(ភ្នំពេញ)៖ ខណៈដែលអ្នកសិល្បៈមួយចំនួនកំពុងតែថ្ងួចថ្ងូរ រឿងប្រាក់ចំណូល ដោយសារតែការជះឥទ្ធិពលនៃជំងឺកូវីដ-១៩ ធ្វើ ឲ្យពួកគាត់បាត់ប្រាក់ចំណូលនោះ ស្រាប់តែប្រភពគួរឲ្យទុកចិត្តមួយ ទម្លាយឲ្យដឹងថា កញ្ញាតន់ ចន្ទសីម៉ា ដែលជាគ្រាប់ពេជ្រ របស់ផលិតកម្ម Galaxy Navatra កំពុងតែសំងំឱបយកស្ពតធំៗ តម្លៃរាប់សែនដុល្លារ។

ប្រភពខាងលើបានទម្លាយឲ្យដឹងថា តន់ ចន្ទសីម៉ា បានក្លាយទូតសុឆន្ទៈជាច្រើនក្រុមហ៊ុន ដូចជាក្រុមហ៊ុនរថយន្ត, ក្រុមហ៊ុន ផលិតផលគ្រឿងសំអាង, ក្រុមហ៊ុនស្រាបៀរ ភេសជ្ជៈប៉ូវកំលាំង, ក្រុមហ៊ុនអេឡិចត្រូនិច និងមានក្រុមហ៊ុនជាច្រើនកំពុងចរចា។

ប្រភពដដែល បានទម្លាយឲ្យដឹងបន្ថែមទៀតថា គ្រាន់តែកាន់ប្រេនឲ្យក្រុមហ៊ុនមួយ ដែលទើបតែចុះកុងត្រានោះ តារាចម្រៀង ស្រីរូបនេះទទួលបានប្រមាណជាមួយសែនដុល្លាឡើងទៅហើយ ដែលនាំឲ្យមានការវាយតម្លៃថា ប្រសិនបើមិនរងផលប៉ះពាល់ ដោយសារតែជំងឺកូវីដ-១៩ទេនោះ តន់ ចន្ទសីម៉ា គឺច្បាស់ជាគ្មានពេលសម្រាកឡើយ ត្បិតអីក្រុមហ៊ុនធំៗ ដែលមករកស៊ីនៅស្រុកខ្មែរជាច្រើន មួយណាក៏ចង់បាននាងធ្វើជាទូតសុឆន្ទៈឲ្យផលិតផលរបស់ពួកគេដែរ។

ជុំវិញការលើកឡើងខាងលើ លោក យឹម តាស្រង់ អ្នកគ្រប់គ្រងទូទៅរបស់ផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា តម្លៃដែល តន់ ចន្ទសីម៉ា ទទួលការងារជាប្រេនអាបាស់សឺដ ក្រុមហ៊ុនខាងលើគឺពិតប្រាកដហើយ។ លោកបន្ថែមថា បច្ចុប្បន្នខាង ផលិតកម្មកំពុងពិចារណាលើក្រុមហ៊ុនធំៗជាច្រើនទៀត ដែលមានបំណងចង់បាននាងហើយអូខេទៅលើក្រុមហ៊ុនទាំងនោះ ក្នុង ពេលឆាប់ៗនេះ។

គួរជម្រាបថា កញ្ញា តន់ ចន្ទសីម៉ា បន្ទាប់ពីបានចូលជ្រកក្នុងផលិតកម្ម Galaxy Navatra និងបានបញ្ចេញបទចម្រៀងល្បីៗ បង្ករឲ្យផ្ទុះការចាប់អារម្មណ៍ជាបន្តបន្ទាប់មក កេរ្តិ៍ឈ្មោះនិងភាពល្បីល្បាញរបស់នាង បានស្ទុះឡើងពីមួយថ្ងៃទៅមួយថ្ងៃ ខណៈបច្ចុប្បន្ន តារាស្រីដួងនេះត្រូវបានគេចាត់ទុកថាជា គ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ទៅហើយ៕