(ចិនបុរាណ)៖ ប្រទេសចិនសម័យបុរាណចាប់ពីគ្រិស្តសករាជ ២២០-២៨០ ត្រូវបានបែងចែកជានគរធំៗចំនួនបី រួមមាន នគរឆាវវ៉ី (Cao Wie) នគរស៊ូហាន (Shun Han) និងនគរតុងអ៊ូ (Dong Wu) ដែលនគរទាំងបីនេះបានធ្វើសង្គ្រាមច្បាំងគ្នាទៅវិញទៅមកអស់កាល ៦០ ឆ្នាំ ព្រោះតែបុព្វហេតុធំតែមួយគត់ គឺដើម្បីបង្រួបបង្រួមទឹកដី។

លុះដល់គ្រិស្តសករាជ ២៨០ ទើបនគរទាំងបីនេះមានការឯកភាពជាតិ និងបង្រួបបង្រួមទឹកដីឡើងវិញ ក្រោមស្នាព្រះហស្តរបស់ព្រះមហាក្សត្រនៃរាជវង្សជីង (Jin Dynasty) ដែលចេញពីត្រកូល ស៉ឺម៉ា ដ៏ខ្លាំងមហិមា។

ព្រះបឋមក្សត្រនៃរាជវង្សជីងនេះ មានព្រះបរមនាមសម្រាប់រាជ្យថា ព្រះអធិរាជអ៊ូ (Emperor Wu) ឈ្មោះដើមរបស់ព្រះអង្គហៅថា ស៉ឺម៉ា យាន (Sima Yan)។

ស៉ីម៉ា យាន ត្រូវបានប្រសូត្រឡើងនាគ្រិស្តសករាជ ២៣៦ នៅក្រុងឆាងអាន (Chang-An) ដែលកាលណោះនៅជារាជធានីរបស់នគរវ៉ី។ ព្រះអង្គមានឈ្មោះហៅក្រៅថា អ័នស៉ឺ (Anshi) ដែលត្រូវជាកូនប្រុសរបស់ ស៉ឺម៉ា ចាវ (Sima Zhao) ហើយត្រូវជាចៅរបស់ ស៉ឺម៉ា អ៉ី (Sima Yi)។ សូមបញ្ជាក់ថា ស៉ីម៉ា ចាវ ជាកូនប្រុសទីពីររបស់ ស៉ីម៉ា អ៉ី ចំណែក ស៉ឺម៉ា អ៉ី បានស្លាប់នៅគ្រិស្តសករាជ ២៥១ ក្នុងវ័យ ៧៣ ឆ្នាំ ដោយជរាពាធនៅទីក្រុងឡកយ៉ាង (Luoyang)។

ក្រោយពី ស៉ឺម៉ា អ៉ី ដែលជាជីតាស្លាប់រយៈពេល ១៤ ឆ្នាំ ពោលគឺនៅគ្រិស្តសករាជ ២៦៥ ស៉ឺម៉ា យាន ដែលជាចៅរបស់ ស៉ឺម៉ា អ៉ី បានដឹកនាំការធ្វើរាជ្យប្រហារទម្លាក់ស្ដេច ឆាវ ហ័ន (Cao Huan) នៃនគរវ៉ី (នគររបស់ត្រកូលឆាវ) ។ ការដណ្ដើមរាជ្យបល្ល័ង្កពីស្ដេចនគរវ៉ីនេះត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់ ក្រោមការចាត់ចែងរបស់ឪពុករបស់ព្រះអង្គ។ រាជវង្សត្រកូលឆាវ តែងតែព្យាយាមប្រើអំណាចកៀបសង្កត់មកលើគ្រួសារត្រកូល ស៉ឺម៉ា ជារឿយៗដែលជាហេតុនាំឱ្យមានការឈឺចាប់និងរើបម្រាស់ ឈានដល់ការដណ្ដើមអំណាចតែម្ដង។

បន្ទាប់ពីដណ្ដើមអំណាចពីរាជវង្សត្រកូលឆាវបានហើយ ស៉ឺម៉ា យាន ក៏បានឡើងគ្រងរាជ្យសម្បត្តិនៅក្រុងឡកយ៉ាង ហើយបានប្រកាសបង្កើតមហាជីង (Jin) នៅគ្រិស្តសករាជ ២៦៥។

ទឹកដីចិននាសម័យនោះមិនទាន់មានការឯកភាពនៅឡើយទេ ទើបនៅគ្រិស្តសករាជ ២៨០ ព្រះអធិរាជ ស៉ឺម៉ា យាន បានលើកទ័ពចូលវាយយកនគរអ៊ូនៅភាគខាងកើត ក្នុងព្រះរាជបំណងបង្រួបបង្រួមទឹកដីទាំងអស់ឡើងវិញ ដែលបានបែកខ្ញែកតាំងពីគ្រិស្តសករាជ ២២០ នោះមក។

ជ័យជម្នះលើនគរអ៊ូនេះហើយ បានធ្វើឱ្យប្រវត្តិសាស្ត្រចិនសម័យសាមកុកត្រូវបានបិទបញ្ចប់ជាស្ថាពរ ហើយទឹកដីចិនបុរាណទាំងមូលក៏បានស្គាល់នូវការឯកភាពជាតិឡើងវិញ ក្រោមស្នាព្រះហស្ដរបស់ព្រះអធិរាជអ៊ូជីងដ៏អង់អាចក្លាហាន។

ព្រះអធិរាជ ស៉ឺម៉ា យាន បានសោយទិវង្គតនាថ្ងៃទី១៦ ខែមីនា គ្រិស្តសករាជ ២៩០ ក្នុងព្រះរាជវាំងក្រុងឡកយ៉ាង ក្នុងព្រះជន្មាយុ ៥៤ ព្រះវស្សា ហើយព្រះរាជបុត្ររបស់ព្រះអង្គក៏បានឡើងសោយរាជ្យបន្តនៅក្រុងឡកយ៉ាងដដែល ដែលមានព្រះបរមនាមថា ព្រះអធិរាជវួយ (Hui)។

* អំពីមហាជីង (Jin Dynasty)
នៅប្រទេសចិនបុរាណមានរាជវង្សជីងច្រើនជំនាន់ ប៉ុន្តែរាជវង្សជីងនាសម័យនោះត្រូវបានគេចាត់ទុកថាជា «នគរជីងទី២»។ រាជវង្សជីងនេះមានអាយុកាលដល់ទៅ ១៥៥ ឆ្នាំ គឺចាប់ពីគ្រិស្តសករាជ ២៦៥-៤២០។

ឥស្សរជនសំខាន់ៗដែលចូលរួមជ្រោមជ្រែងមុនការបង្កើតរាជវង្សជីងនេះឡើង រួមមាន៖
* ស៉ឺម៉ា អ៉ី (Sihma Yi) ត្រូវជាជីតារបស់ ស៉ឺម៉ា យាន
* ស៉ឺម៉ា ស៉ឺ (Sihma Shi) ត្រូវជាអ៊ំប្រុសរបស់ ស៉ឺម៉ា យាន
* ស៉ឺម៉ា ចាវ (Sihma Zhao) ត្រូវឪពុករបស់ ស៉ឺម៉ា យាន
* ស៉ឺម៉ា យាន ((Sihma Yan) ខ្លួនឯង។

នគរជីងខាងលើនេះមានការផ្លាស់ប្ដូររាជធានីដល់ទៅបីលើកឯណោះ គឺក្នុងពេលព្រះអធិរាជ ស៉ឺម៉ា យាន ឡើងសោយរាជ្យដំបូង ព្រះអង្គបានតាំងរាជធានីនៅក្រុងឡកយ៉ាង ហើយក្រុងឡកយ៉ាងក៏នៅតែរាជធានីរបស់មហាជិនរហូតដល់គ្រិស្តសករាជ ៣១១។

លុះដល់គ្រិស្តសករាជ ៣១២ ព្រះមហាក្សត្រនៃរាជវង្សជីងបានប្ដូរទៅរាជធានីទៅកាន់ក្រុងឆាងអានវិញ ហើយបន្តរហូតដល់គ្រិស្តសករាជ ៣១៦ ប៉ុន្តែនៅគ្រិស្តសករាជ ៣១៧ ព្រះមហាក្សត្រក្រោយៗក៏បានប្ដូររាជធានីទៅកាន់ក្រុងជានខាង (Jiankang) វិញ ដែលជាអតីតរាជធានីរបស់នគរអ៊ូរបស់ ស៊ុន ឈាន (Sun Qian)៕