(ម៉ាឌ្រីដ)៖ គិតត្រឹមជំនួប Atletico Madrid បានយកឈ្នះក្រុមភ្ញៀវ Deportivo Alaves ១-០ ដោយខ្សែប្រយុទ្ធឆ្នើម Luis Suarez បានកើនគ្រាប់ស៊ុតបញ្ចូលទីចំនួន ៥០០គ្រាប់ហើយក្នុងអាជីពជាកីឡាករបាល់ទាត់សម័យថ្មីនេះ ដែលបានបង្ហាញខ្លួនក្នុងសប្តាហ៍ទី២៨ ជើងទី២ របស់ក្រុមកំពូលតារាងលីគអេស្ប៉ាញ La Liga រដូវកាលនេះ មាន ៦៦ពិន្ទុបណ្តោះអាសន្ននៃការឈានទៅរកតំណែងជើងឯក។

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ Suarez រកបានគ្រាប់ស៊ុត ១គ្រាប់ជ័យជម្នះនៅនាទី៥៤ ពីការបញ្ជូនបាល់របស់មិត្តរួមក្រុម Kieran Trippier នៅតង់ទី២ ធ្វើឲ្យរូបគេបង្កើតកំណត់ត្រាថ្មី រកបាន ៥០០គ្រាប់ក្នុងអាជីពចាប់តាំងពីឆ្នាំ២០០៥ ផ្តើមអាជីពជាមួយក្រុម Nacional ដោយរកបាន ១២គ្រាប់នៃលីគក្នុងស្រុក។

បច្ចុប្បន្ន Suarez រកបាន ១៩គ្រាប់បណ្តោះអាសន្ននៃលីគ La Liga រដូវកាលនេះ ខណៈបុរសវ័យ ៣៤ឆ្នាំរូបនេះ ជាអតីតខ្សែប្រយុទ្ធរកបាន ១៩៨គ្រាប់ឲ្យក្រុម FC Barcelona គ្រាដែលរកបាន ១១១គ្រាប់ជាមួយក្រុម Ajax មុនពេលធ្វើបាន ៨២គ្រាប់ជាមួយក្រុមហង្សក្រហម Liverpool។ ដោយឡែក Suarez ស៊ុតបាន ៦៣គ្រាប់ច្រើនជាងគេឲ្យក្រុមជម្រើសជាតិអ៊ុយរូហ្គាយទៀតផង៕