(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ កម្ពុជា ខេមប្រ៊ូវ បានទទួលពានរង្វាន់ជា ក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនជាច្រើនផ្សេងទៀតថាជា កន្លែងធ្វើការងារដ៏ល្អបំផុតនៅអាស៊ី សម្រាប់ឆ្នាំ២០២០ ដែលបានប្រគល់ដោយស្ថាប័នធនធានមនុស្សប្រចាំតំបន់អាស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុនស្រាបៀរ កម្ពុជា ខេមប្រ៊ូវ។

ស្ថាប័នធនធានមនុស្សប្រចាំតំបន់អាស៊ី គឺជាស្ថាប័នមួយ ដែលទទួលស្គាល់ច្រើនបំផុតពីអ្នកជំនាញផ្នែកធនធានមនុស្សកំរិតខ្ពស់ ដែលមានអ្នកចូលរួមជាជំនាញការផ្នែកធនធានមនុស្សកំរិតកំពូល ចំនួនជាង ៦០០០០ នាក់ ពីគ្រប់ទីកន្លែងក្នុងតំបន់អាស៊ីអាគ្នេយ៍។

នៅក្នុងប្រទេសកម្ពុជា មានក្រុមហ៊ុនចំនួន ៥៣ ដែលបានដាក់ពាក្យស្នើសុំយកពានរង្វាន់នេះ ក៏ប៉ុន្តែមានតែក្រុមហ៊ុន ១៨ប៉ុណ្ណោះ ត្រូវបានជ្រើសរើសថាជា កន្លែងធ្វើការងារល្អបំផុតនៅអាស៊ី ដោយរួមបញ្ចូលទាំង ក្រុមហ៊ុនស្រាបៀរ កម្ពុជា ខេមប្រ៊ូវ ផងដែរ។

ចំពោះពានរង្វាន់ កន្លែងធ្វើការងារល្អបំផុតក្នុងតំបន់អាស៊ី បានទទួលស្គាល់និយោជក ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើតអោយមានកន្លែងធ្វើការងារដ៏អស្ចារ្យ និង ក៏បានលើកកម្ពស់ការចូលរួមរបស់និយោជិកអោយបានកាន់តែច្រើនឡើង។ ក្រុមហ៊ុនទាំងអស់ត្រូវបានធ្វើការវាយតំលៃដោយអនាមិក តាមរយៈប្រព័ន្ធវាយតំលៃនៃការចូលរួមសរុប ដែលបានពីការសាកសួទៅកាន់បុគ្គលិកគ្រប់កំរិតចំនួន ៣០នាក់។

សេចក្តីប្រកាសព័ត៌មានបញ្ជាល់ថា «វាពិតជាមានកិត្តិយសជាទីបំផុត ដែលក្រុមហ៊ុនយើងត្រូវបានទទួលស្គាល់ថា ជាកន្លែងធ្វើការងារល្អបំផុតនៅអាស៊ី ហើយយើងទាំងអស់គ្នាក៏មានមោទតភាពជាខ្លាំង ដែលបានក្លាយជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុហ៊ុនដទៃផ្សេងទៀត ដែលត្រូវបានជ្រើសរើស។ ការទទួលពានរង្វាន់នេះ គឺមិនមែនសម្រាប់តែផ្នែកធនធានមនុស្ស ឬ ថ្នាក់ដឹកនាំ តែប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់បុគ្គលិកទាំងអស់ ដែលបានធ្វើអោយក្រុមហ៊ុនខេមប្រ៊ូវ ក្លាយជាកន្លែងធ្វើការងារល្អបំផុត»

ក្រុមហ៊ុនស្រាបៀរ កម្ពុជា ខេមប្រ៊ូវ បញ្ជាក់ថា ពានរង្វាន់នេះ នឹងជួយជំរុញទឹកចិត្តបន្ថែមទៀតដល់យើងទាំងអស់គ្នា ដើម្បីបន្តមហិច្ចតារបស់យើងអោយទទួលបាននូវគុណតម្លៃ និង ផ្តល់នូវបរិយាកាសការងារល្អបំផុតដល់បុគ្គលិកទាំងអស់ ដើម្បីនាំមកនូវ ការរីកចំរើន សេចក្តីរីករាយ គ្រប់ពេលវេលា និង គ្រប់ទីកន្លែង ទាំងនៅថ្ងៃនេះ ក៏ដូចជានៅថ្ងៃស្អែក សម្រាប់អតិថិជនរបស់យើង៕