(ភ្នំពេញ)៖ សហព័ន្ធខ្មែរកីឡាទោចក្រយាន បានជំរុញកីឡាករ-កីឡាការិនីជម្រើសជាតិរបស់ខ្លួនឲ្យបង្កើនការហ្វឹកហាត់តាមផ្ទះ (ស្វ័យហ្វឹកហាត់) ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាមនាចុងឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់អគ្គលេខាធិការសហព័ន្ធលោក នូ ចំរើន ដ្បិតក្រុមជម្រើសជាតិពុំទាន់ប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នាបាននៅឡើយ ដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩។

លោក នូ ចំរើន បានបញ្ជាក់ថា «ការីករាលដាលនៃជំងឺកូវីដ-១៩ នាពេលបច្ចុប្បន្ននេះ ពិតជាប៉ះពាល់ខ្លាំងដល់ផែនការប្រមូលផ្តុំជម្រើសជាតិ ហើយការប៉ះពាល់នេះ យើងមើលឃើញមិនមែនតែសហព័ន្ធកីឡាទោចក្រយានទេ គ្រប់សហព័ន្ធជាតិទាំងអស់ ដែលត្រៀមប្រមូលផ្តុំក៏មានផលប៉ះពាល់ដែរ ខណៈការប្រកួតស៊ីហ្គេមកាន់តែកៀក ពោលគឺនៅខែវិច្ឆិកាចុងឆ្នាំនេះ ដែលយើងគិតទៅមានពេលមិនដល់ ៧ខែផងក្នុងការប្រមូលផ្តុំហ្វឹកហាត់»

ដោយហេតុនេះ សហព័ន្ធបានដាក់ចេញនូវផែនការហ្វឹកហាត់ប្រចាំថ្ងៃ ទោះបីការប្រមូលផ្ដុំមិនទាន់មានអំឡុងពេលវិបត្តិកូវីដ-១៩ ដោយសហព័ន្ធបានដាក់កាលវិភាគហ្វឹកហាត់តាមផ្ទះ ហើយតាមដានកីឡាករ-កីឡាការិនី និងត្រួតពិនិត្យពីកម្រិតសមិទ្ធផលបច្ចេកទេសហាត់ កម្លាំងកាយ កម្លាំងស៊ុស និងភាពអំណត់របស់ពួកគេ ធៀបនឹងថិរវេលាផ្សេងៗ ដោយប្រើប្រាស់ម៉ាស៊ីនវាស់ស្ទង់ត្រឹមត្រូវ។ លោក នូវ ចំរើន បន្ថែម។

អគ្គលេខាធិការខាងលើបានសង្កត់ធ្ងន់ថា «សហព័ន្ធបានជំរុញ និងលើកទឹកចិត្តកីឡាករ-កីឡាការិនីឲ្យខិតខំហ្វឹកហាត់ទ្វេរដង ទាំងម៉ោងហ្វឹកហាត់ពេលព្រឹក និងពេលថ្ងៃ ដោយយើងសង្កេតឃើញថា ពេលវេលាកាន់តែកៀកមែនទែនហើយសម្រាប់ការចូលរួមស៊ីហ្គេមឆ្នាំនេះ។ បើសម្លឹងមើលប្រទេសជិតខាងក្នុងតំបន់វិញ ខាងគេត្រៀមបានយ៉ាងល្អ ហេតុដូចនេះយើងមិនអាចដេកដួលតាមបរិបទនៃជំហឺនេះឡើយ»

យ៉ាងណាមិញក្នុងនាមសហព័ន្ធ លោកបានថ្លៃងអំណរគុណរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានផ្តល់វ៉ាក់សាំងដល់កីឡាករ-កីឡាការិនី ដើម្បីបង្ការជំងឺកូវីដ-១៩ និងត្រៀមខ្លួនសម្រាប់ការហ្វឹកហាត់ និងការចូលរួមប្រកួតលក្ខណៈអន្តរជាតិនានា នាពេលខាងមុខ ពិសេសការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាមចាប់ពីថ្ងៃទី២០-វិច្ឆិកា ដល់ថ្ងៃទី០៥-ធ្នូ ឆ្នាំ២០២១ និងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕