(ឡុងដ៍)៖ ស្ថាបនិក និងនាយកប្រតិបត្តិបណ្ដាញសង្គម Twitter លោក Jack Dorsey បានលក់នូវ tweet (សារ) ដំបូងគេបំផុត របស់លោក ដែលបានបង្ហោះនៅលើលើ Twitter ក្នុងតម្លៃ ២.៩លានដុល្លារ ជាប្រភេទទ្រពសម្បត្តិ NFT (ទ្រព្បសម្បត្តិឌីជីថល ឬដែលភាគច្រើនស្គាល់ថា blockchain)។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Dorsey បានបង្ហោះសារដំបូង គេបំផុតនៅលើបណ្ដាញសង្គម Twitter ជាមួយនឹងពាក្យមួយឃ្លាថា «just setting up my twttr» នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០០៦ ដែល គិតមកដល់ម៉ោងនេះគឺមានរយៈពេល ១៥ឆ្នាំ។

សារមួយឃ្លាដែលលោកបានបង្ហោះនោះ ត្រូវបានលក់តាមរយៈការ «ដេញថ្លៃ» ដោយ ក្រុមហ៊ុនអាមេរិកមួយឈ្មោះថា Cent ដោយក្នុងនោះ អ្នកដែលដេញថ្លៃបានគឺមានឈ្មោះថា Sina Estavi រស់នៅក្នុងប្រទេសម៉ាឡេស៊ី និងនាយកប្រតិបត្តិក្រុមហ៊ុន blockchain ដែលមានឈ្មោះ ថា Bridge Oracle ហើយតម្លៃ ២.៩លានដុល្លារនេះ ចាត់ទុកថា ជាទំហំទឹកប្រាក់ NFT មួយដ៏ច្រើន ផងដែរ។

តាមការបញ្ជាក់ពីប្រភពខាងលើបានឱ្យដឹងថា លោក Dorsey នឹងទទួលបាន ចំណែក ៩៥ភាគរយពីការលក់នេះ ខណៈដែល ក្រុមហ៊ុន Cent នឹង ទទួលបាន ៥ភាគរយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០២១នេះ ការចរាចរណ៍លុយឌីជីថល បានចាប់ផ្ដើមពេញនិយមយ៉ាងខ្លាំង រហូតដល់លោក Elon Musk បាន ចំណាយលុយខ្ទង់ពាន់លានដុល្លារអាមេរិក ដើម្បីទិញលុយឌីជីថលទុកថែមទៀតផង៕