(ភ្នំពេញ)៖ កញ្ញា ថន លក្ខិណា ដែលទស្សនិកជនតែងតែឃើញមុខ ក្នុងកម្មវិធីតន្ត្រីកំសាន្តមួយរបស់ហង្សមាស បានបញ្ជាក់ថា លទ្ធផលធ្វើតេសរកជំងឺកូវីដ-១៩ លើកទី២របស់នាង គឺបង្ហាញថា នាងមិនមានជំងឺដ៏កាចសាហាវនេះទេ តែយ៉ាងណានាងនៅបន្តតាមដានសុខភាពបន្តទៀត។
តាមរយៈបណ្តាញសង្គមផ្ទាល់ខ្លួន កញ្ញា ថត លក្ខិណា បានសរសេរសំណេរយ៉ាងដូច្នេះថា «ជម្រាបសួរពុកម៉ែបងប្អូន បន្ទាប់ពីនាងខ្ញុំធ្វើតេស្តលើកទី២ រួចហើយ លទ្ធផលដែលទទួលបានគឺ អវិជ្ជមាន (Negative) ប៉ុន្តែនាងខ្ញុំនៅតែបន្តតាមដានសុខភាព និងនៅដាច់ដោយឡែកពីគ្រួសារ»។
ពិធីការិនីរូបនេះ បានបន្តថា «សូមអរគុណដល់ពុកម៉ែបងប្អូន ដែលតែងតែព្រួយបារម្ភនិងជូនពរនាងខ្ញុំ។ កុំភ្លេចអនុវត្តន៍វិធានការដ៏មានប្រសិទ្ធិភាព ៣កុំនិង៣ការពារ។ សូមជូនពរឲ្យពុកម៉ែបងប្អូនជៀសផុតពីជម្ងឺ COVID-19»។
គួរជម្រាបថា រហូតមកទល់ពេលនេះអ្នកសិល្បៈជាច្រេីន បានប្រកាសថាខ្លួនបានរកឃើញវិជ្ជមានកូវីដ-១៩ ក្នុងនោះរួមមានអ្នកដឹកនាំសម្តែង លោក ទីតូ , ពិធីការិនី កែវ ចាន់និមល និងគ្រួសារ, លោក ណុប បាយ៉ារិទ្ធ, កញ្ញា វី ឌីណែត, តារាចម្រៀង អ្នកនាង សុគន្ធ នីសា, លោក Eco Vak Song (សុង វណ្ណា) ដែលជាផលិតករ និងជាអ្នកដឹកនាំម្នាក់របស់ហង្សមាស, លោក វ៉ែន វណ្ណា (លី ស៉ីនហួន) អ្នកនិពន្ធនិងដឹកនាំថតចម្រៀង, តារាកំប្លែង សេង ចិន្តា (ស្រីអ៉ីត), លោក ចាន មករា អតីតអ្នកដឹកនាំសម្តែង, ក្រុមរាំរបស់ អ្នកនាងសុគន្ធ នីសា, លោក សាន សុវណ្ណឌីន គ្រូភ្លេងនៅហង្សមាស, តារាចម្រៀងបញ្ញា សិទ្ធ, អ្នកនិពន្ធនៅហង្សមាស លោក ម៉ម មិថុនា, តារាចម្រៀងហង្សមាស ធែល ថៃ និងតារាចម្រៀងហង្សមាស សួស វីហ្សាជាដើម៕