(ក្រុងឡុងដ៍)៖ អ្នកគាំទ្រប្រមាណ ២ម៉ឹននាក់ក្នុងប្រកួត នឹងត្រូវបានអនុញ្ញាតឲ្យទស្សនាផ្ទាល់ក្នុងកីឡដ្ឋាននៃព្រឹត្តិការណ៍ពានរង្វាន់លំដាប់ទី២ អង់គ្លេស FA Cup ចាប់ពីក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៅពេលដែល តោខៀវ Chelsea ប៉ះ Manchester City និង Leicester City ត្រូវជួប Southampton។

ចំនួនអ្នកទស្សនាខាងលើនេះ គឺជាការធ្វើតេស្តសាកល្បងឲ្យមានអ្នកគាំទ្រវិលចូលទីលានប្រកួតវិញជាបណ្តើរៗ មុនពេលយុទ្ធនាការផ្សេងៗនឹងមានគម្រោងធ្វើបែបនេះដូចគ្នា។

ជំនួបវគ្គ ៤ក្រុមចុងក្រោយនឺងចាប់ផ្តើមប្រកួតនៅទឹកដីកណ្តាលនៃកីឡដ្ឋានជាតិ Wembley ចាប់ពីថ្ងៃទី១៧ និងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ មុនពេលវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅទីនេះដូចគ្នានារាត្រីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១។

ក្រុមតោខៀវ Chelsea ដែលស្ថិតក្រោមការដឹកនាំរបស់លោក Thomas Tuchel មិនទាន់ចាញ់ការប្រកួតណាមួយនោះ គឺជាអតីតក្រុមរងជើងឯកកាលពីរដូវកាលមុន ដ្បិតពួកគេបានចាញ់កាំភ្លើងធំ Arsenal នៅវគ្គផ្តាច់ព្រ័ត្រក្នុងលទ្ធផល ២-១៕