(ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស សុខ ស្រីនាង បានបញ្ជាក់ថា លទ្ធផលធ្វើតេស្តសំណាករកជំងឺកូវីដ១៩របស់នាង គឺអវិជ្ជមាន តែយ៉ាងណានាងនៅបន្តតាមដានសុខភាពបន្តទៀត ខណៈបច្ចុប្បន្ននាងមានស្ថានភាពសុខភាពធម្មតា។ ទន្ទឹមគ្នានឹងការជូនដំណឹងនេះទៅកាន់អ្នកគាំទ្រ តារាស្រីរូបនេះក៏បានផ្តាំផ្ញើទៅកាន់បងប្អូនខ្មែរផងដែរ ឲ្យថែរក្សាសុខភាព ក្នុងស្ថានភាពកូវីដ-១៩នេះ។

តារាច្រៀងរាងខ្ពស់ស្រឡះ សុខ ស្រីនាង បានសរសេរសារតាមបណ្តាញសង្គមផ្លូវការរបស់ខ្លួននៅមុននេះបន្តិចថា «ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នា។ ស្ថិតក្នុងស្ថានការណ៍មួយនេះនៃការឆ្លងពីជំងឺ Covid-19។ សូមឲ្យពុកម៉ែបងប្អូនទាំងអស់គ្នាថែសុខភាព និងការពារឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំ របស់ក្រសួងសុខាលភិបាល »៣កុំ ៣ការពារ»។

សុខ ស្រីនាង បានបន្តថា «នាងខ្ញុំបានធ្វើតេស្តលើកទី២ និងទទួលបានលទ្ធផលនៃការធ្វើតេស្តលើកទី២ រួចរាល់ គឺ (អវិជ្ជមាន- Negative) ហើយនាងខ្ញុំនៅតែការពារយ៉ាងខ្ជាប់ខ្ជួន និងតាមដានសុខភាពបន្តដូចគ្នា (រហូតមកដល់ពេលនេះសុខភាពនាងខ្ញុំល្អធម្មតាទេ)។ នាងខ្ញុំក៏សូមអគុណចំពោះពុកម៉ែបងប្អូននិងអ្នកគាំទ្រ ដែលបានសួរសុខទុក្ខនាងខ្ញុំរហូតមកដល់ពេលនេះ ហើយក៏សូមអធ្យាស្រ័យសម្រាប់ការមិនបានឆ្លើយតបសារបានទាំងអស់»។

ម្ចាស់បទ «ភ្លឺឡើងបាត់ស្នេហ៍» រូបនេះ បានបន្ថែមថា «ជាថ្មីម្តងទៀតនាងខ្ញុំក៏សូមជូនពរឲ្យបងប្អូនសិល្បករក៏ដូចជាបងប្អូនទាំងអស់គ្នា ដែលកំពុងសម្រាកព្យាបាលសូមឲ្យឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវមួយនេះ នាងខ្ញុំនៅតែសូមផ្តល់ជាកម្លាំងចិត្តពីចម្ងាយ។ ពីនាងខ្ញុំ សុខស្រីនាង»។

គួរជម្រាបថា រហូតមកទល់ពេលនេះអ្នកសិល្បៈជាច្រើនបានប្រកាសថា ខ្លួនបានរកឃើញវិជ្ជមានកូវីដ១៩ ក្នុងនោះរួមមានអ្នកដឹកនាំសម្តែង លោក ទីតូ, ពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ នីសា, លោក Eco Vak Song (សុង វណ្ណា) ដែលជាផលិតករ និងជាអ្នកដឹកនាំម្នាក់របស់ហង្សមាស, លោក វ៉ែន វណ្ណា (លី ស៉ីនហួន) អ្នកនិពន្ធនិងដឹកនាំថតចម្រៀង, តារាកំប្លែង សេង ចិន្តា (ស្រីអ៉ីត), លោក ចាន មករា អតីតអ្នកដឹកនាំសម្តែង, ក្រុមរាំរបស់ អ្នកនាងសុគន្ធ នីសា, លោក សាន សុវណ្ណឌីន គ្រូភ្លេងនៅហង្សមាស, តារាចម្រៀងបញ្ញា សិទ្ធ, អ្នកនិពន្ធនៅហង្សមាស លោក ម៉ម មិថុនា, តារាចម្រៀងហង្សមាស ធែល ថៃ និងតារាចម្រៀងហង្សមាស សួស វីហ្សា៕