(ភ្នំពេញ)៖ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន លីហួរ ហ្រ្គុប និងបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានបើកសាខាថ្មីជាផ្លូវការ ស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលបានចំណាយពេលប្រមាណជាង៥ខែ ក្នុងការរចនាអគារនេះឡើង។

អគារសា្នក់ការសាខា៧មករាថ្មីនេះ គឺស្ថិតនៅលើអគារលេខ ២១៩ កែងផ្លូវ ១២៨ & ១៦៩ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាធនាគារពាណិជ្ជមួយក្នុងចំណោមធនាគារ ដែលមានការវិវត្តន៍លឿនបំផុតនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានបើកបម្រើសេវាកម្មហិរញ្ញវត្ថុជូនអតិថិជន បន្ទាប់ពីទទួលបានអជ្ញាប័ណ្ណពីធនាគារជាតិកាលពីខែមីនា ឆ្នាំ២០២០។

បើទោះបីជាទទួលរងនូវផលប៉ះពាល់ជាសកលពីជំងឺកូវីដ១៩យ៉ាងណាក្តី ក៏ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នៅតែបន្តរីកចម្រើនទៅមុខស្រប ទៅតាមតម្រូវរបស់ប្រជាពលរដ្ឋ ទាំងនៅក្នុងតំបន់ទីប្រជុំជន និងជនបទ ដែលមានចំណូលទាប និងមធ្យម។

សូមបញ្ជាក់ថា គិតមកត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២១ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក បានផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា មានចំនួនជាង ១,៥០០ កន្លែង គ្រប់ដណ្តប់២៥ខេត្ត/ក្រុងរាជធានី តាមរយៈសាខាទាំង៤៥។

លើសពីនេះ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក នឹងខិតខំស្វែងរកប្រភពទុន ក្រៅស្រុក និងក្នុងស្រុកដើម្បីផ្តល់សេវាកម្មផ្នែកហិរញ្ញវត្ថុល្អបំផុត ដើម្បីទាក់ទាញការវិនិយោគយូរអង្វែង ពីក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ប្រទេសជប៉ុន ដើម្បីលើកកម្ពស់វិស័យសេដ្ឋកិច្ច និងស្ថិរភាពនយោបាយសម្រាប់ ព្រះរាជាណាចក្រកម្ពុជា ។

លោកស្រី ជា វណ្ណចាន់បូផា ប្រធានសាខា៧មករា ដែលលោកស្រីមានបទពិសោធន៍ជាង១៧ឆ្នាំនៅលើការងា ជាពិសេសលើវិស័យធនាគារពាណិជ្ជ ក្នុងការដឹកនាំប្រតិបត្តិការសាខា សេវាកម្មធនាគារឈានមុខ ការវាយតំលៃឥណទានគ្រប់ប្រភេទ និងបណ្តុះបណ្តាធនធានមនុស្សផងដែរ។ លោកស្រីបានបន្ថែមទៀតថា សាខា៧មករាត្រៀមខ្លួន បម្រើសធារណជន ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុផ្សេងៗ។

ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក គឺជាវិនិយោគទុនរួមគ្នារវាងក្រុមហ៊ុន អេស ប៊ី អាយ ហូលឌីង និង អ្នកឧកញ៉ា លី ហូរ។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ទទួលបានអាជ្ញាប័ណ្ណស្របច្បាប់ពីធនាគារជាតិនៃកម្ពុជាកាលខែមីនាឆ្នាំ២០២០។ ធនាគារ អេស ប៊ី អាយ លី ហួរ ម.ក ប្រតិបត្តិការអាជីវកម្មទូទាំង២៥ខេត្ត/រាជធានីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយបុគ្គលិកជាង១,៥០០នាក់៕

លោកស្រី ជា វណ្ណចាន់បូផា ប្រធានសាខា៧មករា