(តូក្យូ)៖ អ្នកគាំទ្រជនជាតិជប៉ុននឹងធ្វើការ «ស្រែកអបអរសាទរឲ្យក្រុមអត្តពលិកទាំងអស់» នៅឯព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympics នេះបើយោងតាមគណៈកម្មការចេញសេចក្តីប្រកាសនៅថ្ងៃចន្ទ ទី២២ ខែមីនា បន្ទាប់ពីសម្រេចមិនឲ្យមានអ្នកទស្សនាក្រៅប្រទេស ចូលរួម ដោយសារបារម្ភពីការរីករាលដាលនៃជំងឺ COVID-19។
ការសម្រេចមិនឲ្យមានវត្តមាននៃអ្នកគាំទ្រក្រៅប្រទេសនេះចូលរួមក្នុងព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងនេះ ត្រូវបានប្រជុំសម្រេចចុងក្រោយកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយប្រធាន Olympic រួមទាំងរដ្ឋាភិបាលម្ចាស់ផ្ទះផងដែរ។
នាយកផ្នែកកីឡានៃព្រឹត្តិការណ៍ Tokyo Games ឆ្នាំ២០២០ អ្នកស្រី Mikako Kotani បានលើកឡើងថា អ្នកគាំទ្រជនជាតិជប៉ុននឹងដើរតួ ស្រុកផង និងជាអ្នកគាំទ្រឲ្យអត្តពលិកគ្រប់សញ្ជាតិទាំងអស់នៅអំឡុងខែកក្កដា និងសីហាខាងមុខ ក្នុងន័យចង់ឲ្យព្រឹត្តិការណ៍ Tokyo នេះ ក្លាយជា «ពិភពលោកតែមួយ» នៅក្នុងរដូវក្តៅនេះ។
លោកស្រីបានបន្ថែមថា «ខ្ញុំចង់ឲ្យមានភាពប្រាកដថា អត្តពលិកទាំងអស់មានអារម្មណ៍ថា មិនមានតែអ្នកគាំទ្រជនជាតិជប៉ុននៅក្នុងទីលានប្រកួតប៉ុណ្ណោះទេ»។
គួរបញ្ជាក់ថា ការហាមឃាត់នេះ នឹងធ្វើឲ្យព្រឹត្តិការណ៍ Tokyo Games នេះ គឺជាព្រឹត្តិការណ៍លើកទី១ហើយ ដែលប្រព្រឹត្តិឡើង ដោយគ្មានអ្នកទស្សនាមកពីក្រៅប្រទេស ជាមួយនឹងអ្នករៀបចំកម្មវិធីបានចាត់ទុកការសម្រេចចិត្តនេះថា ជាការខកចិត្តយ៉ាងខ្លាំង ប៉ុន្តែ «វាមិនអាចជៀសវាងបាន» ខណៈពួកគេបានព្យាយាមប្រារព្ធកម្មវិធីឲ្យមានសុវត្ថិភាពនៅអំឡុងពេលនៃការរីករាលដាលនេះ៕