(ភ្នំពេញ)៖ «លែងមានម៉ែហៅ» ជាចម្រៀងមួយបទរបស់តារាចម្រៀង វី ឌីណែត មានអត្ថន័យកម្សត់ រៀបរាប់ពីការបាត់បង់អ្នកម្តាយជាទីស្រឡាញ់ ដែលបានលាចាកលោកនេះទៅ ដោយសារជំងឺកាចសាហាវកូវីដ-១៩ ហើយនាងបានបញ្ចេញបទនេះឡើង គឺ ដើម្បីឧទ្ទិសទៅកាន់អ្នកម្តាយរបស់នាង។

«លែងមានម៉ែហៅ» ដែលត្រូវបានបញ្ចេញនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ ត្រូវបានគេដឹងថាជាលំនាំបទ «ខ្សល់កំពូលភ្នំ» ជាចម្រៀងដែលអ្នកម្តាយរបស់តារាស្រី វី ឌីណែត ចូលចិត្តស្តាប់បំផុត ពេលដែលអ្នកម្ដាយនៅមានជីវិត។ ហេតុនេះ បានជំរុញទឹកចិត្តនាង ឲ្យបកស្រាយបទនេះឡើង ដើម្បីឧទ្ទិសជូនអ្នកម្តាយ ដែលទើបនឹងទទួលមរណភាពថ្មីៗនេះ ដោយសារជំងឺកូវីដ-១៩។

ភ្ជាប់ជាមួយនឹងវីដេអូចម្រៀង កញ្ញា វី ឌីណែត បានសរសេរសារយ៉ាងដូច្នេះថា «នាងខ្ញុំ វី ឌីណែត សូមឧទ្ទិសកុសលបទនេះជូនអ្នកម្តាយដែលបានចាកឆ្ងាយលែងត្រឡប់ដោយជំងឺកូវីដ-១៩ និងសូមផ្ញើជូនសិល្បករសិល្បការិនី និងបងប្អូនដែលបានឆ្លងជំងឺកូវីដ-១៩ ទាំងអស់។ ម៉ាក់ថា ចូលចិត្តលំនាំបទនេះខ្លាំងណាស់។ ម៉ាក់ចូលចិត្តស្ដាប់ខ្ញុំច្រៀងបទខ្យល់កំពូលភ្នំណាស់»

តារាចម្រៀង វី ឌីណែត បានបន្តថា «ក៏សូមអរគុណដល់បង ហេង ឡុង និងលោក ហុឹម សុភា (នភា) ដែលបានជួយរៀបចំសម្រាប់បទចម្រៀងដ៏ពិសេសមួយនេះ។ ជូនពរឲ្យបងទាំងពីរជួបប្រទះតែសេចក្ដីសុខ មានសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច។ បទ លែងមានម៉ែហៅ, ផលិតដោយ លោក ហេង ឡុង, និពន្ធទំនុកច្រៀងដោយលោក ហ៊ឹម សុភា (នភា), ច្រៀងដោយ វីឌីណែត, លំនាំបទ(មរតកដើម)៖ ខ្យល់កំពូលភ្នំបច្ចេកទេសសំលេង និង វិដេអូ៖ ប៊ូ វណ្ណមុនីរ័ក្ស, Studio: Home of Music។ សូមមេត្តាអនុវត្តន៍នូវវិធានសុខាភិបាល, ៣កុំ ៣ការពារ»

គួរជម្រាបថា អ្នកស្រី ងូន សុផាន្នី ភរិយារបស់តារាចម្រៀង ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត មានអាយុ៦២ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩ នៅវេលាថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ បន្ទាប់ពីរកឃើញថាបានឆ្លងកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១៕

ការទទួលមរណភាពរបស់ អ្នកស្រី ងូន សុផាន្នី បានធ្វើឲ្យមហាជនជាច្រើន ចូលរួមរំលែកទុក្ខ និងសម្តែងក្តី អាណិតអាសូរជាពន់ពេក ដល់ក្រុមគ្រួសារលោក ហួរ ឡាវី និងកញ្ញា វី ឌីណែត ត្បិតមិនអាចជួបជុំគ្នាបាន ដេីម្បីរៀបចំពិធីបុណ្យសពឲ្យលោកស្រី ងួន សុផាន្នី ដែលស្លាប់ដោយសារកូវីដ-១៩។ ជាមួយគ្នានេះ កូនស្រីពៅ គឺកញ្ញា វី លីដា ក៏បានត្រឹមសរសេរសំបុត្រផ្ញើតាមគ្រូពេទ្យ ជូនទៅម្ដាយ ទាំងម្ដាយមិនបានអានទាល់តែសោះ ហើយកញ្ញា វី ឌីណែត បានត្រឹមចូលរួមពីធីបុណ្យសពម្តាយតាមប្រព័ន្ធអនឡាញ៕