(ភ្នំពេញ)៖ បន្ទាប់ពីរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅពេលនេះ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង សួស វីហ្សា បានថ្លែងផ្តាំផ្ញើដល់អ្នកផ្ទះឲ្យជួយមើលថែកូនតូចរបស់នាងផង។ ជាពិសេស នាងបានផ្តាំផ្ញើដល់បងប្អូនខ្មែរទាំងអស់កុំមើលស្រាលជំងឺកូវីដ-១៩ ឲ្យសោះ ខណៈនាងត្រូវបានរកឃើញថាមានជំងឺដ៏កាចសាហាវនេះ ក្នុងលទ្ធផលធ្វើតេស្តលើកទី៣។

តារាចម្រៀង សួស វីហ្សា បានបញ្ចេញវីដេអូមួយ ក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាងនៅមុននេះបន្តិច បញ្ជាក់ទៅកាន់អ្នកគាំទ្រពីករណីវិជ្ជមានកូវីដ-១៩របស់នាង គឺជាការពិត ខណៈបច្ចុប្បន្ននាងត្រូវបានក្រុមគ្រូពេទ្យដឹកទៅដល់កន្លែងព្យាបាលហើយ។

សួស វីហ្សា បាននិយាយទាំងទឹកភ្នែកថា «អីឡូវខ្ញុំសូមជម្រាបប្រាប់បងប្អូនថា ព័ត៌មានហ្នឹងងគឺពិត ខ្ញុំកំពុងតែស្ថិតនៅលើឡានពេទ្យ អីឡូវគេជូនខ្ញុំមកដល់កន្លែងសម្រាកព្យាបាលហើយ នៅអតីតសណ្ឋាគារអ៊ីនធើខនចា៎! ហើយកុំមើលស្រាលជំងឺនេះ ខ្ញុំចង់ផ្តាំផ្ញើទៅអ្នកទាំងអស់គ្នាថា កុំមើលស្រាលជំងឺហ្នឹង ព្រោះថាខ្ញុំតេស្តលើកទី៣បានឃើញ ខ្ញុំតេស្ត៣ដងបានឃើញ ជំងឺនេះវាមិនធម្មតាទេ ប្រយ័ត្នប្រយែងទាំងអស់គ្នា»

តារាចម្រៀងរូបនេះបាននិយាយបន្តទាំងទឹកភ្នែកថា «ហើយផ្តាំទៅអ្នកផ្ទះខ្ញុំមើលថែកូនស្រីខ្ញុំផង មើលថែកូនតូចខ្ញុំផង អរគុណ»

គួរជម្រាបថា អ្នកនាង សួស វីហ្សា បានទៅពិនិត្យសំណាកដើម្បីរកជំងឺកូវីដ-១៩ លើកទី១ នៅថ្ងៃទី០៩ ខែមីនា និងលើកទី២ នៅថ្ងៃទី១៧ ខែមីនា ដោយលទ្ធផលបង្ហាញថា សុទ្ធតែអវិជ្ជមាន ប៉ុន្ដែលុះដល់ការធ្វើតេស្ដលើកទី៣ ដែលចេញលទ្ធផលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បង្ហាញថា អ្នកនាងមានវិជ្ជមានជំងឺកូវីដ-១៩តែម្ដង ខណៈបច្ចុប្បន្នកំពុងសម្រាក់ព្យាបាលជំងឺកូវីដ-១៩ នៅសណ្ឋាគារ Great Duke៕

@freshnews.tv

សួស វីហ្សា បង្ហូរទឹកភ្នែក ផ្តាំផ្ញើដល់គ្រួសារ ឲ្យជួយមើលថែកូនតូចរបស់ខ្លួន និងសូមឲ្យបងប្អូនខ្មែរ កុំមើលស្រាលជំងឺកូវីដ-១៩

♬ original sound - FRESH NEWS