(ក្រុងឡុងដ៍)៖ ក្រុមកញ្ជ្រោងខៀវ Leicester City បន្តឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន FA Cup ជាលើកទី១ ក្រោយរង់ចាំអស់រយៈពេល ៣៩ឆ្នាំ នៅពេលយកឈ្នះគូប្រជែង Manchester United ៣-១ ពីក្នុងវគ្គ ៨ក្រុមចុងក្រោយនៅកីឡដ្ឋាន King Power នារាត្រីថ្ងៃអាទិត្យ ទី២១ ខែមីនា ឆ្នាំ២០២១។

ខ្សែប្រយុទ្ធ Kelechi Iheanacho រកបាន ២គ្រាប់នៅនាទី២៤ និងនាទី៧៨ នៅពេលមិត្តរួមក្រុម Youri Tielemans រកបាន ១គ្រាប់ដែរនៅនាទី៥២ ក្នុងប្រកួតដែល Maso Greenwood រកបានតែ ១គ្រាប់ឲ្យក្រុមភ្ញៀវបិសាចក្រហម Mancehster United នៅនាទីចុងម៉ោងនៃវគ្គទី១។

ក្រុមរបស់លោក Brendan Rodgers នឹងត្រូវប្រជែងទល់នឹងក្រុមមកពី Premier League ដូចគ្នារួមមាន Southampton, Manchester City និងតោខៀវ Chelsea ក្នុងវគ្គ ៤ក្រុមនៃ FA Cup ក្នុងពិធីចាប់ឆ្នោតនៅរាត្រីថ្ងៃចន្ទ ទី២២ ខែមីនា ឆ្នាំ២០២១ នេះ។

FA Cup ជាពានទី១ ដែល Leicester ត្រូវធ្វើការប្រជែងក្នុងរដូវកាលនេះ គ្រាដែលពាន Premier League ហាក់នៅឆ្ងាយ ក្រៅពីប្រជែងកៅអីលេងពានអឺរ៉ុបសម្រាប់រដូវកាលក្រោយ ដ្បិត Man Utd របស់លោក Ole នៅសល់ពាន Premier League និង UEFA Europa League ដែលត្រូវប៉ះ Granada ក្នុងវគ្គ ៨ក្រុមចុងក្រោយនោះ៕