(ភ្នំពេញ)៖ គិតមកទល់នឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ គឺមានរយៈពេល១៥ថ្ងៃហើយ តារាចម្រៀងលំដាប់ប្រទេសអ្នកនាង ឱក សុគន្ធកញ្ញា និងក្រុមគ្រួសារបានដាក់ខ្លួនឲ្យនៅដាច់ដោយឡែក និងបន្តតាមដានសុខភាព ខណៈលទ្ធផលធ្វើតេស្តលើកទី២ របស់នាងនិងគ្រួសារបង្ហាញថា មិនមានជំងឺកូវីដ-១៩នោះទេ។
តារាចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហោះសារក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា «ថ្ងៃនេះជាថ្ងៃទី១៥ហើយ ដែលនាងខ្ញុំនិងគ្រួសារបានរក្សាខ្លួននៅដាច់ដោយឡែក និងថែទាំ តាមដានសុខភាព ជាពិសេសគឺហាត់ប្រាណ ហើយមួយវិញទៀត នាងខ្ញុំនិងគ្រួសារបានធ្វើតេស្តរកមេរោគ ជំងឺ COVID-19 ជាលើកទី២ រួចរាល់ហើយ លទ្ធផលគឺ អវិជ្ជមាន (Negative) តែទោះជាយ៉ាងណាក៏ដោយក៏គ្រួសារនាងខ្ញុំនៅតែបន្តស្នាក់នៅក្នុងផ្ទះបន្តទៀត។ សូមការពារខ្លួនយើង និងក្រុមគ្រួសារទាំងអស់គ្នា (៣ការពារ ៣កុំ)»។
គួរជម្រាបថា ការបន្តតាមដានសុខភាពក៏ដូចជាការដាក់ខ្លួនឲ្យនៅដោយឡែក ពីសំណាក់តារាចម្រៀងលំដាប់ប្រទេស ឱក សុគន្ធកញ្ញា នៅពេលនេះ គឺបន្ទាប់ពីមានសិល្បករ-សិល្បការិនី របស់ផលិតកម្មហង្សមាសមួយចំនួនបានរកឃើញថាមានវិជ្ជមានកូវីដ-១៩។ ជាក់ស្តែងដូចជា ពិធីការិនីផ្នែកកំសាន្តកែវ ចាន់និមល, តារាចម្រៀង ណុប បាយ៉ារិទ្ធ, តារាចម្រៀង សុគន្ធ និសា, លោក ធែល ថៃ និងអ្នកភ្លេងមួយចំនួនទៀត របស់ផលិតកម្មហង្សមាសជាដើម៕