(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស ស្រីផល ហៅសួស វីហ្សា បានបញ្ជាក់ថា ខ្លួនមានវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣។

banner

អ្នកនាង សួស វីហ្សា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅមុននេះបន្តិចថា អ្នកនាងបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣។ នាងបានបញ្ជាក់ថា កន្លងមកខ្លួនធ្លាប់បានទៅថតបទចម្រៀងនៅក្នុងស្ទូឌីយូជាមួយតារាចម្រៀង ណុប បាយ៉ារិទ្ធ និងតារាចម្រៀង សុគន្ធ នីសា កាលពីថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២១ ធ្វើឲ្យនាងគិតថា នាងបានឆ្លងតាំងពីថ្ងៃនោះមក។

សួស វីហ្សា បានបន្ថែមថា នៅពេលនេះ រថយន្តពេទ្យបានទៅដឹកនាងដល់ផ្ទះដែលមានអាសយដ្ឋាននៅក្នុងបុរីជីបម៉ុង ខណ្ឌឫស្សីកែវ ដើម្បីយកទៅព្យាបាលនៅសណ្ឋាគារ Great Duke។ នាងថា ខ្លួនបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៧៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៩៦៧នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៧៨១នាក់ និងស្លាប់ចំនួន ៤នាក់។

គួរជម្រាបថា អ្នកនាង សួស វីហ្សា បានទៅពិនិត្យសំណាកដើម្បីរកជំងឺកូវីដ-១៩ លើកទី១ នៅថ្ងៃទី០៩ ខែមីនា និងលើកទី២ នៅថ្ងៃទី១៧ ខែមីនា ដោយលទ្ធផលបង្ហាញថា សុទ្ធតែអវិជ្ជមាន ប៉ុន្ដែលុះដល់ការធ្វើតេស្ដលើកទី៣នេះ ស្រាប់តែលទ្ធផលផ្លូវការរបស់ក្រសួងសុខាភិបាល បង្ហាញថា អ្នកនាងមានវិជ្ជមានជំងឺកូវីដ-១៩តែម្ដង៕