(ភ្នំពេញ)៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC បានប្រកាសលើកការប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៣ ចំនួន២គូទៀតហើយ គឺជំនួបរវាងក្រុមសូលទីឡូអង្គរ ទល់នឹងក្រុមគិរីវង់សុខសែនជ័យ និងក្រុមអង្គរថាយហ្គឺរ ជាមួយក្រុមបឹងកេត នៅកីឡដ្ឋាន SRU ខេត្តសៀមរាប ដែលនាំឲ្យការប្រកួតសប្ដាហ៍នេះ នៅសល់តែ ១ប្រកួតប៉ុណ្ណោះរវាងក្រុមអាស៊ីអឺរ៉ុប ជាមួយក្រុមកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១។

តាមសេចក្ដីជូនដំណឹងរបស់ CNCC កាលពីរាត្រីថ្ងៃអាទិត្យម្សិលមិញ ការលើកពេលនេះ គឺដោយយោងតាមលិខិតប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ដសៀមរាប ស្ដីពីការផ្អាកបណ្ដោះអាសន្ននូវការចរាចរណ៍ចេញ-ចូល ចំពោះប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប បន្ទាប់ពីមានបុរសមានវិជ្ជមានកូវីដ-១៩ បានធ្វើដំណើរពីខេត្តកណ្ដាល ទៅផ្ទះស្ថិតនៅភូមិគោកត្នោត សង្កាត់គោកចក ហើយបានទៅពេទ្យជាច្រើនកន្លែងកាលពីថ្មីៗ។

ដូច្នេះដោយក្លិបសូលទីឡូអង្គរ និងអង្គរថាយហ្គឺរ គឺជាក្រុមធ្វើជាម្ចាស់ផ្ទះនៃការប្រកួតខាងលើ CNCC បានធ្វើការជាមួយក្លិបទាំងពីរ ដើម្បីប្រមូលព័ត៌មាន និងសម្រង់ឈ្មោះដាក់ក្នុងបញ្ជី បើមានបុគ្គលណាជាប់ពាក់ព័ន្ធ និងរាយការណ៍ជាបន្ទាន់នូវស្ថានភាពមន្ដ្រីក្រុម កីឡាករ ការគ្រប់គ្រងក្លិប ការស្នាក់នៅ និងការធ្វើដំណើរកន្លងរហូតដល់ពេលនេះ ហើយការប្រកួតទាំង ២គូត្រូវពន្យារពេលសិន ខណៈកាលបរិច្ឆេទប្រកួតថ្មីនឹងជូនដំណឹងតាមក្រោយ។

នេះគឺជាប្រកួតទី៤ និងទី៥ ក្នុងសប្ដាហ៍ទី៣ ដែលត្រូវបាន CNCC ប្រកាសលើកពេល បន្ទាប់ពីជំនួបរវាងក្រុមភ្នំពេញក្រោន ជាមួយខេត្តព្រៃវែង និងក្រុមនគរបាលជាតិ ជាមួយក្រុមណាហ្គាវើលដ៏ ហើយ ២ប្រកូតនេះ ក៏មិនទាន់កំណត់កាលបរិច្ឆេទប្រកួតថ្មីដែរ។ រីឯ ១ប្រកួតទៀត គឺជំនួបរវាងក្រុមវិសាខា និងក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបាន CNCC ប្រកាសលើកពេលមុនគេ ទៅប្រកួតថ្ងៃទី៥ ខែឧសភាពវិញ ព្រោះបុគ្គលិក និងកីឡាករវិសាខាត្រូវធ្វើតេស្ដសំណាកលើកទី២ បន្ទាប់ពីធ្វើចត្ដាឡីស័ក ១៤ថ្ងៃ។

គួរដឹងថា ដោយសារបញ្ហាកូវីដ-១៩ ពិសេសព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈបានធ្វើឲ្យលីគកំពូលកម្ពុជា ដែលមានបេក្ខភាពប្រកួតប្រជែងចំនួន ១៣ក្លិបឆ្នាំនេះ ចាប់ផ្ដើមការប្រកួតដោយរអាក់រអួល ដ្បិតការប្រកួតជាច្រើនត្រូវលើកពេល ជាក់ស្ដែងក្នុងចំណោម ៣សប្ដាហ៍ នាដើមរដូវកាលថ្មីនេះ មានតែសប្ដាហ៍ទី១ ប៉ុណ្ណោះ ដែលមានការប្រកួត ៦ប្រកួតពេញ ខណៈសប្ដាហ៍ទី២ និងសប្ដាហ៍ទី៣ នៅសល់ត្រឹម ១ប្រកួតៗដូចគ្នា បន្ទាប់ពី CNCC បានប្រកាសលើកពេល ដោយសារការរីករាលដាលជំងឺដ៏កាចសាហាវនេះ៕