(អាមេរិក)៖ លោក Elon Musk បានប្រកាសថា បើសិនជារថយន្តរបស់ក្រុមហ៊ុន Tesla បង្កើតឡើងក្នុងគោលដៅ ឬប្រើសម្រាប់ធ្វើចារកម្មលើប្រទេសចិន នោះលោកនឹងបិទក្រុមហ៊ុន Tesla។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Verge នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះបានប្រកាសនៅក្នុងវេទិកា China Development Forum ថា បើសិនជាក្រុមហ៊ុន Tesla បានធ្វើចារកម្មលើប្រទេសចិន នោះលោកនឹងបិទក្រុមហ៊ុន Tesla ភ្លាម ដែលការប្រកាសរបស់លោកត្រូវបានធ្វើឡើង ក្រោយពេលសារព័ត៌មាន Reuters បានចេញផ្សាយថា រដ្ឋាភិបាលចិនបានហាមឃាត់វត្តមានរថយន្ត Tesla នៅក្នុងមូលដ្ឋានកងទ័ព ហើយសូម្បីតែមន្ត្រីរដ្ឋាភិបាលក៏ហាមឃាត់មិនឲ្យប្រើរថយន្តរបស់ក្រុមហ៊ុននេះផងដែរ ដោយសារព្រួយបារម្ភលើសុវត្ថិភាព និងហានិភ័យទិន្នន័យសំខាន់ៗ។

លោក Elon Musk ក៏បានអះអាងផងដែរថា រថយន្តរបស់ក្រុមហ៊ុន Tesla មិនត្រូវបានបង្កើតឡើងដើម្បីធ្វើចារកម្មលើប្រទេសណាមួយឡើយ កុំថាឡើយប្រទេសចិននោះ ហើយបើរកឃើញមែន លោកនឹងបិទក្រុមហ៊ុនភ្លាម។

ចិនគឺជាប្រទេសមួយដែលមានទីផ្សាររថយន្ត Tesla ខ្ពស់ ដោយការពីឆ្នាំ ២០២០ រថយន្ត Tesla ចំនួនជិត ១៥ម៉ឺនគ្រឿង ត្រូវបានលក់នៅក្នុងប្រទេសនេះ ដោយស្មើនឹង ៣០ភាគរយនៃចំនួនដែលបានលក់សរុបនៅជុំវិញពិភពលោក។

គួរបញ្ជាក់ផងដែរថា នៅចុងសប្តាហ៍មុននេះ សារព័ត៌មានធំៗមួយចំនួនបានចេញផ្សាយថា រដ្ឋាភិបាលចិន បានបង្ហាញក្ដីបារម្ភទៅលើក្រុមហ៊ុន Tesla និងបានហាមឃាត់វត្តមានរបស់របស់ក្រុមហ៊ុននេះនៅកន្លែងមូលដ្ឋានទ័ព ដោយខ្លាចមានបំពាក់កាមេរ៉ាដែលអាចប្រមូលយកនូវទិន្នន័យសំខាន់ៗ និងទិន្នន័យរសើបៗផ្សេងៗបញ្ជូនទៅកាន់ សហរដ្ឋអាមេរិក៕