(ភ្នំពេញ)៖ ការដ្ឋានសាងសង់មជ្ឈមណ្ឌលកម្សាន្តចម្រុះដ៏ធំ និងល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជា បានចាប់ផ្តើមជាផ្លូវការហើយ។ ការងារកសាងមជ្ឈមណ្ឌលណាហ្គា ៣ ឥឡូវនេះ កំពុងដំណើរការយ៉ាងរលូន បន្ទាប់ពីវាត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីរយៈពេលពីរឆ្នាំមុន។

នៅក្នុងខែមករា ក្រុមកម្មករបានចាប់ផ្តើមបុកគ្រឹះសម្រាប់គម្រោងដ៏ធំមួយនេះ។ ផ្អែកលើការគម្រោងរចនា លក្ខណៈពិសេសរបស់ណាហ្គា ៣ នឹងជាប៉មសណ្ឋាគារកម្ពស់ ៧៥ជាន់។

ក្រុមអ្នកអភិវឌ្ឍគម្រោងនេះ បានថ្លែងឲ្យដឹងថា៖ «គម្រោងនេះនឹងក្លាយជាអាគារខ្ពស់ជាងគេនៅកម្ពុជា នៅពេលបញ្ចប់ការសាងសង់»។ គម្រោងមានទំហំ គិតជាទឹកប្រាក់ចំនួន ៣.៥ពាន់លានដុល្លារ ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ ក៏នឹងរួមបញ្ចូលទាំងប្លុកអគារសណ្ឋាគារកម្ពស់ ៥២ ជាន់ ចំនួនពីរផងដែរ។

នៅក្នុងបរិវេណនោះនឹងមានប្លុកវេទិកាពហុមុខងារចំនួន ១៧ ជាន់ (ផលិតផលរចនាបថជីវិត សួនឧទ្យានបច្ចេកវិទ្យាខ្ពស់ ការកម្សាន្ត បន្ទប់ប្រជុំ ការលើកទឹកចិត្ត មជ្ឈមណ្ឌលសន្និសីទ និងកន្លែងតាំងពិព័រណ៍នានា (MICE) ជាដើម)។ ជាមួយគ្នានេះដែរ ក៏មានជាន់ក្រោមដីចំនូនសម្រាប់ចំណតរថយន្ត និងសេវាគាំទ្រផ្សេងៗទៀតផងដែរ។

ណាហ្គា ៣ នឹងបន្ថែមបន្ទប់សណ្ឋាគារ និងបន្ទប់ប្រណីតជិត ៣.០០០ ទៅលើមជ្ឈមណ្ឌលណាហ្គាវើលដ៍ ដែលមានស្រាប់ផងដែរ។ ផ្ទៃដីសរុប សម្រាប់គម្រោងបានឈានដល់ ៥០០ ០០០ ម៉ែត្រការ៉េ។

អ្នកអភិវឌ្ឍន៍ អ្នកម៉ៅការ និងអ្នករចនា សម្រាប់គម្រោងនេះនឹងសាងសង់វាស្របតាមស្តង់ដារអន្តរជាតិ។ ការរចនា កំពុងត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអន្ដរជាតិ ដែលទទួលបានពានរង្វាន់ចំនួនពីរ គឺក្រុមហ៊ុន Steelman & Partners និង ក្រុមហ៊ុន Skidmore, Ownings & Merrill LLP (SOM) ។

សេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Som បានឲ្យដឹងថា៖ «ណាហ្គា ៣ នឹងក្លាយជាទីតាំងសម្គាល់ដែលលិចធ្លោរបំផុតសម្រាប់រាជធានីភ្នំពេញនាពេលអនាគត។ ជាមួយនឹងចំណុចខ្ពស់បំផុតនៃប៉មប៉ែកខាងជើង អាចឲ្យឃើញនូវទិដ្ឋភាពដែលគ្មានគូប្រៀបនៃរាជធានីភ្នំពេញ និងតំបន់ជុំវិញនេះ»

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Jacobs Engineering គឺជាអ្នកដែលទទួលបាននូវតួនាទីចាត់ចែងការងារស៉ីវិល និងសំណង់។ ក្រុមហ៊ុនដែលមានទីស្នាក់ការកណ្តាល នៅសហរដ្ឋអាមេរិកនេះ ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកវិស្វកម្មធំជាងគេបំផុត នៅលើពិភពលោកដែលមាននិយោជិកចំនួន ៥៥ ០០០ នាក់ ការិយាល័យ ៤០០ នាក់នៅក្នុងប្រទេសជាង ៤០ ជាមួយប្រាក់ចំណូលប្រចាំឆ្នាំ ចំនួន ១៣ ពាន់លានដុល្លារ។

ក្រុមហ៊ុន CCAG Asia Co Ltd ត្រូវបានជ្រើសរើសជាអ្នកម៉ៅការចម្បង។ ក្រុមហ៊ុនផ្សេងទៀតដែលកំពុងដើរតួយ៉ាងសំខាន់នៅក្នុងគម្រោងរួមមាន KWA Consult Sdn Bhd (ទីប្រឹក្សាមេកានិកនិងអគ្គិសនី) ក្រុមហ៊ុន ELP Quantity Surveyors Sdn Bhd (ទីប្រឹក្សា QS) និងក្រុមហ៊ុន Steelman Partners LLP (រចនាផ្ទៃខាងក្នុង)។ ក្រុមហ៊ុន Steelman Partners LLP មានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដែលបានរចនាកាស៉ីណូ និងរមណីយដ្ឋានសមហរណជាច្រើននៅជុំវិញពិភពលោក ក៏បានចូលរួមជាមួយគម្រោងណាហ្គា ១ និងណាហ្គា ២ ផងដែរ។

ក្រុមហ៊ុន MCC International Co Ltd ត្រូវបានចុះបញ្ជីជាអ្នកម៉ៅការគ្រឹះ ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនជំនាញផ្នែកគ្រឹះ គឺ ក្រុមហ៊ុន Econpile Berhad. MCC International ដែលជាក្រុមហ៊ុនមួយក្នុងចំណោមបណ្តាក្រុមហ៊ុន Global Fortune 500 ដែលស្ថិតក្នុងចំណោមក្រុមហ៊ុនសំណង់ ដែលគ្រប់គ្រងដោយរដ្ឋធំជាងគេរបស់ប្រទេសចិន។ ក្រុមហ៊ុនត្រូវបានចុះបញ្ជីជាសាធារណៈ នៅក្រុងសៀង ហុងកុង ខណៈក្រុមហ៊ុន Econpile Berhad គឺជាក្រុមហ៊ុនចុះបញ្ជីសាធារណៈរបស់ប្រទេសម៉ាឡេស៉ី។

យោងតាមក្រុមហ៊ុនណាហ្គាខប អ្នកម៉ៅការគ្រឹះឯកទេសត្រូវបានជ្រើសរើសក្នុងចំណោមបណ្តាក្រុមហ៊ុន ដែលចូលរួមដេញថ្លៃអន្តរជាតិចំនួន ១៤ ជាមួយនឹងការវាយតម្លៃយ៉ាងហ្មត់ចត់ និងទូលំទូលាយអំពីសមត្ថភាពបច្ចេកទេស បទពិសោធន៍ ភាពគ្រប់គ្រាន់នៃគ្រឿងម៉ាស៉ីនសំណង់គ្រឹះ និងធនធានភូមិសាស្ត្រ រួមទាំងបទពិសោធន៍សាងសង់ពីលើចុះក្រោម។

គម្រោងនេះមានការពិចារណាលើការរចនាចម្បងចំនួន ៦ ។ ទាំងនេះគឺជា ការសិក្សាទៅលើរណ្តៅគ្រឹះដីសរុបចំនួន ៣៦ នៅក្នុងឆ្នាំ ២០១៩ បានបញ្ចប់ការបុកសសរគ្រឹះសាកល្បងបឋមចំនួន ២ នៅឆ្នាំ ២០២០ សុខមាលភាព និងសុវត្ថិភាពនៅជុំវិញអគារ និង កម្រិតតារាងទឹកខ្ពស់ មិនមានការរំលោភចូលដីឡូតិ៍នៅជាប់នឹងគម្រោង និងសុវត្ថិភាព និងគុណភាពនៃការដ្ឋានសំណង់។ ក្រុមហ៊ុនណាហ្គាខប ដែលជាអ្នកអភិវឌ្ឍគម្រោង នឹងមិនទុកឱ្យមានចន្លោះប្រហោងជាមួយនឹងវិធីសាស្ត្ររចនាប្រកបដោយប្រសិទ្ធភាពខ្ពស់ និងទំនើបបំផុត។

យោងតាមក្រុមហ៊ុនបានឱ្យដឹងថា ប្រាក់រាប់លានដុល្លារនឹងត្រូវចំណាយសម្រាប់ការងារកែលំអដី នៅក្នុងផ្លូវខាងលិចចម្ងាយ ៦ ម៉ែត្រជាប់នឹងអាគារដែលមានស្រាប់ ដោយប្រើវិធីសាស្ត្រលាយដីជ្រៅដើម្បីពង្រឹងស្រទាប់ខាងលើដែលមានស្រាប់ដើម្បីកាត់បន្ថយហានិភ័យនៃការស្រុតដី។ ជញ្ជាំងដ្យាក្រាម ដែលមានកម្រាស់ពី ៨០០ មីលីម៉ែត្រ ទៅ ១ ០០០ មីលីម៉ែត្រ លាសន្ធឹងរហូតដល់ជម្រៅ ៤៤ ម៉ែត្រ ជាមួយនឹងការដាក់ចូលទៅក្នុងស្រទាប់ថ្ម នឹងត្រូវបានបង្កើតឡើងដើម្បីធានាបាននូវស្ថេរភាពនៃកម្រិតតារាងទឹកក្រោមដី កាត់បន្ថយហានិភ័យនៃការតាំងទីលំនៅ ក៏ដូចជាកាត់បន្ថយការបញ្ជូនរំញ័រទៅអាគារដែលនៅជាប់គ្នា។

ជញ្ជាំងទម្រជាច្រើនដែលមានទំហំ ៨០០ មីលីម៉ែត្រគុណនឹង ៨,៨០០ មីលីម៉ែត្រនីមួយៗនឹងត្រូវបានសាងសង់ដើម្បីការពារជញ្ជាំងដ្យាក្រាម ក្នុងពេលធ្វើកំណាយ។ គម្រោងនេះ ក៏នឹងដាក់បញ្ចូលនូវវិធីសាស្រ្តសាងសង់ពីលើចុះក្រោម ដើម្បីកាត់បន្ថយការរលារឱ្យដល់កម្រិតអប្បរមារបស់រជញ្ជាំងដ្យាក្រាម និងកាត់បន្ថយហានិភ័យនៃស្រុតដី។

ឧបករណ៍រំញ័រប្រេកង់ខ្ពស់ដែលមានថាមពលត្រូវបានប្រើ ដើម្បីកាត់បន្ថយសំលេងរំខាន និងរំញ័រនៃសំណង់ហើយឧបករណ៍ជាច្រើនត្រូវបានដំឡើង នៅតាមការដ្ឋានសំណង់នានាសម្រាប់ការត្រួតពិនិត្យជាបន្តបន្ទាប់នៃការស្រុតដី កម្រិតតារាងទឹក រំញ័រ និងសំលេងរំខាន។ គេបានកត់សម្គាល់ថា កញ្ចប់គ្រឹះនេះស្ថិតក្នុងចំណោមការងារគ្រឹះធំបំផុត និងស្មុគស្មាញបំផុតដែលមិនធ្លាប់មាននៅប្រទេសកម្ពុជា ដោយសារតែការជីកទៅក្នុងជម្រៅ នៅទីតាំងដ៏កក់កុញដែលស្ថិតនៅក្នុងបេះដូងនៃរាជធានីភ្នំពេញ និង ភាពស្មុគស្មាញទាក់ទងមឹងសសរគ្រឹះដ៏ធំ ជញ្ជាំងដ្យាក្រាមក្រាស់ៗ ជាដើម។

មាឌដី ដែលត្រូវបានជីកសរុបសម្រាប់គម្រោងនេះ មានលើសពី ៣០០ ០០០ ម៉ែត្រគីប។ ការស្ថាបនាគ្រឹះ នឹងត្រូវបានបញ្ចប់ជាដំណាក់កាល (១៨-៣០ ខែ) ដែលអនុញ្ញាតឱ្យការសាងសង់រចនាសម្ព័ន្ធទំនើបចាប់ផ្តើមនៅឆមាសទី ២ ឆ្នាំ ២០២២ ។

លោក Tan Sri Dr Chen Lip Keong ជាមហាសេដ្ឋីនិងស្ថាបនិកក្រុមហ៊ុនណាហ្គាខប នឹងរ៉ាប់រង ៥០ ភាគរយនៃទឹកប្រាក់ចំនួន ៣,៥ ពាន់លានដុល្លារដើម្បីអភិវឌ្ឍ ណាហ្គា ៣ ។ នៅសល់ ៥០ ភាគរយទៀតនឹងមកពីជម្រើសមូលនិធិខាងក្នុង និងខាងក្រៅរបស់ណាហ្គាវើលដ៍។

យីហោសណ្ឋាគារលំដាប់កំពូលពីរ នៅលើពិភពលោក គឺ JW Marriott និង Grand Hyatt ត្រូវបានជ្រើសរើសដើម្បីគ្រប់គ្រងប៉មមួយចំនួន។ ក្រុមហ៊ុន Moody's Investors Service Inc និង S&P Global Ratings Inc ដែលជាភ្នាក់ងារវាយតម្លៃឈានមុខគេពីរនៅលើពិភពលោក បានយល់ព្រមគាំទ្រគម្រោងនេះរួចហើយ។

ណាហ្គាខបដែលជាម្ចាស់កម្មសិទ្ធិណាហ្គា ១ និងណាហ្គា ២ បានដើរឈានមុខគេក្នុងការលើកស្ទួយមុខមាត់អន្តរជាតិរបស់ប្រទេសកម្ពុជាបង្កើតការងារជាច្រើន និងបានចូលរួមចំណែកយ៉ាងច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងវិស័យទេសចរណ៍ក្នុងតំបន់។ នៅឆ្នាំ ២០១៩ ណាហ្គាខបបានចូលរួមចំណែកប្រហែល ២៧ ភាគរយនៃកំណើនទេសចរណ៍ក្នុងស្រុកនិងប្រមាណ ១,២ ភាគរយនៃផលិតផលក្នុងស្រុកនៅកម្ពុជា បើយោងតាមតួលេខដែលចេញផ្សាយដោយវិទ្យាស្ថានជាតិស្ថិតិកម្ពុជា៕