉ាងដាច់ខាតចំពោះអំពើលក់-ដូរមនុស្ស អំពើធ្វើអាជីវកម្មផ្នែកពេស្យាកម្ម ឬអំពើអាសអាភាស ដែលធ្វើប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្រ្តី និងកុមារ។
យ៉ាងណាមិញ ក្រុមមនុស្សដែលងាយរងគ្រោះនឹងបញ្ហាលក់-ដូរមនុស្សដោយខុសច្បាប់នេះ ភាគច្រើនកើតចេញពីកត្តាសេដ្ឋកិច្ច កង្វះការអប់រំ និងកង្វះការយកចិត្តទុកដាក់ពីក្រុមគ្រួសារជាដើម។ ដូច្នេះហើយ ទើបព្រះរាជាណាចក្រកម្ពុជាបានបង្កើតឱ្យមានច្បាប់ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ក្នុងឆ្នាំ២០០៨ និងចូលជាសមាជិកក្នុងអនុសញ្ញាអន្តរជាតិដែលពាក់ព័ន្ធនានា ក៏ដូចជាបានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដើម្បីចាត់វិធានការទប់ស្កាត់អំពើទុច្ចរិតនេះយ៉ាងមុតមាំ។
តើអំពើ និងសកម្មភាពបែបណាដែលត្រូវបានចាត់ទុកថាជាអំពើលក់-ដូរមនុស្ស? ហើយជនដែលប្រព្រឹត្តអំពើនេះ ត្រូវទទួលទោសតាមច្បាប់កម្រិតណា?
កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីអំពី «អំពើលក់-ដូរមនុស្ស» មកចែករំលែក ជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិត ទាំងអស់ ដូចខាងក្រោម៖
យោងមាត្រា១៣ កថាខណ្ឌ១ នៃច្បាប់ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨ «អំពើលក់-ដូរមនុស្ស» ជាការប្រគល់ការគ្រប់គ្រងលើជនណាម្នាក់ទៅអ្នកដទៃដោយខុសច្បាប់ ឬ ការទទួលយកការគ្រប់គ្រងលើជនណាម្នាក់ពីអ្នកដទៃដោយខុសច្បាប់ ដោយផ្លាស់ប្តូរនឹងវត្ថុមានតម្លៃអ្វីមួយ ដោយរាប់បញ្ចូលទាំងសេវា និងមនុស្សផង។ ស្រដៀងគ្នានេះដែរ អនុសញ្ញាអាស៊ានស្ដីពីការប្រឆាំងនឹងការជួញដូរមនុស្ស ជាពិសេសស្រ្ដី និងកុមារ ដែលមានប្រទេសកម្ពុជាជារដ្ឋភាគីផងនោះ ក៏ពុំបានគាំទ្រលើជនខិលខូចដែលប្រព្រឹត្តបទល្មើសដែលមានសកម្មភាពដូចជា ការផ្ទេរ ឬទទួលជនណាម្នាក់ តាមរយៈការគំរាមកំហែង ឬបោកបញ្ឆោត ឬផ្ដល់ប្រយោជន៍នានា ដើម្បីសម្រេចបានការយល់ព្រមនៃមនុស្សម្នាក់ដែលមានអំណាចត្រួតត្រាលើមនុស្សណាម្នាក់ទៀត ក្នុងគោលបំណងកេងប្រវ័ញ្ចលើរូបរាងកាយ ផ្លូវភេទ ពលកម្ម សេវាដោយបង្ខំ ឬ ការដកហូតសរីរាង្គជាដើម។
ជាក់ស្ដែងយើងសង្កេតឃើញថា អំពើលក់-ដូរមនុស្សបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះសិទ្ធិសេរីភាពរបស់បុគ្គលដែលត្រូវបានគេយកទៅលក់ ក៏ដូចជាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈផងដែរ។ ដូចនេះហើយ សកម្មភាពខាងលើត្រូវបានចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌ ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ តាមមាត្រា១៤ នៃច្បាប់ស្ដីពីការបង្រ្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ឆ្នាំ២០០៨។
មាត្រា១៣ ត្រង់កថាខណ្ឌ២ នៃច្បាប់នេះដដែល ក៏បានបញ្ជាក់ផងដែរថា ជនណាដែលធ្វើជាភ្នាក់ងារកណ្ដាលនៃការលក់-ដូរមនុស្ស ត្រូវផ្ដន្ទាទោសដូចគ្នាទៅនឹងជនដែលប្រព្រឹត្តអំពើលក់-ដូរមនុស្សដោយផ្ទាល់ដែរ។ បន្ថែមពីលើនេះទៅទៀត ក្នុងករណីដែលការលក់-ដូរមនុស្សនេះ ធ្វើឡើងក្នុងគោលបំណងស្វែងរកប្រយោជន៍ ឈ្លានពានខាងផ្លូវភេទ ផលិតរូបភាពអាសអាភាស រៀបអាពាហ៍ពិពាហ៍ដែលផ្ទុយពីឆន្ទៈរបស់ជនរងគ្រោះ ស្មុំកូន ប្រគល់ ឬនាំយកទៅក្រៅព្រះរាជាណាចក្រកម្ពុជា ឬ ទម្រង់នៃការកេងប្រវ័ញ្ចផ្សេងៗទៀត នោះស្ថានទម្ងន់ទោសនឹងកើនឡើងទៅជាការដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ។
ការផ្ដន្ទាទោសខាងលើនេះ នឹងកើនឡើងរហូតដល់ ១៥ (ដប់ប្រាំ) ឆ្នាំ ទៅ ២០ (ម្ភៃ) ឆ្នាំ ក្នុងករណីដែល៖
* ជនរងគ្រោះជាអនីតិជន។
* អំពើល្មើសប្រព្រឹត្តឡើង ដោយមន្ត្រីសាធារណៈ ដែលបំពានដោយអំណាចរបស់ខ្លួនមកលើជនរងគ្រោះ។
* អំពើល្មើសប្រព្រឹត្តឡើង ដោយក្រុមមានការចាត់តាំង។
សរុបមកវិញ ប្រសិនបើជនណាម្នាក់បានប្រព្រឹត្តអំពើល្មើសដូចខាងលើនេះ ត្រូវចាត់ទុកថាជាអំពើលក់-ដូរមនុស្ស និងត្រូវទទួលការផ្ដន្ទាទោសយ៉ាងធ្ងន់ធ្ងរតាមច្បាប់ជាធរមាន។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមក្នុងការទប់ស្កាត់អំពើខុសច្បាប់ខាងលើ ប្រជាពលរដ្ឋម្នាក់ៗជួយផ្សព្វផ្សាយចំណេះដឹងអំពីបញ្ហានេះទៅកាន់អ្នកដទៃ ជាពិសេសទៅកាន់ប្រជាពលរដ្ឋដែលរស់នៅតាមទីជនបទ។
អាចណែនាំកុមារ និងអាណាព្យាបាល អំពីសកម្មភាពនានាអំពីការលក់-ដូរមនុស្ស ដើម្បីឱ្យពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងពីការបោកប្រាស់របស់ជនខិលខូចដែលឆ្លៀតឱកាស។ ជាពិសេសអាចពន្យល់ណែនាំទៅកាន់ឪពុកម្ដាយ ឬអាណាព្យាបាល អំពីបទល្មើសនៃការលក់-ដូរកុមារ ដើម្បីឱ្យពួកគាត់មានការភ័យខ្លាច មិនហ៊ានប្រព្រឹត្ត និងបង្កើនការប្រុងប្រយ័ត្នចំពោះជនដែលងាយទទួលរងគ្រោះ ទោះបីជាក្នុងកាលៈទេសៈណាមួយក៏ដោយ៕
រៀបរៀងដោយ៖ កញ្ញាមេធាវី ទ្រី ស្រីល័ក្ខណ និងកញ្ញា គន្ធ វិជិតា ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ភូមិឧកញ៉ាវាំង(អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥, អ៉ីម៉ែល៖[email protected] គេហទំព័រ៖ www.ciclg.com, ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group.