(ភ្នំពេញ)៖ ទស្សនិកជនមួយចំនួនប្រហែលជាប្លែកអារម្មណ៍ហើយ នៅពេលឮពាក្យថា អ្នកប្រដាល់តាមភូមិ ខណៈលោក ឌី វ៉ាន់ដា ដំបូងឡើយ គឺជាអ្នកប្រដាល់តាមភូមិមួយរូប ដែលបច្ចុប្បន្នបានវិវត្តន៍ខ្លួនទៅជាតារាសម្តែង និងជាតារាម៉ូដែលមួយរូប ដែលកំពុងមមាញឹកខ្លាំងក្នុងវិស័យសិល្បៈ។ ជាក់ស្តែង ថ្មីៗនេះលោកបានបង្ហាញពីជីវប្រវត្តិតស៊ូរបស់ខ្លួន ក្នុងការវត្តន៍ទៅក្នុងវិស័យសិល្បៈ តាមរយៈចូលរួមក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា»។
តាមរយៈការសាកសួរពីសំណាក់ពិធីករ-ពិធីការិនី ក្នុងកម្មវិធីនេះ លោក ឌី វ៉ាន់ដា បានឲ្យដឹងថា ទំរាំបានក្លាយជាតារាសម្តែងដូចបច្ចុប្បន្ន ដំបូងឡើយលោកគឺជាកីឡាករប្រដាល់តាមភូមិមួយរូប ពោលគឺកាលនៅវ័យជំទង់ លោកបានរៀនវ៉ៃប្រដាល់ ដែលមានអ៊ុជាអ្នកជួយបង្ហាត់បង្រៀន។ កាលណោះ រាល់ពេលមានពិធីបុណ្យទានអ្វីមួយ គឺតែងតែមានការរៀបចំកម្មវិធីប្រដាល់ ដែលត្រូវបានរៀបចំឡើងនៅតាមទីវត្តអារាម ហើយលោកក៏បានចូលរួមក្នុងកម្មវិធីនោះដែល ជាហេតុធ្វើឲ្យជាប់ឈ្មោះថាជា កីឡាករប្រដាល់តាមភូមិ។
ត្បិតស្រឡាញ់នូវអាជីពប្រដាល់តាំងពីក្មេងក្តី តែនៅថ្ងៃមួយ លោក ឌី វ៉ាន់ដា ដាច់ចិត្តចូលរួមក្នុងកម្មវិធីម៉ូដែលមួយ ផ្នែកបុរស ដែលមានឈ្មោះថាការប្រឡងក្នុងកម្មវិធី «Mister Cambodia» ហើយនៅទីបំផុតក៏ទទួលបានចំណាត់ថ្នាក់លេខ១ និងបានក្លាយជាតំណាងប្រទេសកម្ពុជា ទៅចូលរួមប្រកួតក្នុងកម្មវិធីកម្មវិធី «Mister Globle» ដែលជាកម្មវិធីមួយលក្ខណៈអន្តរជាតិ មានការចូលរួមពីបេក្ខជនមកបណ្តាប្រទេសចំនួន៣៨ ដែលកាលណោះមានប្រទេសថៃជាម្ចាស់ផ្ទះ។ លោកថា កាលទៅចូលរួមប្រកួតនោះលោកទើបតែមានអាយុ២២ឆ្នាំប៉ុណ្ណោះ។
បន្ទាប់ពីត្រឡប់ពីការប្រកួតកម្មវិធីនេះ លោកក៏បានវិវត្តន៍ខ្លួនបន្តទៀត ទៅជាតារាសម្តែង ពោលគឺត្រូវបានផលិតករហៅឲ្យចូលរួមសម្តែងរឿងភាគ ដែលចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍នានា។ ជាក់ស្តែង ស្នាដៃសម្តែងរឿងភាគដំបូងរបស់លោក គឺរឿង «សន្យាស្នេហ៍» ដែលចាក់បញ្ចាំងនៅទូរទស្សន៍បាយ័ន។ លោកថា តាមរយៈការសម្តែងរឿងលើកដំបូងនេះ គឺបានទទួលការរៀនសូត្រច្រើន តាមរយៈការសម្តែងរឿងនេះ។
យ៉ាងណាមិញ តារារូបនេះអះអាងថា ការសម្តែងឈុតស្នេហាផ្អែមល្ហែមមិនសូវសម្តែងបានល្អទេ តែបើឈុតវ៉ៃ កោងកាច គឺសម្តែងសម ត្បិតអីខ្លួនជាអ្នកប្រដាល់ចូលចិត្តសម្តែងវ៉ៃគ្នាស្រាប់។ ចាប់ផ្តើមថតតាំងពីឆ្នាំ២០១៨ លោកឌី វ៉ាន់ដា បន្ថែមថា សរុបទៅលោកបានចូលរួមសម្តែងរឿងភាគ ប្រហែល៦រឿងធំៗហើយ និងកំពុងថតរឿងបន្តបន្ទាប់ទៀត។
គួរជម្រាបថា ត្បិតចាប់យកអាជីពសម្តែងដូចបច្ចុប្បន្ន តែអាជីពប្រដាល់ តារារូបនេះនៅតែហាត់រៀងរាល់ថ្ងៃ ព្រោះជាការងារដែលស្រឡាញ់តាំងពីក្មេង ពោលគឺមិនដែលបោះបង់ទេ ហើយលោកបានបង្ហាញក្តីសង្ឃឹមថាថ្ងៃណាមួយ នឹងបានសម្តែងរឿងដែលមានឈុតវ៉ៃប្រដាល់គ្នា៕