(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាចិន ByteDance ត្រូវបានគេរាយការណ៍មកថា បានឈានដល់កិច្ចព្រមព្រៀងទិញក្រុមហ៊ុនផលិតវីដេអូហ្គេម Moonton Technology ក្នុងតម្លៃ ៤ពាន់លានដុល្លារអាមេរិក ដើម្បីបោះជំហានចូលទីផ្សារហ្គេមនាពេលអនាគត។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា មេធំរបស់ Tiktok មួយនេះ បានយល់ព្រមទិញក្រុមហ៊ុនផលិតហ្គេមរបស់សិង្ហបុរី Moonton Technology ក្នុងលក្ខណៈព្រមព្រៀង ៤ពាន់លានដុល្លារ ហើយបើតាមប្រភពជិតស្និទ្ធបានឲ្យដឹងថា ក្រុមហ៊ុន ByteDance អាចនឹងដើរតាមលំនាំរបស់ក្រុមហ៊ុន Tencent ដែលជាក្រុមហ៊ុនផលិតហ្គេមដ៏ធំរបស់ចិន។

ប្រភពជិតស្និទ្ធបានបង្ហើបឲ្យដឹងថា លោក Yuan Jing ដែលជាអតីតបុគ្គលិករបស់ក្រុមហ៊ុន Tencent និងបច្ចេកវិទ្យាជានាយកប្រតិបត្តិក្រុមហ៊ុន Moonton Technology បាននិយាយថា ក្រោយពីការទិញ ក្រុមហ៊ុន Moonton Technology នឹងត្រូវចែកជាពីរ ប៉ុន្តែមិនបានបញ្ជាក់លម្អិតឡើង៕