(ប្រុចសែល)៖ ខ្សែប្រយុទ្ធមកពីក្លិប Inter Milan, Romelu Lukaku ត្រូវបានកោះហៅចូលជម្រើសជាតិប៊ែលហ្សិកដដែល ដើម្បីលេងវគ្គជម្រុះ FIFA World Cup 2022 ចុងខែនេះ បន្ទាប់ពីរូបគេតេស្តអវិជ្ជមាននៃជំងឺ Covid-19 ឡើងវិញ។

Lukaku ស្ថិតក្នុងចំណោមកីឡាករទាំង ៤នាក់របស់ Inter Milan ដែលបានឆ្លងរោគខាងលើនេះ ដែលបានធ្វើឲ្យការប្រកួតទល់នឹង Sassuolo នៅ Serie A ត្រូវបានពន្យារពេលផងដែរ នៅពេលកីឡាករចាំទី Samir Handanovic ក៏បានតេស្តវិជ្ជមានដូចគ្នា។

តែយ៉ាងណា Romelu Lukaku ដែលឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងតារាងគ្រាប់ស៊ុតនៅ Serie A រដូវកាលនេះ បន្ទាប់ពី Cristiano Ronaldo របស់ Juventus ក៏ត្រឡប់មកអវិជ្ជមានវិញក្នុងការធ្វើតេស្តកាលពីថ្ងៃចន្ទម្សិលមិញ ចំពេលសហព័ន្ធអ៉ីតាលីអនុញ្ញាតឲ្យកីឡាករបរទេសនានាទៅចូលរួមជាមួយជម្រើសជាតិរៀងៗខ្លួនលេងក្នុងវគ្គជម្រុះ World Cup 2022។

ប៊ែលហ្សិកដែលស្ថិតក្រោមការបង្វឹករបស់លោក Roberto Martinez នឹងលេង ៣ប្រកួតបើកឆាកប្រចាំពូលនៃវគ្គជម្រុះ World Cup 2022 ប្រចាំតំបន់អឺរ៉ុប ដោយត្រូវប៉ះវ៉េលនៅរាត្រីថ្ងៃពុធ មុនបន្តជួបសាធារណរដ្ឋឆេក នៅថ្ងៃរាត្រីថ្ងៃសៅរ៍ និងប៊ែលឡារុស នៅថ្ងៃអង្គារសប្តាហ៍ក្រោយ ដោយអវត្តមានកីឡាករខ្សែបម្រើ Eden Hazard និង Axel Witsel ដោយសារបញ្ហារបួស៕