(កូរ៉េ)៖ នៅទីបំផុត ផលិតកម្មដ៏ធំមួយនៅកូរ៉េខាងត្បូង Big Hit Entertainment ដែលជាជម្រករបស់ក្រុម BTS បានបើកទំព័រក្នុងយុគសម័យថ្មីរបស់ខ្លួន ជាមួយឈ្មោះថ្មីគឺ «HYBE» និងបានផ្លាស់ទៅកាន់ការិយាល័យកណ្តាលថ្មីរបស់ខ្លួន នៅតំបន់ពាណិជ្ជកម្ម Yongsan ក្នុងថ្ងៃនេះ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។

លោក Bang Si Hyuk ស្ថាបនិក និងជានាយកប្រតិបត្តិផលិតកម្ម Big Hit បានប្រកាសនៅថ្ងៃទី១៩ ខែមីនា កន្លងទៅថ្មីៗនេះ ក្រុមហ៊ុនបានសម្រេចប្តូរឈ្មោះផលិតកម្មពី Big Hit ទៅជា «HYBE» ជាផ្លូវការហើយ ជាមួយនឹងយុទ្ធសាស្ត្រក៏ដូចជារចនាសម្ព័ន្ធថ្មី ក្នុងន័យបន្តអភិវឌ្ឍន៍ក្រុមហ៊ុនមួយនេះឲ្យកាន់តែជោគជ័យបន្ថែម។

ក្រោយប្រកាសប្តូរឈ្មោះថ្មីជាផ្លូវការ, នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ Big Hit បានផ្លាស់ទៅការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ដែលស្ថិតនៅតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម Yongsan-gu ក្នុងទីក្រុងសេអ៊ូល។ ការិយាល័យថ្មី ដែលស្ថិតក្រោមស្លាកសញ្ញា «HYBE» គឺមានកម្ពស់២៦ជាន់ ជាមួយផ្ទៃក្រឡា៦ម៉ឺនមែត្រការ៉េ និងអាចផ្ទុកបុគ្គលិកជាង១ពាន់នាក់។

អគារការិយាល័យ «HYBE» គឺបែកចែកជាផ្នែកធំៗចំនួន៣ ដូចជាកន្លែងសិល្បៈ, ការិយាល័យ, និងកន្លែងលំហែរកាយរបស់បុគ្គលិក (public welfar)។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនក៏មានគម្រោងធ្វើសារមន្ទីរមួយនៅជាន់ផ្ទាល់ដីផងដែរ ដើម្បីឲ្យបណ្តាអ្នកគាំទ្រនិងមហាជនអាចចូលទស្សនាកំសាន្ត។ អគារ «HYBE» ត្រូវបានចរនាឡើង ដោយផ្អែកតាមរចនាបថ «Hyper Nomad» ពោលគឺជាអាគារដែលរចនាឡើង ដើម្បីប្រសិទ្ធភាព ការពង្រីក និងសមត្ថភាព។

ផ្នែកខាងលើបង្អស់នៃអគារនេះ គឺជាសួរច្បារ, សាលប្រជុំ និងហាងកាហ្វេ ដែលត្រូវបានរចនាឡើង ដើម្បីបង្កើនទំនាក់ទំនង និងការពិភាក្សារគ្នាផ្សេងៗ សម្រាប់អ្នកធ្វើការនៅ «HYBE»។ សួនច្បារនោះ គឺមានឈ្មោះថា «Comb» ដែលមានដើមឈើលម្អជាង ២០០ដើម៕