(ដកម៉ាន់)៖ ក្លិបបាល់ទាត់ Borussia Monchengladbach ដែលលេងក្នុងលីគ Bundesliga របស់អាល្លឺម៉ង់បានកំពុងពិចារណាផ្តល់តួនាទីគ្រូបង្វឹកទៅឲ្យ Xabi Alonso ដែលបានកំពុងដឹកនាំក្រុម Real Sociedad B នៅប្រទេសអេស្ប៉ាញ ដើម្បីជំនួសកៅអីគ្រូបង្វឹកបច្ចុប្បន្ន Marco Rose ដែលលាឈប់នៅពេលបិទរដូវកាលនេះ។

បុរសវ័យ ៣៩ឆ្នាំ Alonso បានចូលនិវត្តន៍ពីបាល់ទាត់កាលពីឆ្នាំ២០១៧ ពីក្នុងក្លិបចុងក្រោយ Bayern Munich ដើម្បីបានមកកាន់តំណែងជាគ្រូបង្វឹកនៃក្រុម U13 របស់អតីតក្លិបចាស់ Real Madrid មុនផ្លាស់ចេញមកដឹកនាំ Real Sociedad B របស់ក្លិប Real Sociedad កាលឆ្នាំ២០១៩ ដល់បច្ចុប្បន្ន។

លោក Constantin Eckner អ្នកសរសេរព័ត៌មានកីឡា ១រូបរបស់សហព័ន្ធបាល់ទាត់អាល្លឹម៉ង់បានថ្លែងប្រាប់ BBC ថា Xabi Alonso ជាបេក្ខភាពមួយរូប ក្នុងចំណោម ៦រូបដែលនឹងត្រូវតែងតាំងឲ្យដឹកនាំ Gladbach រួមជាមួយបេក្ខភាពសំខាន់មានដូចជាលោក Erik ten Hag របស់ក្លិប Ajax និងអតីតខ្សែបម្រើហូឡង់ លោក Mark van Bommel។

Alonso ត្រូវបានគេចាត់ទុកជាបុគ្គលជោគជ័យ ១រូបកាលនៅជាកីឡាករ ដោយធ្លាប់ឈ្នះពាន FIFA World Cup 2010 បានម្តង បន្ថែមលើពានជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2008 និងឆ្នាំ២០១២ ជាមួយជម្រើសជាតិគោជល់អេស្ប៉ាញ និងឈ្នះពាន UEFA Champions League ជាមួយក្លិបហង្សក្រហម Liverpool និង Real Madrid ថែមទៀតផង៕