(ភ្នំពេញ)៖ ក្លិបបាល់ទាត់វិសាខា បានប្រកាសលទ្ធផលស្ដីពីការធ្វើតេស្ដសំណាកលើកទី២ របស់បុគ្គលិក និងកីឡាករខ្លួនហើយ នៅល្ងាចថ្ងៃទី២២ ខែមីនានេះ ដោយលទ្ធផល គឺអវិជ្ជមានទាំងអស់ចំនួន ១៦៦នាក់។ ការធ្វើតេស្ដសំណាកលើកទី២ បន្ទាប់ពីពួកគេបានធ្វើចត្ដាឡីស័ករយៈពេល ១៤ថ្ងៃតាមគោលការណ៍របស់ក្រសួងសុខាភិបាល។

ក្រុមជើងឯកពានសម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ នេះ បានបញ្ជាក់ថា «ជាលទ្ធផលផ្ដល់ដោយមន្ទីរពិសោធន៍ នៃក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា ការធ្វើតេស្ដសំណាកលើកទី២ គឺអវិជ្ជមានទាំងអស់ចំនួន ១៦៦នាក់ ដែលមានន័យថា ក្រោយធ្វើតេស្ដសំណាកចំនួន ២លើក និងការធ្វើចត្ដាឡីស័ករយៈពេល ១៤ថ្ងៃ ថ្នាក់ដឹកនាំ បុគ្គលិក គ្រូបង្វឹក និងកីឡាករទាំងអស់របស់យើង គឺមិនមានករណីឆ្លងជំងឺដ៏កាចសាហាវនេះឡើយ»។

ទន្ទឹមជាមួយគ្នា ក្លិបវិសាខា បានថ្លែងអំណរគុណ ចំពោះស្មារតីចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធ ដែលបានចូលរួមធ្វើតេស្ដសំណាកលើកទី១ លើកទី២ និងការធ្វើចត្ដាឡីស័ករយៈពេល ១៤ថ្ងៃកន្លងមក ។ លើសពីនេះ ក្លិបបានអំពាវនាវឲ្យបុគ្គលិក កីឡាករ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ បន្ដអនុវត្តវិធានការផ្សេងៗ របស់ក្រសួងសុខាភិបាល ពិសេសវិធានការ ៣ការពារ និង ៣កុំ ដើម្បីចូលរួមទប់ស្កាត់ និងកាត់ផ្ដាច់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងមនុស្សជាទីស្រលាញ់ផងដែរ។

សូមរំឮកថា បុគ្គល និងកីឡាករវិសាខាទាំងអស់ ត្រូវបានធ្វើតេស្ដសំណាក និងធ្វើចត្ដាឡីស័កភ្លាមៗ ក្រោយមានព័ត៌មានអ្នកវិជ្ជមានកូវីដ-១៩ ធ្លាប់ទៅកីឡដ្ឋានព្រីនស៍ ពោលគឺក្រោយជំនួបបើករដូវកាលថ្មី ជាមួយក្រុមភ្ញៀវកងយោធពលខេមរភូមិន្ទ ដែលបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ កាលពីថ្ងៃទី០៧-មីនា។ អំឡុងពេល នៃការធ្វើចត្ដាឡីស័កនេះដែរ វិសាខា បានស្នើលើកការប្រកួត ២ប្រកួតជាប់គ្នា រួមមានជួបក្រុមនគរបាលជាតិ បានលើកទៅប្រកួតនាថ្ងៃទី២០-មេសា និងជួបក្រុមព្រះខ័នរាជស្វាយរៀង បានលើកទៅប្រកួតនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១៕