(អាមេរិក)៖ បុគ្គលិកជាន់ខ្ពស់ និងជាបុគ្គលដ៏សំខាន់មួយរូបរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google លោក Caesar Sengupta បានសម្រេចចិត្តលាឈប់ពីក្រុមហ៊ុន បន្ទាប់ពីបម្រើការងារអស់រយៈពេល ១៥ឆ្នាំ ហើយការឈប់របស់លោកនៅពេលនេះត្រូវបានបញ្ជាក់ ឱ្យដឹង ថា ឈប់ដោយហេតុផលផ្ទាល់ខ្លួន។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Sengupta បានប្រកាស ថា ថ្ងៃចុងក្រោយរបស់លោកសម្រាប់ក្រុមហ៊ុន Google គឺ ៣០ខែមេសា ដូច្នេះមានន័យថា លោកនឹងឈប់ពី Google នៅចុងខែមេសា។ បុគ្គលិកជាន់ខ្ពស់ដែលនៅពីក្រោយនៃភាពជោគជ័យរបស់ Google រូបនេះ បានបញ្ជាក់ឱ្យដឹងទៀតថា លោកនឹងបង្កើតជំនួញថ្មីផ្ទាល់ខ្លួន ហើយលោកក៏សប្បាយចិត្តផងដែរ ដែលបានបម្រើការងារនៅក្នុងក្រុមហ៊ុន Google។

លោក Sengupta ត្រូវបានគេដឹងថា ជាបុគ្គលម្នាក់ដែលនៅពីក្រោយ Google Pay , ChromeOS និង Next Billion Users ខណៈដែល បច្ចុប្បន្នលោកមានតួនាទីជាអនុប្រធាន និងអ្នកគ្រប់គ្រងទូទៅគម្រោង Next Billion Users និងគម្រោងធំៗជាច្រើនទៀត និយាយរួមគឺជា បុគ្គលដែលមានជំនាញ និងបទពិសោធន៍។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បានថ្លែងថា លោក Sengupta ពិតជាបានលាឈប់មែន ហើយយើង (Google) សប្បាយរីករាយ ដែល បានធ្វើការងារជាមួយគាត់។ គាត់លាឈប់ក្នុងហេតុផលផ្ទាល់ខ្លួន ហើយយើងជូនពរឱ្យ អាជីវកម្មផ្ទាល់ខ្លួនរបស់គាត់ជោគជ័យ បើទោះបីជា គាត់ មិនមានបទពិសោធន៍ក្នុងការធ្វើជំនួញក្ដី។

បើតាមការឱ្យដឹងពីលោក Sengupta គឺគាត់អាចនឹងបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាថ្មីមួយនៅលើទឹកដីសិង្ហបុរី ឬឥណ្ឌា សម្រាប់បម្រើផលប្រយោជន៍មនុស្សជាតិទាំងមូល៕